បាងកក៖បើទោះបីជាមានការលើកឡើងពីក្រុម បក្សប្រឆាំងនៅក្នុងប្រទេសថៃ សុំឲ្យពន្យារ ពេលការបោះឆ្នោតយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលចាំផ្ទះរបស់លោកស្រី នាយករដ្ឋមន្រ្តី យ៉ីងឡាក់ នៅតែមានះកំណត់ឲ្យមានការបោះឆ្នោតតាមការគ្រោងទុក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ដដែល។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានឲ្យដឹងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៤ម្សិលមិញ ដោយដកស្រង់សំដីលោក ឧបនាយករដ្ឋមន្រ្តី ភុងថេប ថេបកាយ៉ាណា មកបញ្ជាក់ថា រដ្ឋាភិបាលចាំផ្ទះរបស់ថៃ បានសម្រេចយកថ្ងៃទី០២ ខែកុម្ភ ជាការបោះឆ្នោត។
លោក ភុងថេប បានបន្តទៀតថា រដ្ឋាភិបាលនឹងអាចទប់ទុលគ្រប់បញ្ហាកង្វល់ទាំងអស់ ទាក់ទងទៅនិងដំណើរការ បោះឆ្នោត ហើយថា ការពន្យារពេលវាមិនមែនជាដំណោះស្រាយនោះទេ។ ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី រូបនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត បន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋាភិបាលចាំផ្ទះ លោកស្រី យ៉ីងឡាក់ និង សមាជិកគណៈកម្មការបោះឆ្នោត។
លោក ស៊ុមឆៃ ស្រ៊ីស៊ូធីយ៉ាកន សមាជិកគណៈកម្មការបោះឆ្នោត បាននិយាយថា គណៈកម្មការបោះឆ្នោតពុំបាន យល់ព្រមជាមួយការសម្រេចរបស់រដ្ឋាភិបាលចាំផ្ទះនោះទេ ក៏ប៉ុន្តែគណៈកម្មការបោះឆ្នោតនៅតែធ្វើកិច្ចការនេះឲ្យ អស់ពីសមត្ថភាព សម្រាប់រៀបចំដំណើរការបោះឆ្នោត។
លោក ស៊ុមឆៃ បាននិយាយទៀតថា ប្រសិនបើការបោះឆ្នោតថ្ងៃទី០២ ខែកុម្ភៈ ដំណើរការទៅមុខតាមគ្រោងទុក នោះកិច្ចប្រជុំលើកដំបូង នៃសភាថ្មី នឹងត្រូវបានពន្យារពេល ៣-៤ខែទៀត។
ឆ្លើយតបនឹងការមានះក្នុងការបោះឆ្នោតរបស់រដ្ឋាភិបាលចាំផ្ទះនេះ លោក ស៊ូថេប ដែលកំពុងបាតុករតវ៉ាកណ្តាល ក្រុងបាងកក បានប្រកាសថា នឹងធ្វើការបិទផ្លូវទៅកាន់មណ្ឌលបោះឆ្នោត មិនឲ្យដំណើរការទៅបានឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល