លោក Donald Trump បានលុបចោលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ចក្រភពអង់គ្លេស ដែលបានគ្រោងទុកសម្រាប់ខែកុម្ភៈ ដោយនិយាយថា លោកមិនមែនជា "អ្នកគាំទ្រធំ" ចំពោះស្ថានទូតអាមេរិក នៅទីក្រុងឡុងដ៍ ដែលលោកត្រៀមនឹងសម្ពោធដំណើរការនោះទេ ។
គេរំពឹងថា ប្រធានាធិបតីអាមេរិក នឹងបើកដំណើរការអាគារមួយ ដែលមានតម្លៃ ១ ពាន់លានដុល្លារ ( ៧៣៨ លានផោន) ដែលត្រូវបានដាក់ឱ្យដំណើរការសាងសង់ដោយលោក បារ៉ាក់ អូបាម៉ា ដែលលោក Trump បាននិយាយថា គម្រោងសាងសង់នេះ គឺជា "កិច្ចព្រមព្រៀងមិនល្អ"។
ពិធីសម្ពោធដំណើរការស្ថានទូតនេះ អាចត្រូវបានរៀបចំឡើងដោយរដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក លោក Rex Tillerson ។ លោក Trump បានទទួលយកការអញ្ជើញរបស់ម្ចាស់ក្សត្រីសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋ នៅពេលដែលលោកស្រី Theresa May បានជួបជាមួយលោកកាលពីឆ្នាំមុន។
វិមាន Downing Street បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការលុបចោលដំណើរទស្សកិច្ចការងាររបស់ លោក Trump ទៅកាន់ចក្រភពអង់គ្លេស នៅខែកុម្ភៈនេះ ។ នៅក្នុងអត្ថបទមួយបង្ហោះលើបណ្ដាញ Twitter លោក Trump បាននិយាយថា លោកមិនសប្បាយចិត្តទេ ដែលរដ្ឋបាលរបស់លោក អូបាម៉ា បានលក់ស្ថានទូតសហរដ្ឋអាមេរិកនៅឧទ្យាន Grosvenor Square ក្នុងទីក្រុងឡុង ជាថ្នូរនឹង "របស់កំប៉ិចកំប៉ុក" ។
លោកបាននិយាយថា អាគារថ្មីនៅតំបន់ Vauxhall ភាគខាងត្បូងទីក្រុងឡុងដ៍ ស្ថិតនៅក្នុង "កន្លែងដាច់ពីទីប្រជុំជន" ចង់ឱ្យខ្ញុំទៅកាត់ខ្សែបូរនោះ គឺមិនបាននោះទេ!"
BBC យល់ថា វិមាននាយរដ្ឋមន្រ្ដី N0 10 Downing Street កំពុងពិចារណាជម្រើសផ្សេងទៀតដើម្បីរៀបចំដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកក្រោយក្នុងឆ្នាំនេះ ដោយមានគម្រោងអញ្ជើញលោក Trump មកទទួលទានអាហារថ្ងៃត្រង់ ជាមួយព្រះមហាក្សត្រិយានី នៅវិមាន Buckingham ផងដែរ។
អ្នកឆ្លើយឆ្លងព័ត៌មានការទូតរបស់ BBC លោក James Landale និយាយថា មកទល់នឹងពេលនេះ ពុំទាន់មានកាលបរិច្ឆេទណាមួយច្បាស់លាស់ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ត្រូវបានព្រមព្រៀងគ្នានោះទេ ហើយខាងសេតវិមានក៏«បិទបាំងព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចនេះ» ផងទៅទៀត ។
លោក Woody Johnson ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំចក្រភពអង់គ្លេស កាលពីខែមុនបានប្រាប់ BBC ថា លោករំពឹងថា លោក Trump នឹងមកធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេស ក្នុងឆ្នាំថ្មីនេះ។
ព័ត៌មានចុងក្រោយបំផុតអមមកជាមួយ រាយការណ៍ថា លោក Trump ចង់ពន្យារពេលដំណើរទស្សនកិច្ចដ៏មានសក្តានុពលនេះ ចំពេលមានការព្រួយបារម្ភអំពីការតវ៉ាទ្រង់ទ្រាយធំ។
ក្នុងអំឡុងពេលព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រី នៅពិធីសម្ពោធបើកឱ្យប្រើប្រាស់វិមានរដ្ឋសភា កាលពីរដូវក្តៅកន្លងទៅនេះ ព្រះមហាក្សត្រី ពុំមានសុវណ្ណន័យលើកឡើងអំពីដំណើរទស្សនកិច្ចនោះទេ បើទោះបីអ្នកនាំពាក្យវិមាននាយរដ្ឋមន្រ្ដី Downing Street បាននិយាយថា លិខិតអញ្ជើញមួយត្រូវបានទទួលយកក៏ដោយ។
យោងតាមលោក Jon Sopel អ្នកសារព័ត៌មានរបស់ BBC ប្រចាំនៅអាមេរិកខាងជើងឱ្យដឹងថា លោក Trump មានអារម្មណ៍ថា ស្ថានទូតនេះគឺជាកេរ្តិ៍ដំណែលនៃអ្នកស្នងតំណែងលោកបារ៉ាក់អូបាម៉ា ដែលលោកបានកាន់តំណែង នៅពេលដែលតំបន់នេះ ត្រូវបានធានាសុវត្ថិភាព នៅឆ្នាំ ២០០៨ ។
ការមិនចុះសំរុងគ្នា កាលពីពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស មិនត្រូវបានគេគិតថា បានចូលរួមចំណែក នៅក្នុងការសម្រេចចិត្តនេះនោះទេ ហើយបូករួមទាំងចលនារបស់លោក Trump ក្នុងការទទួលស្គាល់ក្រុងយេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ក៏មិនបានរួមចំណែកដល់ការសម្រេចចិត្ដនេះដែរ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ប៊ីប៊ីសុី