កាលពីប៉ុន្មានខែកន្លងទៅនេះ គេហទំព័រ Camnews.com.kh បានចុះផ្សាយម្តងរួចមកហើយ នូវ
វីដេអូមួយស្តីពីភាពគ្មានចិត្តមនុស្សធម៌ លើមនុស្សជាតិដូចគ្នា ដែលក្នុងនោះ បុរសម្នាក់បាន
ជិះម៉ូតូដួល បោកក្បាលសន្លប់ មុខហាងទំនិញមួយ និងមានមនុស្សម្នា ធ្វើដំណើរទៅមកជាច្រើន
ប៉ុន្តែគ្មានអ្នកណាម្នាក់ឈឺឆ្អាលជួយ សូម្បីតែជួយទូរស័ព្ទហៅឡានពេទ្យជួយសង្គ្រោះ ឬប៉ូលិស
មកជួយអន្តរាគមន៍ ក៏គ្មានដែរ។ ថ្មីៗនេះ មានវីដេអូខ្លីមួយប្រហាក់ប្រហែលគ្នា ត្រូវបានគេបង្ហោះ
នៅលើអ៊ីនធឺណេត បានបង្ហាញនូវភាពគ្មានចិត្តមនុស្សធម៌ ជួយគ្នា ដ៏គួរឲ្យខ្លាចមួយ ដែលទង្វើ
នេះទទួលបានការរិះគន់ជាច្រើន ពីមនុស្សទូទៅ បន្ទាប់ពីពួកគេបានទស្សនាវីដេអូនេះរួចមក។
នៅក្នុងវីដេអូខ្លីខាងក្រោមនេះ និយាយអំពីស្ត្រីម្នាក់បានជិះកង់អាគុយ ធ្វើចរាចរលើដងផ្លូវមួយ។
គាប់ជួនមានសត្វឆ្កែមួយក្បាលរត់ឆ្លងកាត់ និងប៉ះជាមួយកង់គាត់ ធ្វើគាត់ដួលមួយជំហខ្លួនលើផ្លូវ
តែម្តង។ ប្រហែលពេលដួលនោះ គាត់មានរបួសឈឺចាប់ខ្លាំង ទើបធ្វើឲ្យគាត់មិនអាចក្រោកវិញ
បានដោយខ្លួនឯងឡើយ។ ដោយសង្ឃឹមថា នឹងមានគេជួយ ព្រោះនៅពេលគាត់ដួលនោះ មាន
មនុស្សម្នាធ្វើដំណើរឆ្លងកាត់ច្រើនដែរ ប៉ុន្តែផ្ទុយពីអ្វីដែលបានគិត អ្នកដំណើរទាំងនោះ បានត្រឹម
តែមើលនឹងភ្នែក (មិនជួយសូម្បីតែ ជួយទូរស័ព្ទហៅឡានពេទ្យ ឬប៉ូលិសមកអន្តរាគមន៍) ហើយ
នាំគ្នាដើរហួស ធ្វើហាក់ដូចជាមិនបានឃើញអ្វីទាំងអស់។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
ក្នុងនាមយើងជាមនុស្សជាតិដូចគ្នា បើទោះជាជាតិសាសន៍ដូចគ្នា ឬសាសន៍ដទៃ បើសិនបានជួប
ហេតុការណ៍ដូច្នេះ សូមកុំនាំគ្នាមើលនឹងភ្នែក អាចជួយអ្វីបាន គួរណាស់តែជួយ។ ពិតណាស់ក្នុង
ពេលកន្លងមក មានសកម្មភាពមួយចំនួនតូច ដែលពួកគាត់មានចិត្តជួយដោយចិត្តស្មោះ បែរជា
ទទួលរងនូវការចោទប្រកាន់ផ្សេងៗមកលើខ្លួនទៅវិញ ដែលមានន័យថា "ធ្វើគុណ បែរជាបាន
ទោស"។ តែបើសិនខ្លាចកើតមានប្រការនេះមកលើខ្លួន ដោយគ្រាន់តែជួយទូរស័ព្ទហៅឡានពេទ្យ
មកជួយសង្គ្រោះ ឬហៅប៉ូលិសមកជួយអន្តរាគមន៍ ពីចម្ងាយ ប្រាកដជាមិនកើតមានបញ្ហាអ្វីមកលើ
ខ្លួនយើងឡើយ៕
ដោយ៖ សិលា
វីដេអូ៖ youtube