ព័ត៌មានអន្តរជាតិ ៖ កូនដំរីមួយក្បាល ត្រូវបានគេ ប្រទះឃើញដេកស្លាប់ នៅលើផ្លូវហាយវេ ប្រទេសឥណ្ឌូរនេស៊ី ក្រោយការប៉ាន់ស្មានថា កូនដំរីមួយក្បាលនេះ ត្រូវរថយន្ដមួយគ្រឿងបុកស្លាប់។
មន្ត្រីឧទ្យានជាតិ ដែលបានរកឃើញសាកសពកូនដំរីមួយក្បាលនោះ បានឱ្យដឹងថា ឧប្បត្តិហេតុបែបនេះ "កម្រនឹងកើតមានឡើងណាស់" ។ អ្នកការពារបរិស្ថាន បាននិយាយថា ការកើនឡើងនូវការបំផ្លិចបំផ្លាញទីជម្រកសត្វដំរីព្រៃ បានបង្ខំឱ្យសត្វដំរីព្រៃ ត្រូវនិរទេសខ្លួន ទៅជិតផ្លូវហាយវេប៉ែកនីរតី ដែលភ្ជាប់រដ្ឋ Kelantan ភាគឦសាន្ដ ទៅផ្នែក ដែលនៅសល់របស់ ប្រទេសម៉ាឡេស៊ី។ ក្រុមមន្រ្តីបានជំរុញឱ្យអ្នកបើកបរ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត" ពេលប្រើប្រាស់ផ្លូវហាយវ៉េ។
លោក Loo Kean Seong ប្រធាននាយកដ្ឋានសត្វព្រៃ Perak និងឧទ្យានជាតិបានថ្លែងថា៖ «យើង ដាក់ផ្លាក ជូនដំណឹងដល់អ្នកបើកបរម៉ូតូថា នឹងមានច្រកចេញចូលរបស់សត្វដំរី តាមបណ្តោយផ្លូវហាយវ៉េនេះ»។ «ដូច្នេះពួកគេត្រូវមានការទទួលខុសត្រូវបន្ថែមទៀត ជាពិសេស នៅពេលដែលពួកគេកំពុងបើកបរ នៅពេលយប់ ឬពេលព្រឹកព្រលឹម»។
បន្ថយល្បឿនបើកបរ និងពង្រឹងការគោរពច្បាប់បន្ថែម
ក្រុមអភិរក្ស ដែលមានមូលដ្ឋាន នៅទីក្រុងគូឡាឡាំពួ ដែលជាក្រុមគ្រប់គ្រង បរិស្ថានវិទ្យាអេកូឡូស៊ីនៃហ្វូងដំរីម៉ាឡេស៊ី (MEME) បានប្រទះឃើញកូនដំរីស្លាប់នេះ កាលពីថ្ងៃសុក្រ។
លោក Ahimsa Campos-Arceiz ថ្លែងថា៖ «យើងជឿថា កូនដំរីមួយក្បាលនេះ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង វាត្រូវបានរថយន្ដបុកត្រូវចំក្បាល ហើយយើងពុំបានឃើញ គ្នីគ្នា ឬមេរបស់វានៅជិតវាឡើយ នៅពេល ដែលយើងបានទៅដល់កន្លែងនោះ »។ លោកបានប្រាប់ BBC News ថា កាលពីឆ្នាំ ២០១០ និងឆ្នាំ ២០១៤ ក៏មានសត្វដំរីស្លាប់ នៅក្នុងតំបន់ព្រៃនេះផងដែរ។
«សត្វដំរីព្រៃ បានបាត់បង់ព្រៃឈើជម្រករបស់ខ្លួនជាច្រើនរួចទៅហើយ ហើយសត្វដំរីកាន់តែច្រើន ត្រូវដើរហើរចេញមកតាមដងផ្លូវ ដើម្បីស្វែងរកអាហារបរិភោគដូចជាស្មៅ ដើមត្នោត និងឫស្សីជាដើម។
លោក Ahimsa Campos-Arceiz បន្ថែមថា៖ "ម្យ៉ាងទៀតពួកវា ក៏ចំណាយពេលវេលាបន្ថែមផងដែរ ដើម្បីលេងកម្សាន្ដនៅជុំវិញផ្លូវ។ ដូច្នេះ ការបន្ថយល្បឿនបើកបរ ត្រូវអនុវត្តបន្ថែម ហើយភ្លើងបំភ្លឺតាមដងផ្លូវជាច្រើនទៀត គួរតែត្រូវបានដំឡើង”។
«ស្របពេលប្រទេសម៉ាឡេស៊ី មានការរីកចម្រើន វាចាំបាច់ ត្រូវតែមានការសម្របសម្រួល។ ជាពិសេស គឺជាប្រទេសនេះ ជាទីប្រជុំនូវព្រៃដ៏សំខាន់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ សត្វដំរីត្រូវការដើរហើរដោយសេរី និងដោយសុវត្ថិភាព»។
ហេតុការណ៍ស្លាប់របស់កូនដំរីនេះ បានធ្វើឱ្យមនុស្សរំជួលចិត្ដ និងសម្ដែងការខឹងសម្បា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប្រជាជនម៉ាឡេស៊ីជាច្រើន បានសម្តែងនូវទុក្ខព្រួយចំពោះសត្វព្រៃក្នុងប្រទេសរបស់ពួកគេ ដែលចូលមកកាន់ជិតជាមួយមនុស្ស ដោយសារតែការបាត់បង់ព្រៃឈើ ដែលជាជម្រករបស់ពួកវា ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC