ព័ត៌មានអន្តរជាតិ ៖ ក្រុមគ្រួសាររបស់លោក និយាយថា អតីតប្រធាន និងស្ថាបនិកសារព័ត៌មាន Fox News លោក Roger Alie បានទទួលមរណភាព ក្នុងជន្មាយុ ៧៧ ឆ្នាំ។
សេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយភរិយារបស់លោក គឺលោកស្រី Elizabeth បានឱ្យដឹងថា "លោកស្រី មានទុក្ខជាទម្ងន់ និងខូចចិត្ដឥតឧបមា " ចំពោះមរណភាពរបស់លោក Ailes ដោយអ្នកស្រីបានហៅស្វាមីរបស់ខ្លួនថា ជា«អ្នកស្នេហាជាតិ»។
លោក Ailes បានបើកដំណើរការសារព័ត៌មាន Fox News អស់រយៈពេលពីរទសវត្សរ៍មកហើយ និងទទួលបានការកោតសរសើរ តាមរយៈការផ្លាស់ប្តូរស្ថាប័នព័ត៌មាននេះ ឱ្យក្លាយជាសម្លេងដ៏មានឥទ្ធិពលបំផុត ក្នុងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយការអភិរក្ស។
ប៉ុន្តែលោក បានលាឈប់ពីការងារ កាលពីឆ្នាំមុន បន្ទាប់ពីបុគ្គលិកស្រីមួយចំនួន បានចោទប្រកាន់លោកពីបទយាយីផ្លូវភេទ។ នៅពេលនោះ លោកបាននិយាយថា លោកលាលែងពីតំណែង ដោយសារតែខ្លួន បានក្លាយទៅជា "បុគ្គលគួរឱ្យរំខាន" ។
សេចក្តីថ្លែងការណ៍របស់អ្នកស្រី Ailes បានឱ្យដឹងទៀតថា: «ក្នុងអំឡុងពេលប្រកបអាជីពរបស់លោក ដែលបានប្រព្រឹត្ដទៅជាងជាង ៥ ទសវត្សរ៍មកនេះ ការងាររបស់លោកក្នុងវិស័យ កម្សាន្ដ នយោបាយ និងវិស័យព័ត៌មាន បានជះឥទ្ធិពលដល់ជីវិតរបស់មនុស្សរាប់លាននាក់”។
មូលហេតុនៃការស្លាប់របស់លោក ពុំត្រូវបានប្រកាសជាសាធារណៈឡើយ ប៉ុន្តែទូរទស្សន៍ CNN បាននិយាយ ដោយលើកឡើងពីមិត្តភក្តិរបស់ក្រុមគ្រួសារសពថា លោកបានធ្លាក់ពីលើផ្ទះបណ្ដាលឱ្យសន្លប់ កាលពីសប្ដាហ៍មុន។ សារព័ត៌មាន TMZ បានឱ្យដឹងថា លោក Ailes បានរងវិបត្ដិពីបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត ដែលអាចបណ្ដាលឱ្យលោកស្លាប់។
នៅក្នុងសេចក្តីថ្លែងការដដែល ដែលប្រកាសពីមរណភាពរបស់លោក Ailes កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អ្នកស្រី Elizabeth បាននិយាយថា៖ « លោក Roger ជាស្វាមីជាទីស្រឡាញ់ចំពោះខ្ញុំ ចំពោះកូនប្រុស Zachary និងជាមិត្តដ៏ស្មោះត្រង់ ចំពោះមនុស្សជាច្រើន។ លោកជាអ្នកស្នេហាជាតិ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការរស់នៅ ក្នុងប្រទេសមួយ ដែលផ្ដល់ឱកាសឱ្យលោក បានខិតខំធ្វើការងារ ទទួលបានការរីកចម្រើន ព្រមទាំងអាចតបស្នងសងគុណចំពោះប្រទេសវិញ»។
រយៈពេលជាងពីរទសវត្សរ៍របស់លោក ក្នុងការកសាង Fox News ឱ្យក្លាយជាស្ថាប័នព័ត៌មានដ៏មានឥទ្ធិពល លោក Ailes ទទួលបានការកោតសរសើរ តាមរយៈការផ្តើមអាជីពក្នុងកម្មវិធីទូរទស្សន៍ធំៗបំផុត ដោយមានអ្នកសម្របស្រួលកម្មវិធីល្បីៗដូចជា លោក Bill O'Reilly, លោក Sean Hannity, អ្នកស្រី Megyn Kelly និងអ្នកស្រី Greta Van Susteren។
អ្នកស្រី Kelly ដែលបានប្ដូរទៅសារព័ត៌មាន NBC ក៏ស្ថិតក្នុងចំណោមបុគ្គលិកស្រីរបស់ Fox News ដែលបាននិយាយថា ពួកគេត្រូវបានរងការយាយីផ្លូវភេទ ដោយលោក Ailes នៅប៉ុន្មានឆ្នាំមុននេះ។ អតីតអ្នកអត្ថាធិប្បាយព័ត៌មានអ្នកស្រី Gretchen Carlson បានដើរចេញ ជាមួយនឹងប្រាក់សំណង ២០ លានដុល្លារ បន្ទាប់ពីបានដោះស្រាយបញ្ចប់រឿងក្ដីរបស់ខ្លួនប្រឆាំងនឹងលោក Ailes ។ ប៉ុន្ដែទោះយ៉ាងណា លោក Ailes បានច្រានចោល ពាក្យចោទប្រកាន់ទាំងអស់ មកលើរូបលោក៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC