គិលានុប្បដ្ឋាយិការផ្នែកជំងឺវិកលចរិកម្នាក់ ត្រូវបានបញ្ជូលទៅមន្ទីរពេទ្យភ្លាមៗទាំងអាការៈរលាកលើផ្ទៃមុខធ្ងន់ធ្ងរ ក្រោយពីអ្នកជំងឺម្នាក់ វាយប្រហារដោយទឹកក្ដៅ។ អ្នកស្រី Christies អាយុ ២៥ ឆ្នាំ បានរលាកមុខ ក ក្បាល និងដើមទ្រូងយ៉ាងធ្ងន់ធ្ងរ ក្រោយពីអ្នកជំងឺម្នាក់ជះទឹកកំពុងពុះមកលើខ្លួនរបស់អ្នកស្រី។ អ្នកស្រី ត្រូវបានបញ្ជូលទៅព្យាបាលនៅមន្ទីរពេទ្យ St George’s នៅភាគនីរតីនៃក្រុងឡុងដ៍ ជាមន្ទីពេទ្យ ដែលក្រុមគ្រូពេទ្យព្យាយាមបន្ថយការឈឺចាប់របស់អ្នកស្រី Christies ដោយថ្នាំបំបាត់ការឈឺចាប់ ថ្នាំម៉រហ្វីន និងព្យាយាមទប់ខ្យល់កុំឱ្យបក់ត្រូវចំកន្លែងរលាក ដើម្បីការពារស្បែករបស់អ្នកស្រីកុំឱ្យខូចកាន់តែធ្ងន់ធ្ងរ។
បើទោះជាជួបគ្រោះថ្នាក់គួរឱ្យខ្លាចយ៉ាងនេះក្ដី អ្នកស្រី Christie ដែលធ្លាប់ត្រូវបានអ្នកជំងឺវាយប្រហារកាលពីមុន នៅតែមើលឃើញគ្រោះថ្នាក់នោះ ថាជាផ្នែកមួយនៃការងារជាអ្នកថែទាំអ្នកជំងឺ។ អ្នកស្រីតែងតែប្រាថ្នាចង់ធ្វើការផ្នែកសុខភាពផ្លូវចិត្ដ ហើយអ្នកស្រីរីករាយចំពោះការងាររបស់អ្នកស្រី នៅក្នុងមន្ទីរពេទ្យវិកលវិទ្យា។
ទោះជាយ៉ាងណា ម្ដាយរបស់អ្នកស្រី Christie ជឿថា កូនស្រីរបស់អ្នកស្រី នឹងបន្ដធ្វើការងារនេះដដែល ព្រោះវាអាចជួយដល់មនុស្សយ៉ាងច្រើន ម្យ៉ាងវិញទៀត វាជាការងារដែលនាងចង់ធ្វើ។ អ្នកស្រីបាននិយាយថា ក្នុងនាមជាម្ដាយ សេចក្ដីស្រឡាញ់គឺបញ្ជាក់ឱ្យឃើញនៅត្រង់ថា យើងអនុញ្ញាតឱ្យកូនៗចាប់យកអាជីពណាមួយ ដែលគេចង់ធ្វើ។
នៅពេលស្នាមរលាករបស់អ្នកស្រី កាន់តែមានសភាពធ្ងន់ធ្ងរ អ្នកស្រីត្រូវបានផ្ទេរទៅមន្ទីរពេទ្យឯកទេសព្យាបាលរលាក Chelsea និង Westminster ដើម្បីទទួលការព្យាបាលឱ្យបានប្រសើរ។ ស្នាមរលាករបស់អ្នកស្រី បានធូរស្បើយបន្ដិចម្ដងៗ ហើយអ្នកស្រីអាចត្រឡប់ទៅធ្វើការងារវិញ ប៉ុន្ដែបើតាមការយល់ឃើញ អ្នកស្រីធ្លាក់ទំនុកចិត្ដចំពោះអ្នកជំងឺ ហើយមានការប្រុងប្រយ័ត្នកាន់តែខ្លាំង ពេលនៅក្បែរអ្នកជំងឺ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ weboff