(ភ្នំពេញ)៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ បានដឹកនាំកូនក្រុមចេញដំណើរទៅប្រទេសសិង្ហបុរីហើយ ដើម្បីបោះជំរុំហ្វឹកហាត់រយៈពេល ១០ថ្ងៃនៅទីនោះចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញានេះ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាពាក់កណ្ដាលខែតុលាខាងមុខ។
លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជានេះបានឲ្យដឹងថា បេសកកម្មបោះជំរុំហ្វឹកហាត់ក្រៅប្រទេសនេះ គឺជាឱកាសដ៏ពិសេស ដើម្បីជំរុញសមត្ថភាពកីឡាករឲ្យបានល្អ សម្រាប់ត្រៀមប្រកួតប្រជែងដណ្ដើមកៅអីវគ្គបន្ដនៃពានរង្វាន់ AFF Suzuki Cup 2016 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥-២១ ខែតុលាខាងមុខនៅក្នុងរាជធានីភ្នំពេញ។
លោកបន្ដថា ក្នុងឱកាសនោះដែរ ក្រុមជម្រើសជាតិកម្ពុជា ក៏នឹងមានការប្រកួតកម្ដៅសាច់ជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរីប្រមាណ ៣ប្រកួតផងដែរ មុននឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីត្រៀមប្រកួតមិត្តភាពផ្លូវការជាមួយក្រុមហុងកុង នៅថ្ងៃទី០៦ ខែតុលា និងបន្ដជួបក្រុមជម្រើសជាតិស្រីលង្កា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។
ចំពោះគូប្រជែងនៃវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 របស់ក្រុមគោព្រៃកម្ពុជា រួមមានប្រ៊ុយណេ ទីម័រខាងកើត និងឡាវ ដោយត្រូវដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រពូល B ដែលមានក្រុមខ្លាំង ៣ក្រុមកំពុងរង់ចាំ មានដូចជាក្រុមជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា និងក្រុមជម្រើសជាតិម៉ាឡេស៊ី ខណៈការប្រកួតជុំផ្ដាច់ព្រ័ត្រ ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូខាងមុខនេះ៕
គ្រូបង្វឹកកម្ពុជា លោក Lee Tae Hoon
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង