ការមានផ្ទៃពោះ ពាក់ព័ន្ធនឹងកត្ដាជាច្រើន ដែលយើងត្រូវយកចិត្ដទុកដាក់ជាចម្បង។ អារម្មណ៍សប្បាយ ឬកើតទុក្ខ គុណភាពនៃការរួមភេទ និងកត្ដាផ្លូវកាយ អាចរួមចំណែកក្នុងការកំណត់បានថា តើស្រ្ដីអាចមានផ្ទៃពោះ ឬក៏អត់។ ខាងក្រោមនេះ យើងសូមណែនាំវិធីធម្មជាតិមួយចំនួន ដែលអាចជួយឱ្យស្រ្ដីឆាប់មានផ្ទៃពោះ៖
១. កំណត់ចំណាំថ្ងៃ ដែលអ្នកមានឱកាសខ្ពស់ក្នុងការមានកូន៖ ការដឹងច្បាស់នូវអំឡុងពេល ដែលអ្នកអាចមានឱកាសខ្ពស់ក្នុងការមានកូន គឺជារឿងសំខាន់ណាស់ ប្រសិនបើអ្នកកំពុងព្យាយាមយកកូន។ ជាទូទៅ រាងកាយរបស់អ្នក បញ្ចេញអូវ៉ុលនៅចន្លោះ ១២ និង ១៦ ថ្ងៃមុនមករដូវ។ កោសិកាមេជីវិតបុរស អាចរស់ក្នុងស្បូនស្រ្ដីបានរយៈពេល ៣ ទៅ ៤ថ្ងៃ ខណៈពងមេជីវិតស្រ្ដី អាចបង្កកំណើតបានចន្លោះ ២៤ ទៅ ៤៨ ម៉ោង។
ដើម្បីអាចមានឱកាសខ្ពស់ក្នុងការមានកូន អ្នកគួររួមភេទរាល់ថ្ងៃ ឬពីរថ្ងៃម្ដង នៅសប្ដាហ៍ទី ២ និងទី៣ នៃការមករដូវ ដើម្បីធ្វើឱ្យកោសិកាមេជីវិតមានសុខភាពល្អ ដែលអំណោយផលដល់ការមានកូន។
២. ញ៉ាំអាហារ ដែលទ្រទ្រង់ដល់ការមានកូន៖ យើងសូមណែនាំឱ្យអ្នកទាញយកប្រយោជន៍ពីសារធាតុប្រឆាំងអុស៊ីដកម្ម ដែលមាននៅក្នុងបន្លែផ្លែឈើ ព្រមទាំងជាតិវីតាមីន និងអាស៊ីដហ្វូលីកនៅក្នុងគ្រាប់ធញ្ញជាតិ និងអាស៊ីដខ្លាញ់អូមេហ្កា៣ ដែលមាននៅក្នុងសាច់ត្រីដូចជាត្រីធូណា ត្រីសាម៉ង់ ត្រីសាឌីន និងគ្រឿងសមុទ្រ។
៣.ក្បាច់រួមភេទ៖ វាជាគំនិតដ៏ល្អ ក្នុងការប្រើក្បាច់រួមភេទ ដែលអាចឱ្យប្រដាប់ភេទបុរសជ្រៀតចូលជ្រៅក្នុងទ្វារមាស ជាពិសេសក្បាច់វាយលុកពីលើតែម្ដង ពីព្រោះក្បាច់នេះជួយឱ្យទឹកកាមបុរសបាញ់ចូលទ្វារមាសស្រ្ដីបានល្អ។ ក្បាច់រួមភេទ ដែលអំណោយផលដល់ការមានកូនដទៃទៀត គឺការវាយលុកពីក្រោយ ឬវាយលុកចំហៀង។ ចំណុចដ៏ល្អមួយទៀត គឺមិនត្រូវដកលិង្គចេញភ្លាមៗ ក្រោយបាញ់ចេញទឹកកាមនោះទេ ដើម្បីកុំឱ្យមេជីវិតឈ្មោល ខ្ចាយចេញពីទ្វារមាស។ ក្រោយរួមភេទ សូមគេងផ្ងារដោយលើកជើងទាំងពីររបស់អ្នកឡើងលើឱ្យបាន ១៥ នាទី ដោយដាក់កល់ខ្នើយក្រោមចង្កេះរបស់អ្នក។ វិធីនេះ នឹងធ្វើឱ្យទឹកកាម ស្ថិតនៅក្នុងស្បូនបានយូរ។
អ្នកគួរជៀសវាងប្រើក្បាច់រួមភេទ ដែលឱ្យខាងស្រីឈរ ឬវាយលុកពីលើ ពីព្រោះក្បាច់នេះ អាចធ្វើឱ្យកោសិកាមេជីវិត ហូរចេញពីទ្វារមាសឆាប់រហ័ស។
៤. ឱសថព្យាបាលរោគ៖ ការព្យាបាលរោគ ដោយឱសថមួយចំនួនដូចជា ថ្នាំគ្រាប់សម្រាប់ព្យាបាលការធ្លាក់ទឹកចិត្ដ ឬការថប់អារម្មណ៍ អាចប៉ះពាល់ដល់សមត្ថភាពមានកូន ឬបណ្ដាលឱ្យទារកក្នុងផ្ទៃពិការអវៈយវៈ ឬរលូត។ ដូច្នេះវារឿងចាំបាច់ ក្នុងការប្រឹក្សាជាមួយវេជ្ជបណ្ឌិតអំពីបញ្ហានេះ។
៥. គុណភាពមេជីវិត៖ គុណភាពមេជីវិត គឺជាកត្ដាគ្រឹះ ក្នុងការធ្វើឱ្យស្រ្ដីមានផ្ទៃពោះ។ ស្រ្ដេស ការនឿយហត់អស់កម្លាំង ផឹកគ្រឿងស្រវឹងច្រើន ជក់បារី ការប្រើប្រាស់គ្រឿងញៀន ព្រមទាំងទម្លាប់ទទួលទានអាហារមិនល្អ ធ្វើឱ្យថយចុះបរិមាណ និងគុណភាពមេជីវិត។ គំនិតល្អមួយទៀត គឺបុរសមិនត្រូវស្លៀកសម្លៀកបំពាក់ណា ដែលតឹងពេកនោះទេ។ ពងស្វាស ត្រូវឱ្យមានកម្រិតសីតុណ្ហភាពទាបជាងសីតុណ្ហភាពរាងកាយ។ ខោក្នុងតឹងពេក នឹងធ្វើឱ្យត្បៀតពងស្វាសទៅនឹងរាងកាយ ហើយនឹងធ្វើឱ្យគុណភាពមេជីវិតធ្លាក់ចុះ។
៦. ស្នេហា៖ ការរួមភេទ ក្នុងគោលបំណងតែម្យ៉ាងដើម្បីឱ្យមានផ្ទៃនោះ មិនមែនជាគំនិតដ៏ល្អនោះទេ។ វាអាចផ្ទះពាល់ដល់ជីវិតផ្លូវភេទរបស់អ្នក ដូច្នេះត្រូវរក្សាទំនាក់ទំនងស្នេហាឱ្យស្អិតរមួត។ វាជារឿងសំខាន់ណាស់ ក្នុងការធ្វើឱ្យស្នេហាដើរតួជាផ្នែកមួយ ដែលនាំឱ្យមានការរួមភេទ ពីព្រោះវាពង្រឹងសម្ព័ន្ធភាពស្នេហារបស់អ្នកឱ្យរឹងមាំ និងជួយឱ្យសម្រេចគោលបំណងមានបុត្រដូចប្រាថ្នា ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ steptohealth