ព័ត៌មានកីឡា៖ ជាច្រើនសប្ដាហ៍កន្លងផុតទៅហើយ ដែលប្រិយមិត្ដអ្នកស្នេហាវិស័យកីឡាប្រដាល់នៅមាន អារម្មណ៍ភ្ញាក់ផ្អើលនឹងលទ្ធផលប្រកួតគ្នារវាង Floyd Mayweather នឹង ប៉ាក់គីអៅ បើទោះបីជាមកទល់នឹងពេលនេះក៏ដោយ។
សម្លេងអ្នកគាំទ្រលាន់ឮយ៉ាងត្រហឹង បន្ទាប់ពីលទ្ធផលរវាងអ្នកទាំងពីរ បានបង្ហាញដោយ Floyd ដណ្ដើមយកជ័យជំនះលើ ប៉ាក់គីអៅ ដោយពិន្ទុ ខណៈដែលអំឡុងពេលនៃការប្រកួត គេមើលឃើញថា Floyd ប្រកួតរត់ៗ មិនហ៊ានប្រឈមមុខចំៗ ត្រង់គ្នាជាមួយ ប៉ាក់គីអៅ នោះទេ តែគណៈមេប្រយោគទាំងបីបែជាសម្រេចឲ្យ Floyd ទទួលបានជ័យជំនះទៅវិញ ។ សម្លេងនៃការមិនគាំទ្រនៅតែបន្ដរហូតមកទល់ពេលបច្ចុប្បន្ន ខណៈដែលការសម្រេចរបស់ពួកគេនៅពេលនេះ គឺចង់បានការប្រកួតសារជាថ្មីម្ដងទៀត ដើម្បីឲ្យអស់ចិត្ដ។
Floyd ធ្លាប់បាននិយាយម្ដងថា នឹងផ្ដល់ឱកាសដល់ ប៉ាក់គីអៅ ចូលរួមប្រកួតម្ដងទៀត នាឆ្នាំក្រោយ បន្ទាប់ពី របួសកីឡាករ ជាសះស្បើយ ប៉ុន្ដក្រោយមកទៀត កីឡាករក៏បដិសេធទាំងស្រុងទៅវិញថា មិនព្រមប្រកួតនោះទៅ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងថា កីឡាករ ប៉ាក់គីអៅ គឺមិនព្រមទទួលស្គាល់ពីភាពបរាជ័យរបស់ខ្លួន ដោយលើកយកហេតុផល មានរបួសស្មាធ្វើលេសដោះសារទៅវិញ។ Floyd បានធ្វើការបដិសធទាំងឥរិយាបថយ៉ាងកម្រោល ដោយមិនយល់ព្រមប្រកួត ម្ដងទៀតឡើយ មិនថាស្ថិតក្នុងដំណាក់កាលណាក៏ដោយនោះទេ។ ប៉ុន្ដែការសម្រេចរបស់ Floyd ដែលថា មិនព្រមប្រកួតជាម្ដងទៀត នោះគឺ ត្រូវបានមហាជនជាច្រើន យល់ថា គឺគេខ្លាចប្រកួតចាញ់ ប៉ាក់គីអៅ ប្រសិនជាប៉ាក់គីអៅ បានជាសះស្បើយ ទាំងស្រុងមែននោះ ព្រោះថាកាលពីកីឡាករ មានរបួសស្មាមែននោះ Floyd អាចយកឈ្នះយ៉ាងលំបាកណាស់ ទាំងដុនដាប រត់ផង គេចផង ហើយចុះទម្រាំតែ ប៉ាក់គីអៅ មានសុខភាពល្អប្រសើរទាំងស្រុងនោះ តើទៅជាយ៉ាងណាទៅហើយទេ។ ដូច្នោះក៏មានសំណួរមួយសួរទៅកាន់កីឡាករថា តើ Floyd ខ្លាចប្រកួតចាញ់ប៉ាក់គីអៅ មែនទេ បានជាមិនហ៊ាន ប្រកួតម្ដងទៀតនៅពេលក្រោយ ខណៈដែលប៉ាក់គីអៅ ជាសះស្បើយឡើងវិញនោះ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ examiner