នៅពេលចាប់ផ្តើមសវនាការរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី ស្ត្រីពីរនាក់ បានឆ្លើយតបចំពោះបទចោទ ថាខ្លួនពុំបានសម្លាប់ លោកគីម ជុងណាម ដែលជាបងប្រុសឪពុកផ្សេងគ្នា របស់មេដឹកនាំកូរ៉េខាងជើងនោះទេ ។ លោកគីមបានស្លាប់ កាលពីខែកុម្ភៈ នៅឯព្រលានយន្តហោះគូឡាឡាំពួ ក្នុងករណីអាថ៌កំបាំងមួយ ដែលធ្វើឱ្យពិភពលោកមានការងើងឆ្ងល់។
ស្រ្ដីជាប់ចោទ Doan Thi Huong ជនជាតិវៀតណាម អាយុ ២៩ ឆ្នាំ និងស្រ្ដីជាប់ចោទជនជាតិឥណ្ឌូនេស៊ីឈ្មោះ Siti Aisyah អាយុ ២៥ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទលាបសារធាតុពុលកម្រិតខ្ពស់(toxic nerve agent VX) ទៅលើមុខរបស់ជនរងគ្រោះ។
ប៉ុន្តែស្ត្រីជាប់ចោទទាំងពីរនាក់ បានអះអាងថា ភ្នាក់ងាររបស់កូរ៉េខាងជើង បានបោកបញ្ឆោតពួកនាងឱ្យធ្វើវា ដោយមិនដឹងខ្លួន។ ក្រុងព្យុងយ៉ាង បានបដិសេធចំពោះការជាប់ពាក់ព័ន្ធណាមួយ នៅក្នុងការស្លាប់របស់លោក Kim។
ស្ត្រីជាប់ចោទទាំងនេះ បានដើរឱនក្បាលឆ្លងកាត់អ្នកកាសែតជាច្រើននាក់ ដែលបានប្រមូលផ្តុំគ្នា នៅខាងក្រៅតុលាការ នៅក្រុង Shah Alam ខាងក្រៅទីក្រុង Kuala Lumpur កាលពីព្រឹកថ្ងៃចន្ទ។
ភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ជនសង្ស័យត្រូវបានដាក់ខ្នោះ និងពាក់អាវការពារគ្រាប់កាំភ្លើង។ បន្ទាប់ពីការចោទប្រកាន់របស់ពួកគេ ត្រូវបាន អាននៅតុលាការ ជាភាសាឥណ្ឌូនេស៊ី និងភាសាវៀតណាម ស្ត្រីទាំងពីរនាក់នេះ បានឆ្លើយតបចំពោះការចោទប្រកាន់តាមរយៈអ្នកបកប្រែ។
លោកគីម ដែលមានអាយុប្រហែល ៤០ ឆ្នាំ គឺជាបងប្រុសឪពុកផ្សេងគ្នារបស់មេដឹកនាំ គីម ជុងអ៊ុន ហើយបានរស់នៅបរទេស នៅពេលដែលលោកបានស្លាប់។
កាមេរ៉ាទូរទស្សន៍ CCTV បានចាប់យករូបភាពស្ត្រីទាំងពីរនាក់ ដែលបានចូលកៀកជនរងគ្រោះ នៅឯព្រលានយន្តហោះគូឡាឡាំពួ នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ និងបានយកដៃរបស់គេទៅលាបលើមុខរបស់ជនរងគ្រោះ។ ភ្លាមៗនោះ ជនរងគ្រោះ បានរត់ទៅរកឱ្យបុគ្គលិកព្រលានយន្តហោះជួយ ប៉ុន្តែជនរងគ្រោះ បានដួលទៅនឹងកម្រាលឥដ្ឋ និងបានស្លាប់ប៉ុន្មាននាទីក្រោយមក។
អាជ្ញាធរម៉ាឡេស៊ី បានធ្វើការវិនិច្ឆ័យសាកសព ហើយបានប្រកាសថា ជនរងគ្រោះបានស្លាប់បន្ទាប់ពីប៉ះជាមួយសារធាតុពុល VX ដែលត្រូវបានចាត់ថ្នាក់ថា ជាអាវុធប្រល័យកលោក ដោយអង្គការសហប្រជាជាតិ។
ស្ត្រីពីរនាក់ ត្រូវបានចាប់ខ្លួនដោយប៉ូលីសម៉ាឡេស៊ី បន្ទាប់ពីការស្លាប់របស់ជនរងគ្រោះ។ ពួកគេទទូចថា ពួកគេគិតថា វាគ្រាន់តែជាល្បិចកលរបស់ទូរទស្សន៍ប៉ុណ្ណោះ។
មេធាវីការពារក្តីរបស់ពួកគេ បាននិយាយថា ពួកគេនឹងជជែកតវ៉ាថា ជនសង្ស័យពិតប្រាកដបានចាកចេញពីប្រទេសម៉ាឡេស៊ីទៅហើយ។ ប្រទេសម៉ាឡេស៊ី បានចុចឈ្មោះជនជាតិកូរ៉េខាងជើងជាច្រើននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសនេះភ្លាមៗ បន្ទាប់ពីការសម្លាប់នេះថាជនទាំងនោះ មានការជាប់ពាក់ព័ន្ធនឹងរឿងក្តីនេះ។
ឧបទ្ទវហេតុនេះ បាននាំឱ្យមានជម្លោះការទូត និងភាពតានតឹងធ្ងន់ធ្ងរ នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានបណ្តេញឯកអគ្គរដ្ឋទូត ចេញរៀងៗខ្លួន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC