ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ឈរឈ្មោះជ្រើសរើស ជើងឯកពានរង្វាន់ ESPY ប្រចាំឆ្នាំក្រោមការរៀបចំឡើង ដោយភ្នាក់ងារការសែត ESPN របស់អាមេរិក ពេលនេះបានធ្លាក់ទៅលើ កីឡាការិនី Ronda Rousey ។
Ronda Rousey ដែលជាកីឡាការិនីបោកចំបាប់ UFC បានឈ្នះពានរង្វាន់ប្រចាំឆ្នាំ ESPY ក្រោមសមាសភាពវត្ដមានដោយកីឡាករជាច្រើន ក្នុងនោះគឺមាន Floyd Mayweather, Gennady Golovkin, Terence Crawford និង Donald Cerrone ជាដើម។ ស្ថិតក្នុងឱកាសដ៏អស្ចារ្យនោះផងដែរ វីរៈនារី កីឡាការិនីបោកចំបាប់រូបនេះ ក៏បាន ចំអកផ្លែផ្កា ពាក្យសម្ដីឌឺដងជាច្រើន ដល់ Floyd ដែលត្រូវបានគេដាក់ឲ្យឈរឈ្មោះ ក្នុងកម្មវិធីនោះ។
Ronda Rousey បាននិយាយថា" ខ្ញុំមានអារម្មណ៍សប្បាយចិត្ដខ្លាំងណាស់ ក្នុងឱកាសមួយនេះ ហើយខ្ញុំក៏មានការភ្ញាក់ផ្អើលផងដែរថា តើ Floyd មានអារម្មណ៍យ៉ាងណាដែរ ពេលដែលត្រូវចាញ់មនុស្សស្រីយ៉ាងដូច្នោះ.." ។
Ronda Rousey គឺជាកីឡាការិនីផ្នែកបោកចំបាប់វៃក្នុងទ្រុង ធ្លាប់ប្រកួតបាន ១១ ដង ឈ្នះទាំង ១១ដង និងផ្ដួលគូរប្រកួតបាន ២ដង និងកាច់ផ្ដួលគូរប្រកួត ឲ្យចុះចាញ់ ៩ដង។
គូសបញ្ជាក់ផងដែរថា ព្រឹត្ដិការណ៍ពានរង្វាន់ ជើងឯកកីឡាករនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសអាមេរិក ដោយមានការបោះឆ្នោតប្រមូលសម្លេងនៃការគាំទ្រតាមរយៈអនឡាញ។ ពានរង្វាន់នេះ គឺមិនត្រឹមតែធ្វើឡើងសម្រាប់តែអាជីពជាកីឡាករនេាះទេ ប៉ុន្ដែក៏មានការប្រារព្ធឡើងសម្រាប់ អាជីពជាសិល្បៈករផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ philly