នាយករដ្ឋមន្ត្រីលោក Prayut Chan-ocha បាននិយាយ កាលពីថ្ងៃអង្គារថា លោកដឹងកន្លែងលាក់ខ្លួនរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck Shinawatra ដែលត្រូវបានបណ្តេញចេញពីតំណែង ប៉ុន្តែលោកនឹងមិនបង្ហាញពីទីតាំងរបស់លោកស្រីនោះទេ លុះត្រាតែមានការចេញសាលដីកាពីតុលាការ នៅសប្តាហ៍នេះ នៅក្នុងការជំនុំជម្រះក្ដីប្រកបដោយការប្រមាទមួយនេះ។
លោកស្រីយីងឡាក់ បានបាត់ខ្លួនពីប្រទេសថៃភ្លាមៗ មុនពេលសាលដីការបស់តុលាការកំពូលមួយ ដែលគ្រោងនឹងប្រកាស នៅថ្ងៃទី ២៥ ខែសីហាកន្លងទៅនេះ។ មេធាវីរបស់លោកស្រី បាននិយាយថា លោកស្រីមានជំងឺ ដោយសារបញ្ហាត្រចៀក ហើយមិនអាចបង្ហាញខ្លួននៅក្នុងតុលាការ បាននោះទេ។
លោកឧត្តមសេនីយ៍ Prayut មេបញ្ជាការទ័ពម្នាក់ ដែលបានផ្តួលរំលំរដ្ឋាភិបាលលោកស្រី យីងឡាក់ នៅក្នុងរដ្ឋប្រហារមួយ កាលពីខែឧសភា ឆ្នាំ ២០១៤ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា៖ "ខ្ញុំដឹងថា លោកស្រី យីងឡាក់នៅឯណា ប៉ុន្តែខ្ញុំនឹងមិននិយាយនោះទេ"។
លោកបាននិយាយថា៖ "ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថា តើលោកស្រីនៅទីណា ក្រោយថ្ងៃទី ២៧ ខែកញ្ញានេះ។ ខ្ញុំមានអ្នកស៊ើបការណ៍" ។ លោកបានបន្ថែមថា បើតាមលោកដឹង អ្នកស្រី យីងឡាក់ មិនបានស្វែងរកសិទ្ធិជ្រកកោន នៅបរទេសនោះទេ។
លោកស្រី យីងឡាក់ ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំប្រសិនបើតុលាការរកឃើញថា លោកស្រីមានពិរុទ្ធភាពចំពោះការធ្វេសប្រហែស ក្នុងគម្រោងឧបត្ថម្ភធនស្រូវអង្ករដែលបានជួយឱ្យលោកស្រី បានឡើងកាន់អំណាច នៅក្នុងការបោះឆ្នោតសកល ឆ្នាំ ២០១១ ។
លោកស្រី យីងឡាក់ ដែលធ្លាប់តែសកម្ម ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ មិនបានធ្វើការអធិប្បាយជាសាធារណៈនោះទេ ចាប់តាំងពីបានបាត់ខ្លួន ពីភ្នែកសាធារណជន កាលពីខែមុនមក។ គណបក្ស ភឿថៃ របស់លោកស្រី បាននិយាយថា ខាងគណបក្ស មិនដឹងថា លោកស្រី យីងឡាក់ នៅទីណានោះទេ។
សារព័ត៌មាន Reuters បានរាយការណ៍ កាលពីខែមុនថា លោកស្រី បានភៀសខ្លួន ទៅកាន់ទីក្រុងឌូបៃ ជាកន្លែងដែលបងប្រុស និងជាអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន មានផ្ទះមួយកន្លែង ហើយរស់នៅ ក្នុងការនិរទេសខ្លួនដោយខ្លួនឯង ដើម្បីគេចចេញពីការជាប់ពន្ធនាគារឆ្នាំ ២០០៨ ពីបទពុករលួយ។
អាជ្ញាធរថៃ ដែលធ្វើការស៊ើបអង្កេតពីរបៀប ដែលលោកស្រី រត់គេចខ្លួន បាននិយាយ កាលពីសប្តាហ៍មុនថា ពួកគេបានចោទសួរមន្ត្រីប៉ូលីសបីនាក់ ដែលបានសារភាពថា បានជួយលោកស្រីយីងឡាក់ ឱ្យរត់គេចខ្លួន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost