អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា អ្នកស្រី Yanghee Lee កាលពីថ្ងៃពុធកន្លងទៅនេះ បានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ជួយគាំទ្រការស៊ើបអង្កេតមួយ ដែលធ្វើឡើងដោយតុលាការព្រហ្មទណ្ឌអន្ដរជាតិ ចូលទៅក្នុងការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងសហគមន៍រ៉ូហ៊ីងយ៉ា។
អ្នកស្រីបាននិយាយថា៖“ខ្ញុំសូមស្នើឱ្យតុលាការព្រហ្មទណ្ឌអន្ដរជាតិ គួរបើកការស៊ើបអង្កេត និងផ្ដន្ទាទោសជនទាំងឡាយណា ដែលជាប់សង្ស័យថា បានរំលោភលើនីតិសិទ្ធិមនុស្សអន្ដរជាតិ និងនីតិមនុស្សធម៌អន្ដរជាតិ ឬរៀបចំយន្ដការ ដែលគួរឱ្យទុកចិត្ដបានមួយទៅលើបញ្ហានោះ”។ អ្នកស្រីក៏បានអំពាវនាវផងដែរឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវបង្កើតយន្ដការគណនេយ្យភាព ក្រោមជំនួយអង្គការសហប្រជាជាតិ ដោយមិនគួរពន្យារពេល”។
យោងតាមអ្នកស្រី Lee យន្ដការនេះ នឹងស៊ើបអង្កេតចំពោះការរំលោភបំពាន កំណត់ឱ្យបាននូវឧក្រឹដ្ឋជន ដែលទទួលខុសត្រូវក្នុងការប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌ ព្រមទាំងផ្ដល់ការគាំពារដល់ជនរងគ្រោះ។
អ្នកស្រី LEE បានសម្ដែងការខកចិត្ដចំពោះក្រុមប្រឹក្សាអង្គការសហប្រជាតិ ដែលមិនទាន់បានបញ្ជូនរបាយការណ៍នៃការរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ទៅឱ្យតុលាការព្រហ្មទណ្ឌអន្ដរជាតិ។ អ្នកស្រី បាននិយាយថា គ្មានការស៊ើបអង្កេតណាមួយ ដែលធ្វើឡើងដោយមីយ៉ាន់ម៉ា ឈានដល់មាត្រដ្ឋានអន្ដរជាតិឡើយ ហើយការស៊ើបអង្កេតទាំងនោះ ទំនងជាធ្វើឱ្យសហគមន៍អន្ដរជាតិ វិលមុខ។
កាលពីដើមខែនេះ អង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយមីយ៉ាន់ម៉ាដែលអាចនាំទៅដល់ការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់មកវិញ។ កាលពីខែឧសភា អ្នកស្រី Lee បានជំរុញឱ្យមានការការពារជនស៊ីវិល ក្នុងគ្រាមានអំពើហឹង្សា នៅមីយ៉ាន់ម៉ា។ នៅខែមេសា អង្គការសហប្រជាជាតិ និងប្រទេសបង់ក្លាដែស បានព្រមព្រៀង លើការវិលត្រឡប់ចូលប្រទេសវិញ ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនរូហ៊ីងយ៉ា ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ jurist