ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសថៃ នៅថ្ងៃអាទិត្យម្សិលមិញនេះ ឲ្យដឹងថា ពួកគេបានរកឃើញនូវ ផែនការ សម្ងាត់ ក្នុងការសម្លាប់នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ប្រទេសថៃ បន្ទាប់ពីអាជ្ញាធរបានរឹបអូសនូវបណ្តា សព្វាវុធជាច្រើន ដែលជារបស់ក្រុមសកម្មជន ប្រឆាំងទៅនឹងរដ្ឋាភិបាល។ ប្រភពដដែលបន្តឲ្យដឹងថា នេះគឺជារបបគំហើញចុងក្រោយគេបង្អស់ ក្នុងការរកឃើញនូវ អាវុធជាច្រើន ដែលជាអាវុធមកពីក្រុម អាវក្រហម ដែលត្រូវបានគេស្គាល់ថា ជាក្រុមគាំទ្រដ៏ស្មោះស្ម័គ្រទៅនឹងអតីតនាយករដ្ឋមន្រ្តីថៃ Thaksin Shinawatra ដែល កំពុងតែនិរទេសនៅឯបរទេស ។
សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា នៅថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ មានករណីរកឃើញ សព្វាវុធច្រើនសន្ធឹក ក្នុងនោះ រួមមានដូចជា កាំភ្លើងដៃ កាំភ្លើងខ្លី-វែង គ្រាប់បែក និងគ្រាប់រំសែវ រាប់ រយគ្រាប់ផ្សេងទៀត នៅឯផ្ទះមួយកន្លែង ដែលជាផ្ទះមេដឹកនាំក្រុមអាវក្រហម Wuthipong Kochathamakun ខណៈមេដឹកនាំរូបនេះហើយ បានរត់គេចខ្លួន ចាប់តាំងពីរដ្ឋប្រហារយោធា មកម្ល៉េះ ។ មិនត្រឹមតែប៉ុណ្ណោះ ប៉ូលីសថៃ បានធ្វើការចាប់ឃាត់ខ្លួន បុរស ៩ នាក់ផ្សេងទៀត ក្នុងប្រតិបត្តិការ រឹបអូសយកសព្វាវុធដ៏ច្រើនលើកនេះ ខណៈប៉ូលីសមានអំណះអំណាងថា ខ្លួនមានភស្តុតាងជាក់លាក់ ដែលអាចបញ្ជាក់ថា ពួកគេគឺជាជនសង្ស័យទៅនឹង ក្រុម/បណ្តាញ របស់ពួកគេ ក្នុងការបង្កើតអោយ មានភាពចលាចល ។ ប៉ូលីសឲ្យដឹងថា ពួកគេកំពុងតែមានផែនការ លបវាយប្រហារ ប្រសិនបើមន្រ្តីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរក្រុង បាងកក បន្តប្រតិបត្តិការរបស់ពួកគេ ប្រឆាំងទៅនឹងវត្តអារាមមួយ ដែលកំពុងតែមានរឿងអាស្រូវ កណ្តាលក្រុង ខណៈវត្តមាននេះផ្ទាល់ មានទំនាក់ទំនងល្អនិង ជិតស្និទ្ធ នឹងលោក Thaksin ។ គួររំឮកថា ប៉ូលីសថៃ បានបញ្ឈប់ការស៊ើបអង្កេតទៅលើវត្ត Dhammakaya នា ដើមខែនេះ បន្ទាប់ពីមានការដាក់ការឡោមព័ន្ធ អស់រយៈពេលច្រើនជាង ៣សប្តាហ៍ ដោយពុំបានរក ឃើញតឹកតាងអ្វី បញ្ជាក់ទៅលើអតីតចៅអធិការវត្ត ដែលរងនូវការសង្ស័យថា បានលាងលុយកខ្វក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ