CamNews

តារា 

សំ ជីវ័ន្ត ផឹកស្រាស្រវឹងជោក ឈប់រថយន្តដេកតាមផ្លូវ ឲ្យត្រូវនឹងពាក្យ "បើស្រវឹងកុំបើកបរ"

ភ្នំពេញ៖ ពាក្យថា "បើស្រវឹងកុំបើកបរ" ជាសារមួយ ដែលសាធារណៈជន ទូទៅតែងតែ និយាយពីមួយទៅមួយ ដើម្បីក្រើនរំឭកទៅដល់អ្នកដែលបានផឹកស្រាស្រវឹង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុណាមួយ បណ្ដាលឲ្យបាត់បង់ជីវិត ឬខាតបង់ថវិកា និងពេលវេលា ជាដើម។ កាលពីរាត្រីថ្ងៃឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នេះ មានបុរសរូបសង្ហាម្នាក់ ដែលទស្សនិកជនស្គាល់ យ៉ាងច្បាស់ថា ជាតារាសម្តែង លោក សំ ជីវ័ន្ត ហៅ "តារាសក់សំពោង" បានសម្រេចចិត្តឈប់រថយន្ត នៅតាមផ្លូវដេក ព្រោះតែការផឹកស្រាស្រវឹងខ្លាំងពេក មិនហ៊ានបើកបរបន្ត ឲ្យត្រូវនឹងសារដែលគេនិយាយថា "បើស្រវឹងកុំបើកបរ"។

តារាសម្តែង និងជាអ្នកលេងភ្លេងលោក សំ ជីវ័ន្ត ហៅ តារាសក់ក្រញ៉ាញ់សំពោង បានបង្កការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់ប្រជាពលរដ្ឋ ទាំងកណ្តាលរាត្រី វេលាម៉ោង ២៖៤០នាទី ឈានចូល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះ នៅតាមផ្លូវ ប៉េតុងភ្នំពេញថ្មី (ផ្លូវ១៩៨៦) ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយលោកបានឈប់រថយន្តរបស់ខ្លួន ម៉ាកហុងដា ស្វិត ពណ៌ស ពាក់ស្លាកលេខ បណ្តោះអាសន្ន ដេកនៅតាមចិញ្ចើមផ្លូវ បន្ទាប់ពីរូបលោក បានចាកចេញពីពិធីជប់លៀង ឡើងគេហដ្ឋានថ្មី របស់តារាចម្រៀងស្រី កញ្ញា អេនណា ហៅ ង៉ែត លីតា។

ជាមួយគ្នានោះ ខណៈដែល លោក សំ ជីវ័ន្ត បានដេកលង់លក់ដោយអំណាចស្រានោះ ក៏មានជនមិនស្គាល់មុខ ឆ្លៀតឱកាសបន្លំលួចយករបស់របរ របស់លោក មួយចំនួន តែមិនដឹងថា បាត់របស់មានតម្លៃអ្វីខ្លះទេ។ សម្រាប់រឿងដែល លោកស្រវឹងគេងតាមផ្លូវរហូតបាត់របស់ទ្រព្យនោះ ក៏មានទស្សនិកជនជាច្រើន បានថ្លែងកោតសរសើរ លោកផងដែរ ដោយសារតែលោកជា តារាមួយដួង ដែលមានទំនួលខុសត្រូវសុខចិត្ត ឈប់រថយន្តគេងតាមផ្លូវ ព្រោះតែដឹងខ្លួនមិនអាច បើកបរបានតែជាអកុសល លោកបែរជា បាត់ទ្រព្យ របស់ខ្លួនមួយចំនួនទៅវិញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh