CamNews

កីឡាជាតិ 

គ្រូ Lee ថា ល្បឿន គឺជាចំណុចខ្សោយ ដែលកម្ពុជាត្រូវកែតម្រូវមុន AFF Suzuki Cup 2016

(ភ្នំពេញ)៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ល្បឿនកីឡាករកម្ពុជា នៅលើទីលាននៅមានកម្រិត ដែល​ជា​ចំណុច​ខ្សោយ​ងាយ​នឹង​ទទួល​ការ​ដាក់​សម្ពាធពីគូភាគី ហេតុនេះពួកគេត្រូវព្យាយាមហាត់ឲ្យបាន​ខ្លាំង ដើម្បី​ត្រៀម​ការ​ប្រកួត​ផ្លូវ​ការ គឺ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup 2016 នៅ​លើ​ទឹក​ដី​កម្ពុជា​នា​ពាក់​កណ្ដាល​ខែ​តុលា​ខាង​មុខ​នេះ។

ការថ្លែងបែបនេះ គឺបន្ទាប់ពីក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិស្រីលង្កា នៅលើទឹកដីរបស់ខ្លួនដោយលទ្ធផល ៤-០ ក្នុង​ជំនួប​មិត្ត​ភាព​កាល​ពី​យប់​មិញ។ លោក​បន្ដ​ថា ការប្រកួតនេះ កីឡាករម្នាក់ៗ ពិតជាធ្វើការខ្លាំង ប៉ុន្ដែ​មិន​ទាន់​ដល់​ចំណុច​កំពូល​ លោក​ចង់​បាន​នោះ​ទេ ដោយ​សារ​ពួក​គេ​នៅមានចំណុចខ្សោយមួយ ដែលត្រូវកែតម្រូវជាចាំបាច់ គឺល្បឿន។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងខាងលើបានបញ្ជាក់ថា «ការប្រកួតនេះ កីឡាករកម្ពុជាពិតជាធ្វើការខ្លាំង រហូតទទួលបានជ័យជម្នះលើក្រុមស្រីលង្កា ប៉ុន្ដែ​មិន​មែន​ជា​ការ​ប្រកួត​ល្អ​បំផុត​របស់​កម្ពុជានោះទេ ពោលគឺទាមទារឲ្យកីឡាករម្នាក់ៗ ព្យាយាមហាត់បន្ថែមទៀត ដើម្បីត្រៀមឲ្យបានល្អ គឺការរក្សាតុល្យភាពជាក្រុមល្អ និងបំពេញចំណុចខ្សោយ គឺល្បឿន មុនការប្រកួត AFF Suzuki Cup 2016»

លោកបញ្ជាក់ថា ប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ក្រុមនីមួយៗ សុទ្ធតែមានមហិច្ឆតាចង់ឡើងទៅជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំតំបន់អាស៊ាននេះ​ដូច​គ្នា ហើយ​ពួក​គេ​ក៏​បាន​ដឹង​ពី​ចំណុច​ខ្សោយ​របស់កម្ពុជាដែរ ហេតុនេះលោកបានទទូចឲ្យកីឡាករម្នាក់ៗ ត្រូវការព្យាយាមហ្វឹកហាត់បន្ថែមនូវល្បឿនឲ្យបានល្អ ដើម្បីទប់ស្កាត់ការទទួលបានលទ្ធផលមិនល្អ នៅក្នុងការប្រកួតផ្លូវការនាចន្លោះថ្ងៃទី១៥-២១ ខែតុលាខាងមុខនេះ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង