ព័ត៌មានអន្តរជាតិ ៖ ផ្នូរជាច្រើន ផ្តុំទៅដោយសាកសព មិនតិចនាក់នោះ ជាថ្មីម្តងទៀត ត្រូវបានគេ រក ឃើញ នៅកន្លែងតែមួយ ជិតក្រុង Iguala ភាគខាងត្បូង ប្រទេស ម៉ិចសិក ខណៈក្រុងមួយនេះ គឺ ជា ទី កន្លែងចុង ក្រោយនៃការបាត់ខ្លួន សិស្សនិស្សិត ចំនួន ៤៣ នាក់ កាល ពីអំឡុងខែមុន នេះ បើ យោង តាមសម្តីមន្រ្តី ផ្លូវការប្រចាំតំបន់ ។
ទំព័រសារព័ត៌មានប៊ីប៊ីស៊ី គូសបញ្ជាក់អោយដឹងថា ករណីរកឃើញសាកសពជាច្រើននាក់ផ្តុំនៅកន្លែង ផ្នូរតែមួយលើកនេះ វាពុំមែនជាការរកឃើញលើកទីមួយនោះទេ ពោល កាលពី ពេលកន្លងទៅ ធ្លាប់ មានករណីរកឃើញ ជាបន្តបន្ទាប់ រួចម្តងមកហើយ ។
ដោយឡែក ពុំទាន់មានបំនកស្រាយផ្លូវការណាមួយ ទាក់ ទិន នឹងចំនួនតួរលេខពិតប្រាកដនៃចំនួន សាកសព ដែលត្រូវបានរកឃើញចេញពីផ្នូរជាច្រើន ផ្តុំគ្នានៅកន្លែង តែ មួយ ខណៈមានការរកឃើញ នៅថ្ងៃព្រហស្បត្តិ៍នេះ នៅឡើយទេ ។ គួរបញ្ជាក់ថា របកគំហើញ នៃការរុករកឃើញ ផ្នូរនិងសាកសព ទាំងនេះ អាចកើតឡើងទៅបាន អំឡុងប្រតិបត្តិការចុះស្វែងរក ក្រុមសិស្ស និស្សិត បន្ទាប់ ពី ពួកគេ បានបាត់ខ្លួន កាលពីពេលកន្លងទៅ ក្រោយពីមានការប៉ះទង្គិច ជាមួយនឹងក្រុមមន្រ្តីប៉ូលីស ។
វត្តមានចុងក្រោយរបស់ពួកគេ ត្រូវបានគេមើលឃើញ ថាបានចង់ដៃ នឹង ចាប់ បញ្ជូនចូលទៅក្នុងរថ យន្ត ។ គួររំឭកថា កាលពីសប្តាហ៍កន្លងទៅនេះ សាកសព មនុស្ស ២៨ នាក់ មានសភាព ឆេះខ្លោច នោះត្រូវបានរកឃើញ ចេញពីផ្នូរ ៦ កន្លែង ផ្តុំគ្នានៅកន្លែងតែមួយ ក៏ប៉ុន្តែ មក ទល់ នឹងពេលបច្ចុប្បន្ន ភាពអត្តសញ្ញាណរបស់ពួកគេ ពុំទាន់បញ្ជាក់ច្បាស់នៅឡើយទេ ខណៈ ដំណើរការ នៃការស្រាវជ្រាវ កំណត់អោយបានអត្តសញ្ញាណ ត្រូវបានគេរំពឹងទុកថា ចំណាយពេល ជាងមួយសប្តាហ៍ ។
លោក Jesus Murillo Kara មេធាវីមួយរូប បញ្ជាក់អោយដឹងថា វត្តមានផ្នូរថ្មីដែល បានរកឃើញលើក នេះ គឺបានផ្ទុកទៅដោយបណ្តាសាកសព ឆេះខ្លោច និង មានទីតាំង ដូចគ្នា ទៅនឹងបណ្តាផ្នូរ កាលពី លើកមុនដែលត្រូវបានគេ ធ្លាប់រកឃើញ ។ គាត់បន្ថែមអោយដឹងថា ប្រតិបត្តិការ សន្តិសុខក្នុងក្រុង Iguala រដ្ឋ Guerrero ជាលទ្ធផល ក្រុមមន្រ្តីប៉ូលីសក្នុងស្រុក ៣៤ នាក់ ត្រូវបានចាប់ឃាត់ខ្លួន ។
មិនត្រឹមតែប៉ុណ្ណោះ ប្រតិបត្តិការ រុករក និងស្រាវជ្រាវផ្លូវការ ត្រូវបានគេធ្វើឡើ ង និង ចាំបាច់ ក្នុងការ តាមប្រមាញ់ចៅហ្វាយក្រុង លោក Jose Luis Abarca Velazquez ភរិយារបស់គាត់ និង មន្រ្តីប្រធាន សន្តិសុខផ្សេងទៀត ខណៈពួកគេបានរត់គេចខ្លួន បន្ទាប់ពីមានការប៉ះទង្គិច អំឡុងការផ្ទុះការតវ៉ា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី