CamNews

កីឡាជាតិ 

លោក Lee៖ យើងទាំងអស់គ្នា គួរឈប់​គាំទ្រ​តែ​បុគ្គល ដូចជា​ វឌ្ឍនាកា ឬ មុន្នីឧត្តម ជាដើម

ភ្នំពេញ៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកគាំទ្រ ទាំងអស់ គួរបញ្ឈប់វប្បធម៌គាំទ្រ ឬចាប់អារម្មណ៍តែបុគ្គលក្នុងវិស័យបាល់ទាត់ទៀតទៅ ព្រោះវាអាចប៉ះពាល់ដល់ អារម្មណ៍កីឡាករផ្សេងៗ ដែលមិនមែនជា Idol របស់អ្នកទាំងអស់គ្នា ហើយក៏ជាកត្ដាធ្វើឲ្យវិស័យកីឡាបាល់ទាត់មិនរីក ចម្រើនផងដែរ ។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការត្រៀមជួបប្រកួតរវាងក្រុម ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិស៊ីរី ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅរុស្ស៊ី នាថ្ងៃទី ០៨ ខែកញ្ញាស្អែកនេះ ។ លោក Lee បានបញ្ជាក់នៅមុខអ្នកសារព័ត៌ជាតិ និងអន្ដរជាតិ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញានេះ ថា កីឡាបាល់ទាត់ គឺជាកីឡាលេងជាក្រុម មិនមែនមានកីឡាករល្អម្នាក់ ឬពីរនាក់អាចលេងបាននោះទេ ។

លោក Lee បានបន្ដថា «ខ្ញុំចាប់អារម្មណ៍ថា បច្ចុប្បន្នទាំងអ្នកសារព័ត៌មាន និងអ្នកគាំទ្រ ដូចជានិយមគាំទ្រកីឡាករតែ ម្នាក់ៗ ដូចជាកីឡាករ ចាន់ វឌ្ឍនាកា ឬ ប្រាក់ មុន្នីឧត្តម ជាដើម ដែលពួកគេចាត់ទុកជា Idol របស់ខ្លួន ។ ប៉ុន្ដែខ្ញុំសូម បញ្ជាក់ថា បាល់ទាត់គឺលេងជាក្រុម មិនមែនគាត់២នាក់លេងបាននោះទេ ហើយបច្ចុប្បន្ន វឌ្ឍនាកា និង មុន្នីឧត្ដម មិន មែនជាកីឡាករអាជីពឡើយ ។ ការធ្វើបែបនេះមិនមែនជួយឲ្យវិស័យកីឡាបាល់ទាត់រីកចម្រើននោះទេ ផ្ទុយទៅវិញវា អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍កីឡាករដទៃ ដែលគ្នាខិតខំលេងដូចគ្នា ដើម្បីជួយក្រុមមួយនេះស្វែងរកជ័យជំនះ» ។

លោកបានបន្ថែមថា បច្ចុប្បន្នវិស័យបាល់ទាត់កម្ពុជា កំពុងមានភាពរីកចម្រើន ប៉ុន្ដែទន្ទឹមជាមួយនឹងភាពរីកចម្រើននោះ គឺនៅមានកម្រិតនៅឡើយ ហេតុនេះយើងត្រូវការការរួមចំណែក និងជំរុញលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បី សម្រេចបាននូវផែនការរយៈ ពេលវែងរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាពិសេសគឺរាជរដ្ឋាភិបាលកម្ពុជាតែម្ដង ដែលបានចូលរួមលើកស្ទួយ និងបំផុសបំផុលសកម្មភាព កីឡាយ៉ាងគគ្រឹកគគ្រេងនាពេលនេះ និងថ្ងៃអនាគត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh