CamNews

ព័ត៌មានអន្តរជាតិ 

លើលោកនេះ មានប្រទេសប៉ុន្មានដូចប្រទេសនេះ! អនុម័តច្បាប់រឹបអូសទ្រព្យសម្បត្ដិឯកជនរបស់ពលរដ្ឋ

អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បាននិយាយ កាលពីថ្ងៃអង្គារថា ច្បាប់ស៊ីរីលេខ ១០ ឆ្នាំ ២០១៨ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលរឹបអូសយកទ្រព្យសម្បត្តិឯកជន ដោយពុំផ្ដល់សំណងអ្វីឡើយ ដែលច្បាប់នេះនឹងរារាំងជនភៀសខ្លួនមិនឱ្យត្រឡប់ មកកាន់ប្រទេស ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមមួយនេះ។

ច្បាប់ថ្មីនេះ នឹងផ្ដល់អំណាចឱ្យរដ្ឋាភិបាលបង្កើតនូវតំបន់អភិវឌ្ឍឡើងវិញ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល រឹបអូសយកដី នៅក្នុងតំបន់នោះ ប្រសិនបើពុំមានពលរដ្ឋរូបណា មកប្រកាសអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួនទេនោះ។ ពលរដ្ឋ ដែលទទួលបានជោគជ័យ ក្នុងការបង្ហាញថាខ្លួនជាម្ចាស់កម្មសិទ្ធិដីធ្លី ក៏នៅតែត្រូវរើចេញពីតំបន់នោះដែរ ប៉ុន្ដែពួកគេ នឹងអាចទទួលផលចំណេញ ឬប្រាក់សំណងពីគម្រោងអភិវឌ្ឍឡើងវិញនោះ។ ទោះជាយ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយថា គម្រោងអភិវឌ្ឍន៍នោះ ពុំមានលក្ខណៈវិនិច្ឆ័យ ឬកាលកំណត់ច្បាស់លាស់នោះទេ ។

ពលរដ្ឋ ដែលបរាជ័យក្នុងការបង្ហាញថាខ្លួនជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្ដិនោះ នឹងមិនមានឱកាសប្តឹងឧទ្ធរណ៍ ចំពោះការសម្រេចរបស់រដ្ឋនោះទេ។ កម្មសិទ្ធិករ មានរយៈ ៣០  ថ្ងៃដើម្បីធ្វើការទាមទារកម្មសិទ្ធិរបស់ខ្លួន។


អង្គការឃ្លាំមើលសិទិ្ធមនុស្សនិយាយថា ការបង្ហាញវត្តមានដើម្បីធ្វើការទាមទារកម្មសិទ្ធិ គឺជាឧបសគ្គរបស់ពលរដ្ឋ ដែលបានភៀសខ្លួនចេញពីប្រទេស។ ទោះជាយ៉ាងណាក៏ដោយ សាច់ញាតិ អាចធ្វើការទាមទារជំនួសម្ចាស់កម្មសិទ្ធិ ។ ប៉ុន្ដែសាច់ញាតិនោះ ត្រូវតែបញ្ជាក់ពីមូលហេតុ ដែលម្ចាស់កម្មសិទ្ធិ មិនអាចបង្ហាញវត្ដមានដោយខ្លួនឯងបាន។ លើសពីនេះទៀត ប្រសិនបើគ្មានពលរដ្ឋណាម្នាក់ ធ្វើការអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិទេនោះ ដីនេះនឹងក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលស៊ីរី។

យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្ស រដ្ឋាភិបាលស៊ីរីបានចាត់វិធានការស្រដៀងគ្នានេះ ក្នុងឆ្នាំ ២០១២  និងឆ្នាំ ២០១៣។ អង្គការនេះនិយាយថា ច្បាប់នេះ មានលក្ខណៈផ្ទុយនឹងច្បាប់អន្ដរជាតិ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news