CamNews

សុខភាព 

ពេលឈឺពោះជិតសម្រាលកូន តិចមិនដឹងថា ត្រូវញ៉ាំអ្វីទៅ!!

វិធីដ៏ប្រសើរ ដើម្បីដោះស្រាយការមិនស្រួលក្នុងខ្លួន ទាក់ទងនឹងការឈឺពោះជិតសម្រាលកូន គឺការទទួលទានអាហារឱ្យ បានត្រឹមត្រូវ។ ការទំពារអាហារសម្រន់ដែលអ្នកចូលចិត្ដអាចផ្ដល់ឱ្យអ្នក នូវភាពវិជ្ជមានក្នុងខ្លួនពេលឈឺពោះជិត សម្រាលកូន ពោលគឺជួយឱ្យអ្នកមានសមត្ថភាពដោះស្រាយការពិបាក។ ទោះបីជាយ៉ាងណា វេជ្ជបណ្ឌិតប្រាថ្នាចង់ឱ្យអ្នកអនុវត្តតាមការណែនាំ ចំពោះការទទួលទានអាហារ ក្នុងអំឡុងពេលអ្នកឈឺពោះជិតសម្រាលកូន។ តួយ៉ាង ប្រសិនបើអ្នកស្ថិតនៅក្នុងសភាពឈឺពោះជិតសម្រាល ដ៏ស្មុគស្មាញ អ្នកអាចត្រូវបានអនុញ្ញាតឱ្យទទួលទានអាហាររាវៗប៉ុណ្ណោះ។


ចំណុចគួរពិចារណា ចំពោះការទទួលទានអាហារ ក្នុងអំឡុងពេលឈឺពោះជិតសម្រាលកូន
១. ប្រសិនបើវេជ្ជបណ្ឌិតផ្ដល់អនុសាសន៍ឱ្យអ្នកទទួលទានអាហាររាវ វាគួរតែជារឿងដ៏ប្រសើរ ក្នុងការទទួលទានស៊ុប
ផ្សេងៗ ដែលធ្វើដោយដៃអ្នកនៅផ្ទះ។ ចូរគិតដល់ ស៊ុបមាន់ ឬស៊ុបបន្លែ ដែលត្រូវបានរៀបចំរួចរាល់នៅឯផ្ទះ ប៉ុន្ដែអ្នក
ត្រូវឱ្យប្រាកដថា ស៊ុបនោះមិនមានរសជាតិប្រៃពេក នោះទេ។

២. ចំពោះការទទួលទានភេសជ្ជៈ អ្នកអាចសាកល្បងទទួលទាន ទឹក ទឹកផ្លែឈើស្រស់ ដោយមិនមានលាយជាតិខាប់
និងត្រូវចៀសវាងភេសជ្ជៈសម្រាប់ទទួលទានពេលលេងកីឡា ភេសជ្ជៈមានហ្គាសច្រើន ទឹកតែ ឬកាហ្វេខ្មៅ។
 
៣. ប្រសិនបើលំហាត់ប្រាណដកដង្ហើមវែងៗធ្វើឱ្យបំពង់ក. របស់អ្នកស្ងួត ការបៀមដុំទឹកកក គឺជាដំណោះស្រាយ ដ៏
ប្រសើរ ។ ការបៀមដុំទឹកកក ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងធ្វើឱ្យបំពង់ករបស់អ្នកមានសំណើម។
 
៤. ប្រសិនបើគ្រូពេទ្យអនុញ្ញាតឱ្យអ្នកទទួលទានអាហាររឹង ចូរពិចារណាចំពោះប្រភេទអាហារមានរសជាតិស្រាល។
ចូរកុំភ្លេចដាក់បញ្ចូលប្រភេទអាហារ ដែលអ្នកចូលចិត្ដផង។ ជម្រើសអាហារមួយចំនួនអាច ដូចជា សង់ខ្យាមានរស
ជាតិស្រាល នំបុ័ងអាំងលាបជាមួយ Jam ធញ្ញជាតិ និងចាហួយជាដើម។ ចូរចៀសវាងការទទួលទាន អាហារសម្រន់
ដែលមានខ្លាញ់ច្រើន ព្រោះវាអាចធ្វើឱ្យរាងកាយរបស់អ្នកស្ពឹក និងទន់ល្ហិតល្ហៃ។
 
៥. ក្នុងករណី ដែលអ្នកត្រូវការបង្កើនថាមពលរាងកាយបន្ថែម ចូរពិចារណាចំពោះអាហារសម្រន់វេចខ្ចប់រួច​ស្រេច ដែលសម្បូរដោយថាមពលខ្ពស់។ ជម្រើសអាហារមួយចំនួននោះ អាចរួមមាន នំស្រួយប៊ឺ ចំណិតសាច់ មិនមានជាតិខ្លាញ់ ផ្លែឈើ ប្រូមា
(Cheese) និងប្រភេទអាហារផ្សេងៗទៀត។ នៅពេលអ្នកមានគម្រោងទទួលទានអាហារ ក្នុងអំឡុងពេលឈឺពោះជិតសម្រាលកូន ចូរចងចាំជានិច្ចថា​ ការដុតរំលាយអាហារក្នុងរាងកាយរបស់អ្នក មានដំណើរការយឺតនារយៈពេលនេះ។ ហេតុដូច្នេះចូរទទួលទានអាហារក្នុងបរិមាណតិចដើម្បីឱ្យការរំលាយអាហារដំណើរការបានស្រួល ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ top10homeremedies


Tags: Health news