CamNews

ព័ត៌មានអន្តរជាតិ 

មនុស្សស្លាប់កាន់តែច្រើន នៅក្នុងអំពើហិង្សាប្រទេសនីការ៉ាហ្គ័រ ខណៈការចចារត្រូវបរាជ័យ

យ៉ាងហោចណាស់ មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ខណៈកងកម្លាំងរដ្ឋាភិបាល បានបើកប្រតិបត្ដិការមួយដើម្បីគ្រប់គ្រងទីក្រុង Masaya ឡើងវិញ។

ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ និយាយថា កងកម្លាំងសន្ដិសុខ និងយោធា បានប្រើប្រាស់កម្លាំងមិនសមាមាត្រ ដើម្បីកម្ទេចរនាំងការពារ​ កាលពីថ្ងៃអង្គារ។

ប្រតិបត្ដិការនោះ ត្រូវបានបើកមួយថ្ងៃ ក្រោយពីរាជ័យនៃកិច្ចចចាររវាងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Daniel Ortega’s និងក្រុមប្រឆាំង។  មនុស្សជាង ១៨០​ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងរយៈពេល ២ ខែនៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។


ប្រជាពលរដ្ឋ រស់នៅក្នុងទីក្រុង Masaya បាននិយាយថា ក្រុមយោធា ដែលស្មោះស្ម័គ្រនឹងលោកប្រធានាធិបតី Ortega បានទទួលខុសត្រូវ ក្នុងការប្រព្រឹត្ដអំពើហិង្សាភាគច្រើន។ ក្រុមយោធា បានមកដល់នៅព្រឹកថ្ងៃចន្ទតាមឡានត្រាក់ទ័រ និងឡានដឹកទំនិញ ដើម្បីគ្រប់គ្រងទីក្រុងឡើងវិញ។

ក្រុមអ្នកតវ៉ា បានប្រើកាំភ្លើងត្បាល់ច្នៃ និងជំពាមដើម្បីបណ្ដេញពួកយោធា នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ជាអតីតបន្ទាយនៃបដិវត្តន៍ស្តានីន្តា នៅឆ្នាំ ១៩៧០ ទីក្រុង Masaya នេះ បានក្លាយទៅជានិមិត្តរូបនៃការប្រឆាំងនឹងរដ្ឋបាលលោក អូតូចា។

របាំងជាច្រើនត្រូវបានបង្កើតឡើង កាលពីប៉ុន្មានសប្តាហ៍មុន នៅក្នុងទីក្រុងនានា នៅទូទាំងប្រទេសនីការ៉ាហ្គ័រដោយសកម្មជនប្រឆាំង ដែលកំពុងទាមទារឱ្យលោក Ortega ចុះចេញពីតំណែង ។

ការតវ៉ាបានផ្ទុះឡើង ដោយសារការកាត់ប្រាក់សោធននិវត្តន៍ និងរបបសន្ដិសុខសង្គមរបស់រដ្ឋាភិបាល ដែលបានប្រកាសកាលពីថ្ងៃទី ១៨ ខែមេសា។

លោក Ortega ដែលបានកាន់តំណែងរយៈពេល ១១  ឆ្នាំហើយនោះ ត្រូវបានបោះឆ្នោតជ្រើសតាំងតាមលទ្ធិប្រជាធិបតេយ្យ នៅឆ្នាំ ២០០៦ ដោយទទួលបានសម្លេងឆ្នោតច្រើនជាង ៧០ % ហើយបាននិយាយថា លោកមានបំណងកាន់អំណាចខ្លួនរហូតដល់ឆ្នាំ ២០២១ ។ រដ្ឋាភិបាលនេះ បានចោទប្រកាន់ក្រុមអ្នកតវ៉ាថា បានប៉ន់ប៉ងធ្វើរដ្ឋប្រហារ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ប៊ីប៊ីសុី


Tags: International news