អង្គការលើកលែងទោសអន្តរជាតិ បានរាយការណ៍ កាលពីថ្ងៃអង្គារថា ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែលគេស្គាល់ថា ជាកងទ័ពសង្គ្រោះរ៉ូហ៊ីងយ៉ាអារ៉ាកាន (ARSA) ស្ថិតនៅពីក្រោយការសម្លាប់រង្គាលប្រឆាំងនឹងបណ្ដារជនកាន់សាសនាហិណ្ឌូ នៅក្នុងរដ្ឋរ៉ាក់ឃីន ដែលបានប្រព្រឹត្ដ កាលពីខែសីហា ព្រមទាំងអំពើសម្លាប់ និងការចាប់ពង្រត់ផ្សេងទៀតផងដែរ។
អង្គការនេះបានសរសេរថា នៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៧ កងកម្លាំង ARSA បានសម្លាប់អ្នកភូមិកាន់សាសនាហិណ្ឌូ ៥៣ ដែលរាប់បញ្ចូលទាំងកុមារជាច្រើននាក់ ព្រមទាំងចាប់ខ្លួន ១៦ នាក់ផ្សេងទៀត។ នៅថ្ងៃដដែលនោះ ប្រជាជនហិណ្ឌូ ៤៦ នាក់មកពីភូមិក្បែរនោះ បានបាត់ខ្លួន។ អង្គការលើកលែងទោស បានកត់ត្រាទុកនូវអំពើហិង្សាដទៃទៀត ប្រឆាំងនឹងពលរដ្ឋកាន់សាសនាហិណ្ឌូ។
អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយលើឧក្រិដ្ឋកម្ម ដែលបានកើតឡើង នៅក្នុងរដ្ឋរ៉ាឃីន។
លោកស្រី Tirana Hassan នាយកទទួលបន្ទុកឆ្លើយតបនឹងវិបត្តិ បម្រើការនៅអង្គការលើកលែងទោសអន្តរជាតិ បានថ្លែងថា៖ «ការវាយប្រហារដ៏គួរឱ្យរន្ធត់របស់កងកម្លាំង ARSA ត្រូវបានធ្វើឡើង បន្ទាប់យុទ្ធនាការបោសសម្អាតជនជាតិដើមភាគតិចរបស់យោធាភូមា ប្រឆាំងនឹងប្រជាជនរ៉ូហ៊ីងយ៉ាទាំងស្រុង»។ "ក្រុមទាំងពីរ ត្រូវតែបានថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្ស”។
បណ្ដារអង្គការអន្ដរជាតិ បានកត់ត្រាទុកជាឯកសារអំពីការរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីដើមខែនេះ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទទូចឱ្យមានកិច្ចការពារជនស៊ីវិល ចំពេលមានការកើនឡើងនៃអំពើហិង្សា នៅមីយ៉ាម៉ា។
កាលពីខែមុន រដ្ឋអាជ្ញារបស់ ICC បានស្នើសុំសេចក្តីសម្រេចមួយ ស្តីពីយុត្តាធិការលើការបណ្ដេញជនជាតិរ៉ូហ៊ីងយ៉ាចេញពីប្រទេស។ នៅខែមីនា មន្ត្រីអង្គការសហប្រជាជាតិម្នាក់ បាននិយាយថា លោកស្រី "ជឿជាក់"ថា ទង្វើរបស់មីយ៉ាន់ម៉ាប្រឆាំងនឹងពួករ៉ូហ៊ីងយ៉ា គឺជាអំពើប្រល័យពូជសាសន៍ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist