ព័ត៌មានអន្តរជាតិ ៖ សមាជិកក្រុមប្រឹក្សាអង្គការ សហ ប្រជាជាតិ ស្រក់ទឹកភ្នែក ក្រោយពីពួកគេបាន ទស្សនាឃ្លីបវីដេអូ ស្តែងអោយឃើញពីការវាយប្រហារ អាវុធសារ ជាតិគីមី chlorine នៅភាគខាងជើង ឆៀងខាងលិច ប្រទេសស៊ីរី កាលពីខែកន្លងទៅនេះ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថាឃ្លីបវីដេអូនោះ គឺស្តែងអោយឃើញពីការប៉ុនប៉ងជួយសង្គ្រោះ ក្មេងតូចៗ ៣ នាក់ មានវ័យ ក្រោម ៤ ឆ្នាំតែពុំទទួលបានជោគជ័យ នោះទេ ។ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Samantha Power ពណ៌នា អោយ ដឹងថា អំឡុងជំនួបប្រជុំលើក នោះ ពិតជាក្តុកក្តួលជាខ្លាំង ខណៈមានការ ពាំ នាំនូវ ឃ្លីបវីដេអូ មួយ នេះផ្ទាល់តែម្តង ។ យ៉ាងណាក៏ ដោយចុះ រដ្ឋាភិបាលប្រទេសស៊ីរី បានធ្វើការបដិសេធទៅនឹងការលើកឡើង ថាខ្លួនជាអ្នកនៅពីក្រោយ ការវាយប្រហារ អាវុធគីមីលើកនេះ នៅក្នុងក្រុង Idlib ។
ក្រុមវេជ្ជបណ្ឌិត ប្រទេសស៊ីរី បានធ្វើការអះអាងទៅលើអ្វីដែលក្រុមសកម្មជន បានលើកឡើង បន្ទាប់ពី មានការវាយប្រហារ កាលពីថ្ងៃទី ១៦ មីនា កន្លងទៅនេះ ដោយបំភ្លឺ ដល់ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិអោយដឹងថា ពិតជាមានឧទ្ធម្ភាគចក្រហោះហើរ ពី លើ ភូមិស្រុក Sarmin ពិតប្រាកដ មែន ។ បន្ទាប់មកលាន់ឮសម្លេង ក្តុក ដ៏ខ្លាំងមួយ រួចជះក្លិនអាសោច ខ្លាំងតែម្តង មុនពេលដែលក្រុម មនុស្សជាច្រើនសិបនាក់ បានបង្ហាញវត្តមានរបស់ខ្លួន នៅតាមបណ្តាមន្ទីរពេទ្យក្នុងស្រុកខណៈពួកគេ ពិបាកដកដង្ហើមខ្លាំង ។
ឃ្លីបវីដេអូ ស្តែងយ៉ាងច្បាស់ថា ក្រុមវេជ្ជបណ្ឌិតកំពុងតែជួយសង្គ្រោះអាយុជីវិតក្មេងតូចៗ ៣ នាក់ ក្នុង នោះពួកគេមានវ័យ ១ ឆ្នាំ ២ ឆ្នាំ និង ៣ ឆ្នាំ ក៏ដូចជា ប្រឹងប្រែងជួយសង្គ្រោះ អាយុជីវិត ជីដូនរបស់ពួក គេនិងឪពុកម្តាយរបស់ពួកគេជាដើម ។
ស្រាយបំភ្លឺដល់សារព័ត៌មាន ប៊ីប៊ីស៊ី Zaher Sahloul ប្រធានសមាគមពេទ្យស៊ីរី-អាមេរិកដែលបានចូល រួមកិច្ចប្រជុំនោះអោយដឹងថា គណៈប្រតិភូអង្គការសហប្រជាជាតិទាំងអស់គ្នា រងនូវភាពរង្គោះរង្គើផ្លូវ ចិត្តជាខ្លាំង បន្ទាប់បានទស្សនាវីដេអូ ក្នុងនោះ ចំនួនច្រើន នៃសមាជិកគណៈប្រតិភូអង្គការសហប្រជា ជាតិបានស្នើអោយអង្គការឃ្លាំមើល និងហាមប្រាម ការប្រើប្រាស់ សព្វាវុធ គីមី Organization for the Prohibition of Chemical Weapons ហៅកាត់ថា OPCW គួរណាចាត់វិធានការស្រាវជ្រាវ ដោយធ្វើការ តាមដានស៊ើបអង្កេតករណីលើកនេះ ។ បន្ថែមពីលើនេះ លោក Samantha Power ក៏បានប្រាប់ដល់ ក្រុមអ្នកយកព័ត៌មានអោយដឹងថា ៖ ស្ទើរតែគ្រប់គ្នា បានរន្ធត់ចិត្ត និងស្រក់ទឹកភ្នែក ។
សហរដ្ឋអាមេរិក ក៏ដូចជា សមាជិកក្រុមប្រឹក្សាសន្តិសុខឯទៀត បានធ្វើការ ស្តីបន្ទោសទៅរដ្ឋាភិបាល Bashar al-Assad ថាបានបើកការវាយប្រហារ អាវុធគីមីខាងលើ ។ ពួកគេបានលើកឡើងអោយដឹងថា យោធាស៊ីរី គឺជាភាគីតែមួយគត់ នៅក្នុងការប៉ះទង្គិចនោះ មាន ឧទ្ធម្ភាគចក្រ ខណៈសម្លេងហោះហើរ នៃឧទ្ធម្ភាគចក្រ ត្រូវបានគេលឺបន្លឺឡើង នៅ Sarmin និងនៅតាមទីកន្លែងវាយប្រហារ អាវុធគីមីផ្សេងៗ ទៀត៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី