តើអ្នកមានដឹងទេថា ទឹកចិត្តរបស់ឪពុកម្តាយមានចំពោះកូនមានទំហំប៉ុណ្ណានោះ? គឺមាន
ទំហំមួយដ៏មហាធំធេង ដែលមិនមានអ្វីអាចប្រដូចស្មើបានឡើយ។
តាំងពីមានកូនមកចាប់កំណើតនៅក្នុងផ្ទៃម្តាយមក ទាំងឪពុក និងម្តាយសុទ្ធតែទទួលនូវការលំបាក
យ៉ាងច្រើន។ ជាពិសេសអ្នកម្តាយ ពេញរយះពេល ៩ខែ ១០ថ្ងៃ អ្នកម្តាយពិតជារ៉ាប់រងនូវការលំបាក
យ៉ាងច្រើនក្រាស់ក្រែលក្នុងការថែរក្សាផ្ទៃ ក៏ដូចជាការចាញ់កូន។ អ្វីដែលពិបាក ស្ទើរតែថាគ្មានអ្វី
ពិបាកជាងនេះទៀតឡើយ គឺនៅថ្ងៃសំរាលនេះតែម្តង។ អ្នកម្តាយទទួលរងនូវការឈឺចាប់យ៉ាងខ្លាំង
ដែលក្នុងពេលនោះ ហើយក៍ជាការប្រឈមមុខនឹងសេចក្តីស្លាប់គ្រប់វីនាទីផងដែរ។
ចំណែកលោកឪពុក ក៏ពិបាកមិនចាញ់អ្នកម្តាយប៉ុន្មានដែរ គឺលោកត្រូវទទួលរ៉ាប់រងទាំងអស់ ទាំង
ការងាររកប្រាក់ចិញ្ចឹមគ្រួសារ ទាំងការងាររបស់មនុស្សស្រីគ្រប់ជំពូក នៅពេលដែលម្តាយធ្វើអ្វីមិន
បានក្នុងពេលពរពោះ និងទើបសម្រាលហើយ។
វីដេអូស្មូត "ទឹកចិត្តម្តាយ"
វីដេអូស្មូត "ទឹកចិត្តឪពុក"
ប៉ុន្តែសំរាប់ទឹកចិត្តដ៏ធំធេងរបស់ឪពុកម្តាយដែលមានចំពោះកូន បើទោះជាលំបាក មានភាពឈឺ-
ផ្សាររហូតដល់ត្រូវបាត់បង់ជីវិត ក៏លោកឪពុក និងអ្នកម្តាយមិនដែលរារែក រអ៊ូរទាំឡើយ តែងតែ
ផ្តល់ភាព កក់ក្តៅ មេត្តាករុណា ស្រលាញ់ថែរក្សាកូនតាំងពីថ្ងៃមកចាប់កំណើតក្នុងផ្ទៃ រហូតដល់
កូនប្រសូត្រ ធំធាត់ពេញរូបរាង មានប្តី ប្រពន្ធ កូនទៅទៀត ក៏លោកឪពុក អ្នកម្តាយនៅតែគិតបា-
រម្ភពីកូនចៅជានិច្ច។ពួកលោកមិនដែលគិតចង់បានអ្វីពីកូនវិញឡើយ សុំតែកូនមានសេចក្តីសុខ
សប្បាយ គឺពួកលោកទាំងពីរសប្បាយចិត្តណាស់ទៅហើយ តែបើកូនជួបទុក្ខព្រួយវិញ គឺពួកគាត់
នឹងជួបទុក្ខព្រួយទ្វេដង។
ដូច្នេះគួរគប្បីកូនប្រុសកូនស្រីទាំងអស់ សូមកុំមើលរំលងពីទឹកចិត្ត គុណូបការៈ របស់ឪពុកម្តាយ។
ចូរនាំគ្នាស្រលាញ់ គោរព តបស្នងសងគុណលោកទាំងពីរវិញ។ គប្បីកុំធ្វើទង្វើទាំងឡាយណាដែល
ធ្វើឲ្យឪពុកម្តាយមិនសប្បាយចិត្ត កើតទុក្ខដោយសារយើង។ សូមចងចាំទុក្ខណា កុំធ្វើឲ្យឪពុកម្តាយ
ស្រក់ទឹកភ្នែក ព្រោះថាទឹកភ្នែកឪពុកម្តាយយើងហែលមិនរួចឡើយ។ សង្ខារមនុស្សគឺមិនទៀង សូម
កុំឲ្យមានវិប្បដិសារីតាមលងបន្លាចយើងទៅថ្ងៃក្រោយ តបស្នងសងគុណលោកទាំងពីរ ចាប់ពីពេល
ឥឡូវនេះតាមលទ្ធភាពដែលយើងធ្វើបាន។ "ធ្វើបុណ្យទាន់ខែភ្លឺ" កុំរង់ចាំដល់ពួកលោក ឈឺសម្រាន្ត
នឹងកន្ទេលពិសារអ្វីលែងកើត ទើបនឹកឃើញយកម្ហូបអាហារមក ពេលនោះបើទោះជាឆ្ងាញ់ៗ ថ្លៃៗ
កំរិតអាហារសួគ៌ក៏ដោយ ក៏គ្មានប្រយោជន៍អ្វីទៀតឡើយ ពោលគឺពួកលោកទទួលលែងបានហើយ៕
ដោយ៖ សិលា