កូនរមាសមួយក្បាល ត្រូវទុកឱ្យនៅកំព្រា ក្រោយពីមេរបស់វា ត្រូវបានមនុស្សចិត្ដលោភលន់អប្រិយ៍សម្លាប់កាត់យកកុយប្រវែង ១ សម។ នាពេលថ្មីៗនេះ រមាសឈ្មោះ Bella អាយុ ២០ ឆ្នាំ ត្រូវបានបសុពេទ្យ កាត់កុយស្ទើរតែអស់ទៅហើយ ដើម្បីព្យាយាមការពារវា ពីការប៉ុនប៉ងសម្លាប់យកកុយនៃពួកប្រម៉ាញ់។
កាត់ឱ្យខ្លីប៉ុណ្ណោះហើយក៏នៅមិនអាចគេចផុត នៅតែមានមនុស្សចិត្ដលោភលន់ សម្លាប់វាកាត់យកកុយ ដែលនៅសល់ត្រឹមតែ ១ សម។ កូនរបស់របស់ Bella ឈ្មោះ Tank ត្រូវបានរកឃើញកាលពីព្រឹកថ្ងៃសៅរ៍ ដោយវាព្យាយាមស្និទស្នាល ជាមួយមេរមាស និងកូនរមាសមួយក្បាលទៀត ខណៈវាស្រែកយំថ្ងួចថ្ងូររកមេរបស់វា។
Tank ក៏រងរបួសផងទៅទៀត ដែលអាចជាហេតុផល ដែលមេរមាសផ្សេងទៀត ព្យាយាមរុញវាឱ្យទៅឆ្ងាយ។ សាកសពរបស់ Bella ត្រូវបានរកឃើញនៅ ឧទ្យាន Kragga Kamma Game នៅជ្រោយភាគខាងកើតនៃអាហ្វ្រិកខាងត្បូង កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
Bella មានកូនបួនមកហើយ ដែលក្នុងនោះមានឈ្មោះ Belita, Bembi, Champ និង Tank ដែលជាកូនពៅ ហើយសព្វថ្ងៃ Tank ក្លាយជាកូនរមាសកំព្រាមេ នៅអាយុត្រឹមតែ ១៦ ខែប៉ុណ្ណោះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ metro.co.uk