CamNews

កីឡាជាតិ 

លោក វ៉ាត់ ចំរើន ទទួល​បាន​ខ្សែ​ក្រវាត់​ខ្មៅ​ការាតេ ៧​ដាន់ ពី​អង្គ​ការ​អន្តរ​ជាតិ

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលខ្សែក្រវាត់ខ្មៅ កម្រិត៧ដាន់ ពីអង្គការ Karate Kenshinkan អន្តរជាតិ នេះបើយោងតាមគេហទំព័ររបស់ NOCC ។

ជាមួយនឹងអាជ្ញាប័ណ្ណដែលទទួលស្គាល់ដោយលោកនាយកអង្គការខាងលើនេះ គឺលោក Takeyuki Hayama នេះ មិនមែនជាខ្សែក្រវាត់ កិត្តិយសដែលសម្រាប់បំពាក់ដល់អ្នកដែលចូលរួមយ៉ាងសកម្មជាមួយការាតេ ឬ ជាអ្នកដែលធ្វើអ្វីៗ ដើម្បីការាតេនោះទេ តែនេះជាខ្សែក្រវាត់ដែលបានមកពីសមត្ថភាព ផ្ទាល់របស់អគ្គលេខាធិការតែម្តង ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា កន្លងមកលោកបានប្រកួតសម ជាមួយអ្នកការាតេជប៉ុនដែលមាន កម្រិតខ្សែក្រវាត់ ៨ដាន់ ជាមួយនឹងការប្រកួត នោះដែរ លោកបានបង្ហាញនូវកាតា (មេគុន) របស់ការាតេនៅចំពោះមុខ អ្នកការាតេ ដែលមានខ្សែក្រវាត់ធំៗរបស់ជប៉ុន ទើបអង្គការ Karate Kenshikan នេះផ្ដល់ខ្សែក្រវាត់នេះដល់លោក នោះ ។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើនេះ ជាមន្ត្រីកីឡាជានខ្ពស់មួយរូបដែលមានចំណូលចិត្តខាងកីឡាប្រយុទ្ធ តាំងពីក្មេងមកម្ល៉េះ ។ ក្នុងវ័យ១៣ឆ្នាំ លោកបានចាប់ផ្ដើមហ្វឹកហាត់កីឡាប្រយុទ្ធ ដែលមានចំបាប់សាំបូ (ជាប្រភេទកីឡា គ្មានខ្សែក្រវាត់) មានខ្សែក្រវាត់យូដូកម្រិត ២ដាន់ ព្រមទាំងធ្លាប់ហ្វឹកហាត់ ក្បាច់គុនបុរាណខ្មែរ២ឆ្នាំ កាលពីឆ្នាំ១៩៨៧-១៩៨៩ ទៀតផង ។

កាលពីឆ្នាំ១៩៩៦ លោកបានទៅចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងអាត្លង់តាស ហរដ្ឋអាមេរិក ។ ពេលនេះ លោកមានអាយុ៤៦ឆ្នាំហើយ ហើយលោក បានក្លាយជាអ្នកដឹកនាំកីឡាជាន់ខ្ពស់នៅកម្ពុជា ព្រមទាំងចូលរួមយ៉ាងសកម្ម ជាមួយប្រភេទកីឡាប្រយុទ្ធដូចជាល្បុក្កតោជាដើម ថែមទៀតផង ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh