CamNews

ព័ត៌មានអន្តរជាតិ 

ធ្ងន់កហើយ! បើម៉ាឡេស៊ី​អត់​ប្រគល់សព លោក គីម ជុងណាំ ​កូរ៉េខាងជើង​​នឹងប្ដឹង​ទៅកាន់​តុលាការ​អន្តរជាតិ!

(គូឡាឡាំពួរ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង​ប្រចាំនៅរដ្ឋធានី​គូឡាឡាំពួរ​លោក Kang Chol បានព្រមានថា​ នឹង​នាំ​យក​​សំណុំ​រឿង​ឃាត​កម្ម​របស់​បងប្រុស​លោក គីម ជុងអ៊ុន ​ឡើងដល់​តុលាការអន្តរជាតិ​ បើសិនជា​អាជ្ញាធរម៉ាឡេស៊ី​នៅតែប្រកែក​មិនប្រគល់​សាកសព​លោក គីម ជុងណាំ ទៅឲ្យ​កូរ៉េខាងជើង​វិញទេនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃ​សៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។



ការលើកឡើងបែបនេះ​បានធ្វើឡើងនា​យប់ថ្ងៃសុក្រម្សិលមិញ​នេះ បន្ទាប់ពីលោក​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង ត្រូវ​គេ​​មើល​ឃើញ​ថា​​ទំនង​ជា​មាន​ចេតនា​​​ព្យា​យាម​​ចូល​ទៅ​កាន់​វិទ្យាស្ថាន​កោសល្យវិច័យជាតិ​នៅក្នុងមន្ទីរពេទ្យ​​គូឡា​ឡាំ​ពួរ ជាកន្លែង​ដែលអាជ្ញាធរម៉ាឡេស៊ី​រក្សា​ទុក​សាក​សព​លោក គីម ជុងណាំ បន្ទាប់ពី​បានបញ្ចប់​ការធ្វើកោសល្យវិច័យកាលពីថ្ងៃពុធ​សប្តាហ៍នេះ។ ម៉្យាងវិញ​ទៀត​លោក Kang Chol បាន​ចោទ​ប្រកាន់​​​ម៉ាឡេស៊ីថា​បានលួចបិទបាំង​អ្វីម៉្យាង ពីព្រោះតែ​ការបដិសេធមិន​ព្រមប្រគល់​សាកសព​លោក គីម ជុងណាំ ទៅ​ឲ្យ​ស្ថាន​ទូត​​កូរ៉េ​ខាង​ជើង​​​ហើយ​​​លោក Kang បាននិយាយថា​ម៉ាឡេស៊ី​កំពុងរៀបគំរោង​អាក្រក់​ដើម្បីបង្កការ​គំរាមកំហែង​ដល់​កូរ៉េខាងជើង។

ដោយឡែក​នៅក្នុងកិច្ចសន្ទនា​ជាមួយ​សារព័ត៌មាន Channel News Asia មេបញ្ជាការ​ប៉ូលិសម៉ាឡេស៊ី​លោក Khalid បាន​ថ្លែង​ឆ្លើយ​​តប​ទៅ​វិញ​​ថា «ពួក​យើង​មាន​​ច្បាប់​ច្បាស់​​លាស់​នៅ​ក្នុង​ប្រទេស​​ម៉ាឡេស៊ី ហើយនៅ​ពេលដែល​ស្ថិតនៅក្នុង​ម៉ាឡេស៊ី មនុស្ស​​រាល់​គ្នា​ត្រូវ​តែ​​គោរព​​និង​ប្រតិបត្តិ​តាម​ក្បួន​​ច្បាប់​និង​​វិន័យ​ទាំង​​អស់​នោះ​... ហើយ​ក្នុង​​ចំណោមនោះ​ក៏រាប់​បញ្ចូល​ទាំងប្រទេស​កូរ៉េខាងជើង»

គួរបញ្ជាក់ថា​អាជ្ញាធរម៉ាឡេស៊ី​នឹងមិនប្រគល់​សាកសពលោក គីម ជុងណាំ ទៅឲ្យនរណា​ម្នាក់នោះ​ឡើយ ដរាបណា​មិនបាន​ទទួលគំរូ DNA របស់សមាជិក​នៃក្រុមគ្រួសារ​លោក គីម និងការ​ស៊ើបអង្កេត​នៃសំណុំរឿងឃាតកម្មនេះ​មិនទាន់ត្រូវបាន​ដោះស្រាយចប់​រួចរាល់ តាមច្បាប់ប្រទេសអាស៊ាន​មួយនេះទេនោះ៕

-កូរ៉េខាងជើង ជម្រុញឲ្យម៉ាឡេស៊ីប្រគល់សាកសពលោក Kim Jong-nam ទៅកាន់កូរ៉េខាងជើង ដោយគ្មានការពន្យារពេល




ប្រភព ៖ CNA


Tags: North korea South korea Kim Jong Un Kim jong Nam