ស្ត្រីជនជាតិអូស្រ្តាលីម្នាក់ ដែលបានក្លែងថាខ្លួន មានជំងឺមហារីកដំណាក់កាលដំបូង មុនពេលបោកប្រាស់យកលុយពីមិត្តភក្តិឪពុកម្ដាយរបស់នាង ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ខែ។
នាង Hanna Dickenson អាយុ ២៤ឆ្នាំបានទទួលប្រាក់ជំនួយចំនួន ៤២.០០០ ដុល្លារអូស្រ្តាលី (៣១.០០០ ដុល្លារអាមេរិក) បន្ទាប់ពីនាង បានប្រាប់ឪពុកម្តាយរបស់នាងថា នាងចាំបាច់ត្រូវទៅព្យាបាលជំងឺនៅបរទេស។
ប្រភពពីតុលាការបានឱ្យដឹងថា ឪពុកម្តាយរបស់នាងបានទទួលប្រាក់ជំនួយពីមិត្តភក្តិរបស់ពួកគាត់។ តុលាការបានឱ្យដឹងទៀតថា នាង Dickenson បានចំណាយលុយជាច្រើននៅថ្ងៃឈប់សម្រាក និងការចាយវាយជាមួយមិត្ដភក្ដិផ្សេងៗ ។ ចៅក្រមម្នាក់បានហៅ ការឆបោកនេះថា ជាអំពើគួរឱ្យស្អប់ខ្ពើម។
នាង Dickenson បានសារភាពទោសកំហុស នៅក្នុងតុលាការ Melbourne ទៅនឹងការចោទប្រកាន់ចំនួន ៧ នៃការទទួលយកទ្រព្យសម្បត្តិ ដោយការបោកប្រាស់។
នៅក្នុងការផ្តន្ទាទោសនេះ លោកចៅក្រម David Starvaggi បានមានប្រសាសន៍ថា នាង Dickenson បាន "ជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្ដអំពើ ដែលធ្វើឱ្យមនុស្សស្រក់ទឹកភ្នែកដោយអារម្មណ៍ក្ដុកក្ដួលជាខ្លាំង" ។
លោកចៅក្រម បន្ថែមថា៖ "បំណងប្រាថ្នារបស់មនុស្ស និងការជឿទុកចិត្តក្នុងសង្គម ត្រូវបានរំលោភបំពាន ដោយអំពើបែបនេះ។ ពួកគេ គឺជាក្រុមមនុស្ស ដែលធ្វើការយ៉ាងលំបាក ដើម្បីរកលុយមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន មិនគួរឡើយនាង បោកប្រាស់ទឹកចិត្ដរបស់ពួកគេទេ" ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ប៊ីប៊ីសុី