អន្តរជាតិ ៖ អង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃអង្គារ បានចោទប្រកាន់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងអំពើបណ្តេញប្រជាជនម៉ូស្លីមរូហិងយ៉ាចេញពីប្រទេស។
របាយការណ៍ ដែលមានចំណងជើងថា ""My World Is Finished": Rohingya Targeted in Crimes against Humanity in Myanmar ផ្តល់នូវកំណត់ត្រាដោយផ្ទាល់ អំពីជនរងគ្រោះ ដែលគេចចេញពីអំពើប្រល័យពូជសាសន៍។ អង្គការលើកលែងទោសអន្ដរជាតិ បាននិយាយជាមួយជនភៀសខ្លួន ប្រើប្រាស់រូបភាពផ្កាយរណប និងពឹងផ្អែកលើអ្នកស៊ើបអង្កេតក្នុងស្រុកដើម្បីធ្វើការសន្និដ្ឋានថា កងទ័ពមីយ៉ាន់ម៉ា មន្រ្តីប៉ូលីស និងជនស៊ីវិលក្នុងមូលដ្ឋាន បានធ្វើការរួមគ្នាដើម្បីបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ាចេញពីផ្ទះរបស់ពួកគេ។
ការវាយប្រហារលើប្រជាជនរ៉ូហ៊ីងយ៉ា គឺមានលក្ខណៈជាប្រព័ន្ធ និងមានទ្រង់ទ្រាយធំ ដែលអាចរាប់បានថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អនុលោមតាមច្បាប់អន្តរជាតិ។ ការរំលោភបំពាន និងឧក្រិដ្ឋកម្ម ត្រូវបានប្រព្រឹត្ត នៅក្នុងបរិបទនៃការរើសអើង ដែលដឹកនាំដោយរដ្ឋ និងការធ្វើទុក្ខបុកម្នេញលើប្រជាជនរ៉ូហ៊ីងយ៉ា និងការផ្ទុះឡើងនូវអំពើហិង្សាទ្រង់ទ្រាយធំ។
អង្គការលើកលែងទោសអន្ដរជាតិ កំពុងអំពាវនាវឱ្យសហគមន៍អន្តរជាតិបញ្ឈប់ការជួញដូរអាវុធ ឬការបង្វឹកសន្តិសុខ ដែលខ្លួនកំពុងធ្វើជាមួយប្រទេសមីយ៉ាន់ម៉ា។ លើសពីនេះទៅទៀតអង្គការនេះ កំពុងស្នើសុំឱ្យសហគមន៍អន្តរជាតិប្រើឥទ្ធិពល និងធនធានរបស់ខ្លួនដើម្បីបញ្ឈប់អំពើហិង្សា ដែលបានបណ្តាលឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងកន្លះលាននាក់ រងទុក្ខវេទនា ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist