CamNews

ព័ត៌មានអន្តរជាតិ 

តុលាការឧទ្ធរណ៍កូរ៉េខាងត្បូង ដោះលែងទាយាទរបស់ក្រុមហ៊ុន Samsung

កូរ៉េ ៖ តុលាការឧទ្ធរណ៍របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ បានផ្អាកការកាត់ទោសដាក់ពន្ធនាគាររយៈពេល  ២ឆ្នាំកន្លះ លើរូបលោក Jay Y Lee ដែលជាទាយាទមហាសេដ្ឋីរបស់ក្រុមហ៊ុន Samsung Group ។

កាលពីខែសីហា តុលាការក្រុងសេអ៊ូល បានរកឃើញថា លោក Lee បានសូកប៉ាន់ប្រាក់ដល់អតីតប្រធានាធិបតីលោកស្រី Park Geun-hye ដោយសង្ឃឹមថា នឹងទទួលបានផលប្រយោជន៍ពីលោកស្រី Park ។ លោក Lee ក៏ត្រូវបានតុលាការកាត់ទោសផងដែរពីបទកេងប្រវ័ញ្ច លាក់ទុកទ្រព្យសម្បត្តិ នៅក្រៅប្រទេស លាក់បាំងពីបទល្មើសព្រហ្មទណ្ឌ និងផ្ដល់សក្ខីកម្មទុច្ចរិតដល់តុលាការ ។

នៅក្នុងការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ សាលាឧទ្ធរណ៍បានសម្រាលស្ថានទម្ងន់ទោស នៅក្នុងសេចក្ដីសម្រេចដើមគ្រារបស់លោក Lee ហើយបានបដិសេធចំពោះការចោទប្រកាន់ពីបទសូកប៉ាន់ និងការលួចបន្លំ ដែលជាលទ្ធផលធ្វើឱ្យលោក LEE រួចផុតពីការជាប់ពន្ធនាគារ។

នេះគឺជាការវិវត្តន៍ថ្មីបំផុត នៅក្នុងរឿងអាស្រូវរបស់រដ្ឋាភិបាល ដែលមានការជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប និងនាយកប្រតិបត្តិក្រុមហ៊ុនដ៏ល្បីល្បាញមួយនេះ។ អ្នកស្រី Park ត្រូវបានបណ្តេញចេញពីតំណែង នៅខែមីនា ឆ្នាំ ២០១៧ បន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់ ពីបទល្មើស ដែលនាំឱ្យមានការចាប់អារម្មណ៍ពីសាធារណជន ចំពោះទំនាក់ទំនងពុករលួយរវាងប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង នាយកប្រតិបត្តិនៃក្រុមហ៊ុនធំ ៗ និងមេដឹកនាំនយោបាយរបស់ប្រទេសនេះ។

នៅមុនពេលសវនាការលើកចុងក្រោយនៅឯសាលាឧទ្ធរណ៍ លោក Lee បានបង់ប្រាក់ចំនួន ៨ ពាន់លានវ៉ុន (៧,៣ លានដុល្លារអាមេរិក) ឱ្យទៅក្រុមហ៊ុន Samsung Electronics វិញ ដែលប្រាក់ទាំងអស់នេះ តុលាការបាននិយាយថា គឺជាប្រាក់ ដែលលោក Lee បានកិបកេងក្នុងពេលកន្លងមក ៕


ប្រែសម្រួល៖ រិន សារ៉ាត

ប្រភព៖ Jurist 


Tags: International news