អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញផ្សាយរបាយការណ៍មួយចំនួន ១៣៤ ទំព័រ និងវីដេអូរយៈពេល ១៥ នាទី កាលពីថ្ងៃអង្គារនៅឯសភាអ៊ឺរ៉ុប ដែលចងក្រងជាឯកសារស្ដីពីការរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌការងារដោយបង្ខំ នៅលើនាវានេសាទរបស់ថៃ។
របាយការណ៍ ដែលមានចំណងជើងថា “ខ្សែសង្វាក់លាក់កំបាំង: ពលកម្មដោយបង្ខំ និងការរំលោភសិទ្ធិមនុស្ស នៅក្នុងឧស្សាហកម្មនេសាទរបស់ប្រទេសថៃ” រៀបរាប់លំអិតអំពីការជួញដូរអ្នកនេសាទអន្តោប្រវេសន៍មកពីប្រទេសជិតខាង នៅអាស៊ីអាគ្នេយ៍ដើម្បីឱ្យធ្វើការនេសាទនៅប្រទេសថៃ ក្រោមលក្ខខណ្ឌ ដែលហាមឃាត់កម្មករមិនឱ្យប្តូរទៅធ្វើការជាមួយនិយោជកថ្មី មិនបើកប្រាក់ឈ្នួលឱ្យទាន់ពេលវេលា ឬឱ្យប្រាក់ឈ្នួលទាបជាងកម្រិតអប្បបរមា។ យោងតាមរបាយការណ៍នេះ កម្មករចំណាកស្រុក មិនទទួលបានការការពារពីច្បាប់ការងាររបស់ប្រទេសថៃឡើយ ហើយមិនមានសិទ្ធិបង្កើតសហជីពការងារផងទៅទៀត។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះមិនសង្កត់ធ្ងន់តែទៅលើពលករចំណាកស្រុកប៉ុណ្ណោះទេប៉ុន្តែរបាយការណ៍ ក៏ចងក្រងជាឯកសារស្ដីពីការរំលោភបំពានលើពលរដ្ឋថៃ ដែលធ្វើការនៅក្នុងឧស្សាហកម្មនេសាទនេះផងដែរ។ របាយការណ៍ដដែល បានបង្ហាញថា ក្របខណ្ឌអធិការកិច្ចរបស់ប្រទេសថៃ "បរាជ័យក្នុងការដោះស្រាយបញ្ហាពលកម្មដោយបង្ខំឱ្យបានពេញលេញ ឬថ្លែងជាប្រព័ន្ធនូវតម្រុយនៃលក្ខខណ្ឌការងារដោយបង្ខំដូចជា ការបោកបញ្ឆោតទាក់ទងនឹងលក្ខខណ្ឌការងារសំខាន់ៗ ការរក្សាទុកឯកសារអត្តសញ្ញាណ ការកាត់ប្រាក់ឈ្នួល ការយកកម្មករឱ្យធ្វើការដោះបំណុល បង្ខំឱ្យធ្វើការលើសម៉ោងនិងការបំបិតសេរីភាពរបស់កម្មករក្នុងការផ្លាស់ប្តូរការងារទៅក្រុមហ៊ុនថ្មី។ ជាក់ស្ដែង របាយការណ៍នេះបានរកឃើញថា ការធ្វើអធិការកិច្ចទៅលើអ្នកនេសាទចំនួន ៥០.០០០ នាក់ ដែលទើបតែធ្វើឡើងដោយរដ្ឋាភិបាល ពុំបានរកឃើញថា ច្បាប់ស្តីពីលក្ខខណ្ឌ និងម៉ោងការងារ ប្រាក់ឈ្នួល និងបញ្ហាផ្សេងទៀត នៅក្នុងច្បាប់ស្ដីពីកិច្ចការពារពលករឆ្នាំ ១៩៩៨ បទបញ្ជារដ្ឋមន្រ្តីឆ្នាំ ២០១៤ និងបទបញ្ជារបស់អ្នកទទួលខុសត្រូវ ត្រូវបានរំលោភបំពាននោះទេ ។
របាយការណ៍ផ្តល់អនុសាសន៍ឱ្យប្រទេសថៃអនុម័តច្បាប់ជាតិឱ្យទូលំទូលាយដើម្បី«ហាមប្រាមរាល់ទម្រង់នៃពលកម្មដោយបង្ខំ ដោយផ្ដោតការយកចិត្តទុកដាក់ដល់មធ្យោបាយ និងធាតុផ្សំផ្សេងៗនៃឧក្រិដ្ឋកម្មនេះ»។ របាយការណ៍នេះបន្ថែមថា ប្រទេសថៃត្រូវការច្បាប់ "ឯករាជ្យ" ដែលទទួលស្គាល់ថា "ពលកម្មដោយបង្ខំ គឺកើតមានច្រើនជាងការជួញដូរមនុស្សទៅទៀត ហើយថា ករណី ដែលមនុស្សត្រូវបានគេបង្ខំឱ្យធ្វើការ គឺមានច្រើនជាងអ្វី ដែលបានចែងនៅក្នុងច្បាប់ជាធរមានរបស់ថៃទៅទៀត។
របាយការណ៍ ក៏បានណែនាំផងដែរឱ្យមានការពិនិត្យឡើងវិញចំពោះរបបអធិការកិច្ច និងក្របខ័ណ្ឌបទសំភាសន៍ ដែលរារាំងមិនឱ្យកម្មករនិយោជិតបញ្ចេញមតិ និងរិតត្បិតកម្រិតនៃការចូលរួម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការជូនដំណឹងដល់អ្នកនេសាទអំពីសិទិ្ធការងាររបស់ពួកគេ និងផ្តល់ដំណោះស្រាយនៅកន្លែង ដែលកើតមានឡើងនូវការរំលោភបំពាន។
របាយការណ៍នេះបាន អំពាវនាវដល់សហគ្រាសផលិត ភ្នាក់ងារលក់រាយ និងអ្នកប្រើប្រាស់អន្ដរជាតិឱ្យជៀសវាងការទិញផលិតផលម្ហូបថៃ ដែលបានចូលក្នុងទីផ្សាររបស់ពួកគេ តាមរយៈការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist