នរណាៗសុទ្ឋតែចង់ មានមិត្តច្រើន និងទូលំទូលាយ។ ប៉ុន្តែមិនមែនមនុស្ស គ្រប់រូបសុទ្ឋតែអាចធ្វើបាននោះទេ។សូមក្រឡេក មើលលក្ខណៈ ៥ យ៉ាងខាងក្រោម ក្នុងការជំរុញឲ្យមានទំនាក់ទំនងល្អ៖
១. ការគោរព
ទំនាក់ទំនងចាប់ផ្តើមឡើង តាមរយៈការគោរពគ្នា ទៅវិញទៅមក ដោយការចេះឲ្យតម្លៃគ្នា។ លោក ឡេស ហ្គីប្លីន ដែលជាអ្នកនិពន្ធសៀវភៅ ផ្នែកទំនាក់ទំនង បានមានប្រសាសន៍ថា “អ្នកមិនអាចធ្វើឲ្យអ្នកដទៃគិតថា វត្តមានរបស់អ្នកសំខាន់នោះទេ ប្រសិនបើ អ្នកបានគិតក្នុងចិត្តដោយស្ងាត់ៗថា អ្នកនោះមិនសំខាន់ចំពោះអ្នក”។ មនុស្សគ្រប់ៗគ្នា សុទ្ធតែមានអារម្មណ៍ ដូច្នេះ ប្រសិនបើអ្នក ចង់បានទំនាក់ទំនងល្អ អ្នកគួរចាប់ផ្តើមវា ជាមួយនឹងការគោរព។ ប៉ុន្តែ អ្នកក៏ត្រូវទទួលបាន ការគោរពពីអ្នកដទៃវិញដែរ។
២. ការចែករំលែកបទពិសោធន៍
ការគោរព អាចជាមូលដ្ឋានគ្រឹះ នៃការទំនាក់ទំនងល្អ ប៉ុន្តែការគោរពតែមួយមុខ មិនគ្រប់គ្រាន់នោះទេ។ អ្នកមិនអាចមានទំនាក់ទំនងល្អភ្លាមៗ ជាមួយមនុស្សដែលអ្នកមិនស្គាល់ នោះទេ។ អ្នកត្រូវការការចែករំលែក បទពិសោធន៍ជាមួយគ្នា ជាច្រើនលើកសិន ហើយវាមិនមែនជារឿងងាយនោះទេ។ ឧទាហរណ៍ជាក់ស្តែង បន្ទាប់ពីលោក ប្រាយអិន ប៊ីលីក (Brian Billick) បានឈ្នះរង្វាន់ 2001 Super Bowl លោកត្រូវបានគេស្នើឲ្យ ដឹកនាំក្រុមយកជើងឯកនៅរដូវកាលក្រោយម្តងទៀត ។ លោកបានឆ្លើយតបវិញថា រឿងនោះប្រាកដជា ពិបាកធ្វើទៅរួចណាស់។ ហេតុអ្វីទៅ? ពីព្រោះ ជារៀងរាល់ឆ្នាំ មានការផ្លាស់ប្តូរ សមាសភាពក្នុងក្រុមទៅដល់ ២៥ភាគរយ ឬ ៣០ភាគរយឯណោះ។ កីឡាករថ្មីៗ មិនមានបទពិសោធន៍ ដូចនឹងក្រុមមុនដែលបានចែករំលែកគ្នា ក្នុងការទទួល យកជ័យជម្នះនោះទេ។
៣.ការជឿទុកចិត្តគ្នា
នៅពេលដែលអ្នកគោរព អ្នកដទៃនិងចំណាយ ពេលវេលាក្នុងការចែករំលែកបទ ពិសោធន៍ជាមួយគ្នាហើយ អ្នកកំពុងតែឆ្ពោះទៅ រកការជឿជាក់គ្នាទៅវិញទៅមក។ ការជឿទុកចិត្តគ្នា គឺជាគន្លឹះដ៏សំខាន់ ក្នុងការសាងទំនាក់ទំនងល្អ។ លោក ចច ម៉ាកដូណាល់ (George MacDonald) ដែលជាកវី ជនជាតិស្កុតឡែន បានលើកឡើងថា “ការទទួលបានការជឿជាក់ ប្រសើរជាង ការទទួលបានសេចក្តីស្រលាញ់”។
៤. ការជួយគ្នាទៅវិញទៅមក
ទំនាក់ទំនងដោយពឹងផ្អែកលើ តែភាគីម្ខាង មិនអាចស្ថិតស្ថេរ បានយូរអង្វែងឡើយ។ ប្រសិនបើ មនុស្សម្នាក់ជាអ្នកដែល តែងតែជួយយកអាសារ ហើយម្នាក់ទៀតគិតតែចាំទទួល នោះទំនាក់ទំនងនេះ នឹងប្រេះស្រំាជាពុំខាន។ ការធ្វើការជាក្រុម ក៏អីចឹងដែរ។ វាត្រូវការមានការផ្លាស់ប្តូរតួនាទីគ្នា ជាអ្នកផ្តល់ឲ្យនិង អ្នកទទួលទៅវិញទៅមក ដូច្នេះអ្នកគ្រប់គ្នា សុទ្ធតែទទួលបានផលប្រយោជន៍ដូចៗគ្នា។
៥.ការសប្បាយរីករាយជាមួយគ្នា
នៅពេលដែលទំនាក់ទំនង មានភាពល្អប្រសើរហើយ មនុស្សគ្រប់គ្នា ចាប់ផ្តើមបង្កើតរឿងសប្បាយៗ ជាមួយគ្នា។ នៅពេលនេះ ត្រឹមតែការនៅជុំគ្នា អាចធ្វើឲ្យរឿងដែលមិនល្អទៅជារឿងល្អវិញបាន។
តើអ្នកចំណាយពេលវេលាច្រើន លើការសាងទំនាក់ទំនងល្អ ជាមួយអ្នកដទៃដែរ ឬទេ ឬក៏អ្នកចូលចិត្តធ្វើព្រងើយ កន្តើយនឹងអ្នកដទៃ? មិនថាអ្នកនៅ ក្នុងលក្ខណៈមួយណាទេ តែអ្នកត្រូវចាំថា ទំនាក់ទំនងល្អ គឺជាផ្លូវដែលអាចឲ្យបុគ្គលម្នាក់ ឬក្រុមមួយអាចទទួលជ័យជំនះបាន៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល