(អ៊ុយក្រែន)៖ បើយោងតាមអ្នកនាំពាក្យ ទីបញ្ជាការប្រតិបតិ្តការយោធាអ៊ុយក្រែន បានឲ្យដឹងថា ការធ្វើសមយុទ្ធបាញ់មីស៊ីលចំនួនពីរថ្ងៃ ដែលបានគ្រោងទុកនៅតំបន់ភាគខាងត្បូងប្រទេសកំពុងតែប្រព្រឹត្តទៅ ហើយកៀកនឹងដែនអាកាសតំបន់គ្រីមា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ីជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជុំវិញបញ្ហានេះកាលពីសប្តាហ៍មុន ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី Rosaviastia បានលើកឡើងថា ការដែលអ៊ុយក្រែនបានធ្វើការសម្រេចចិត្ត ដោយឯកតោភាគី ក្នុងការធ្វើសមយុទ្ធបាញ់មីស៊ីលនៅក្បែរទីក្រុង Simferopol នៃតំបន់គ្រីមា បានរំលោភបំពានលើកិច្ចព្រមព្រៀងអន្តរជាតិ ដោយសារតែការហ្វឹកហ្វឺនបាញ់មីស៊ីលដែលធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ទី០២ ខែធ្នូនេះ នឹងរំលោភចូលទៅក្នុងដែនអាកាសចរណ៍ របស់ប្រទេសរុស្ស៊ី ដូច្នេះហើយវាច្បាស់ជាបង្កការគំរាមកំហែង ដល់សុវត្ថិភាពនៃការហោះហើរ។
ប៉ុន្តែអ្នកនាំទីបញ្ជាការដែនអាកាស នៃកងទ័ពជើងអាកាសអ៊ុយក្រែន លោក Volodymyr Kryzhanovskiy បានអះអាថា «អ្វីៗបានប្រព្រឹត្តទៅតាមគំរោងការណ៍ ដែលបានរៀបចំទុក ហើយការធ្វើសមយុទ្ធបាញ់មីស៊ីលនេះ មិនបានបំពានច្បាប់អន្តរជាតិនោះឡើយ ព្រោះថាយើងនឹងរក្សាចម្ងាយ យ៉ាងហោចណាស់ក៏បីគីឡូម៉ែត្រ ពីដែនអាកាសតំបន់គ្រីមៀដែរ ដែលគម្លាតនេះ គឺសមរម្យមិនរំលោភច្បាប់ អ្វីឡើយ»។
យ៉ាងណាមិញ ខណៈកងអង្គភាពនាវាសមុទ្រខ្មៅ របស់ប្រទេសរុស្ស៊ី កំពុងតែប្រុងជើងការនៅតាមបណ្តាយឆ្នេរ ភាគខាងលិចនៃតំបន់គ្រីមៀ ដើម្បីត្រៀមខ្លួនការពារដែន អាកាសក្នុងតំបន់ ដោយនឹងអាចធ្វើការបាញ់ទម្លាក់ គ្រាប់មីស៊ីលរបស់អ៊ុយក្រែនណាមួយ ដែលហ៊ានបាញ់រំលោភចូលក្នុងដែន អាកាសរបស់់រុស្ស៊ី។ គួរបញ្ជាក់ដែរថា ប្រទេសរុស្ស៊ីក៏បានផ្ញើសារ ព្រមាន ទៅកាន់ភាគីអ៊ុយក្រែនផងដែរ ប៉ុន្តែពុំទាន់ទទួលបានការឆ្លើយតបវិញ នោះឡើយ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង