ប្រទេសហ្វីលីពីនបានដកហូតអាជ្ញាបណ្ណ សម្រាប់គេហទំព័រព័ត៌មានភាសាអង់គ្លេស មួយឈ្មោះថា «Rappler» ធ្វើឲ្យមានការជជែកអំពី សេរីភាពសារព័ត៌មាននៅក្នុងប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វីលីពីន ត្រូវបានគេចាត់ទុកថា មានសេរីភាព និងភាពរស់រវើកបំផុតនៅអាស៊ី។
Rappler ធ្លាប់បានរិះគន់រដ្ឋាភិបាលរបស់លោក Rodrigo Duterte ដែលធ្វើឲ្យមានការខ្សឹបខ្សៀវថាការសម្រេចចិត្តដកហូតអាជ្ញាបណ្ណ គឺជាការបំបិទសិទ្ធសារព័ត៌មាន ទោះបីរដ្ឋាភិបាលជំទាស់ថា គេហទំព័រនេះបានរំលោភលើច្បាប់ក៏ដោយ។
តើ Rappler ជាអ្វី?
Rappler គឺជាគេហទំព័រព័ត៌មានមួយនៅក្នុងប្រទេសហ្វីលីពីន ដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១២ ដោយអតីតអ្នកកាសែតរបស់ទូរទស្សន៍ CNN ម្នាក់ឈ្មោះ Maria Ressa ។
គេហទំព័រនេះបានល្បី ដោយសារតែព័ត៌មានបែបស៊ើបអង្កេត និងការផ្សាយអត្ថបទដែលមានការរិះគន់យ៉ាងខ្លាំងចំពោះលោកប្រធានាធិបតី Duterte ។
តើអ្វីបានជាអាជ្ញាបណ្ណរបស់ Rappler ត្រូវបានដកហូត?
អាជ្ញាធរបាននិយាយថា គេហទំព័រនេះ ដែលមានវិនិយោគិនអាមេរិកពីរនាក់ បានរំលោភលើមាត្រាមួយនៅក្នុងរដ្ឋធម្មនុញ្ញ ដោយកំណត់ថា ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយត្រូវតែជាពលរដ្ឋហ្វីលីពីន។
នៅសប្តាហ៍នេះ គណៈកម្មការមូលបត្រ (SEC) ដែលធ្វើនិយ័តកម្មផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសហ្វីលីពីន បានសម្រេចថាប្រាក់វិនិយោគលើក្រុមហ៊ុន Rappler គឺគ្រប់គ្រងដោយជនបរទេស។
ប៉ុន្តែ Rappler អះអាង ថាវេបសាយនេះគឺពិតជា «ឯករាជ្យ»។
អ្នកស្រី Ressa បានប្រាប់ BBC ថា៖ «Rappler គឺ ជាកម្មសិទ្ធរបស់ជនជាតិហ្វីលីពីន 100% ។ ខ្ញុំហ៊ានអះអាងថា យើងកំពុងអនុវត្តតាមរដ្ឋធម្មនុញ្ញរបស់ហ្វីលីពីន» ។
«យើងបានបង្កើត Rappler ក្នុងនាមជា សម្លេងឯករាជ្យ និងជាបណ្តាញ Omidyar ដែលឯករាជ្យ» ។
តើលោកប្រធានាធិបតី Duterte បាននិយាយអ្វីខ្លះអំពីគេហទំព័រនេះ?
«ព័ត៌មានមិនពិត» នេះគឺជាអ្វីដែលលោកប្រធានាធិបតី Duterte បានពិពណ៌នាអំពី Rappler។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបដិសេធថា ការដកហូតអាជ្ញាបណ្ឌមិនបានពាក់ព័ន្ធនិងនយោបាយឡើយ។
លោក Duterte បាននិយាយពី Rappler ជាលើកដំបូងក្នុងខែកក្កដា ឆ្នាំ ២០១៧ ថាជាគេហទំព័រគ្រប់គ្រងដោយពួកអាមេរិក។ លោកប្រធានាធិបតី ធ្លាប់បាននិយាយថា អ្នកកាសែតជាច្រើន ដែលត្រូវបានសម្លាប់ ពិតជាសិក្កសមនឹងស្លាប់មែន។
តាំងពីឆ្នាំ ១៩៨៦ អ្នកកាសែត ១៧៦នាក់ ត្រូវបានសម្លាប់ក្នុងប្រទេស ហ្វីលីពីន ដែលជាប្រទេសមួយពោរពេញដោយគ្រោះថ្នាក់សម្រាប់អ្នកកាសែត។
តើប្រជាជនមានប្រតិកម្មយ៉ាងណាចំពោះការសម្រេចចិត្តនេះ?
ប្រជាជនហ្វីលីពីន បានធ្វើយុទ្ធនាការក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្ហាញពីការគាំទ្រដល់ Rappler ដោយការប្រើ #DefendPressFreedom និង #IStandWithRappler ៕
ប្រភព៖ ប៊ីប៊ីសុី