CamNews

យល់ដឹង 

ស្ដ្រីញៀនទូរស័ព្ទជាងបុរស ដល់ទៅពីរដង

ការចាប់ផ្ដើមថ្ងៃថ្មីរបស់ Kim Ji-yeon នោះគឺការចូលទៅកាន់ទំព័រ  Instagram របស់ខ្លួន ដើម្បី
មើលការខំមឹនរបស់មិត្តភ័ក្ដិ ទៅលើការបង្ហោះរបស់ខ្លួន កាលពីយប់មុន។

Kim Ji-yeon ឱ្យដឹងថា “ខ្ញុំតែងតែបង្ហោះអ្វីមួយ រៀងរាល់មុនពេលចូលគេង។ ប្រការនេះ គួរឱ្យ
ចាប់អារម្មណ៍ខ្លាំងណាស់ ដែលក្រោយពីក្រោកពីគេង ខ្ញុំអាចមើលការខំមឹនរបស់អ្នកទាំង
ឡាយ។ ហើយនេះប្រៀបបានដូចជាពិធីមួយសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មី”។

Kim Ji-yeon កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នាងបានប្រាប់ថា ខ្លួនកំពុងញៀននឹងស្មាត
ហ្វូន ដូចមនុស្សដទៃ។ នាងតែងយកវាជាប់តាមខ្លួនជានិច្ច ហើយពេលខ្លះ នាងក៏មានការព្រួយ
បារម្ភខ្លាំង នៅពេលទូរស័ព្ទជិតអស់ថ្ម។

Kim Ji-yeon និយាយនៅលើទំព័រ AFP ថា “ខ្ញុំបារម្ភណាស់ ពេលភ្លេចបញ្ចូលថាមពលថ្មម្ដងៗ។ វាហាក់ដូចខ្ញុំបាត់បង់អ្វីមួយក្នុងការរស់នៅ”។

Kim Ji-yeon គឺជានារីម្នាក់ ក្នុងចំណោមនារីស្ទើរតែទាំងអស់ នៅកូរ៉េខាងត្បូង ដែលបាន
ចំណាយពេលច្រើនក្នុងការលេងទូរស័ព្ទ ពិសេសគឺបណ្ដាញសង្គម។ ការស្រាវជ្រាវថ្មីមួយ
របស់មន្ទីរពេទ្យ Seoul St. Mary បានរកឃើញថា ស្ដ្រីនៅកូរ៉េខាងត្បូង ប្រឈមនឹងការញៀន
ស្មាតហ្វូនដល់ទៅពីរដង បើធៀបនឹងបុរស។

នៅក្នុងការស្រាវជ្រាវ ក្រុមវេជ្ជបណ្ឌិត បានសាកសួរស្ដ្រីចំនួន ២.២៨១នាក់ និងបុរស ២.៥៧៣
នាក់។ ក្នុងចំណោមអ្នកដែលបានចូលរួមក្នុងការស្រាវជា្រវ គឺមានស្ដ្រី ១៧,៩% ញៀននឹង
ទូរស័ព្ទ ចំណែកបុរស មានត្រឹមតែ ៩,៤%។

Kim Dae-jin ដែលជាគ្រូពេទ្យផ្នែកសរសៃប្រសាទម្នាក់ ឱ្យដឹងថា “យើងខ្ញុំយល់ថា មូលហេតុ
ដែលនាំឱ្យស្ដ្រីមានការញៀនទូរស័ព្ទ នោះគឺពួកគេងាយនឹងមានទំនាក់ទំនងតាមរយៈបណ្ដាញ
សង្គម ច្រើនជាងបុរស”។

ការសិក្សាស្រាវជ្រាវខាងលើ ក៏បានរកឃើញថា ស្មាតហ្វូនក៏ជាមូលហេតុដែលនាំឱ្យកើតជម្ងឺផ្លូវ
ចិត្ត និងបញ្ហាទាក់ទឹននឹងសរសៃប្រសាទ ដូចជាការគេចវេសពីការជួបមុខគ្នាផ្ទាល់ជាដើម។

ការសិក្សាស្រាវជ្រាវថ្មីរបស់មន្ទីរពេទ្យ Seoul St. Mary បញ្ជាក់ថា ស្មាតហ្វូនគឺជារបស់មួយដែល
អាចជួយអ្នកមានរោគចិត្ត ក្នុងការគេចវេសពីការជួបគ្នាផ្ទាល់មុខ។ ការសិក្សាស្រាវជ្រាវក៏ឱ្យដឹង
ថា “នៅពេលមនុស្សម្នាក់កំពុងតែមានអារម្មណ៍មិនល្អ ពួកគេនឹងស្វែងរកកន្លែងមួយដើម្បីចាក
ចេញពីការភ័យខ្លាច និងការព្រួយបារម្ភ។​ សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមដែលលាក់
ឈ្មោះពិត ពិភពស្រមោលនឹងនាំមកនូវឱកាសមួយសម្រាប់ការធ្វើជាមនុស្សថ្មី​ និងសកម្មភាព
ថ្មី។ ដូច្នេះ មនុស្សដែលមិនពេញចិត្តនឹងខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ ពួកគេនឹងងាយញៀននឹងពិភព
ស្រមោល ដូចជា Facebook ជាដើម”៕

ប្រែសម្រួល ៖ បុត្រា


Tags: ញៀនទូរស័ព្ទ Kim Ji-yeon ជម្ងឺផ្លូវចិត្ត