អន្តរជាតិ ៖ ប្រជាជនកំពុងមានការភ័យខ្លាចថា នឹងកើតមាននូវគ្រោះមហន្តរាយបរិស្ថាន នៅក្នុងសមុទ្រចិនខាងកើត ខណៈពេលដែលនាវាដឹកប្រេង នៅតែបន្តលេចធ្លាយប្រេងរយៈពេលពីរថ្ងៃមកហើយ បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយនាវាដឹកទំនិញមួយផ្សេងទៀត។
ក្រុមមន្រ្តីចិន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មនុស្សម្នាកំពុងមានការព្រួយបារម្ភថា នាវានេះ នឹងផ្ទុះឡើង បង្កជាគ្រោះថ្នាក់ និងលិចចូលទៅក្នុងទឹក។ ក្រសួងដឹកជញ្ជូន បាននិយាយថា អ្នកជួយសង្គ្រោះ ដែល ព្យាយាមចូលទៅកាន់តំបន់នោះ ត្រូវបានវាយប្រហារដោយផ្សែងពុល។
នាវិកម្នាក់ ប្រជាជនអ៊ីរ៉ង់ ៣០ នាក់ និងជនជាតិបង់ក្លាដែសពីរនាក់ នៅតែបាត់ខ្លួននៅឡើយ បើទោះបីជាអ្នកជួយសង្រ្គោះអន្តរជាតិ ព្យាយាមស្វែងរកយ៉ាងណាក៏ដោយ។ ទំហំនៃការកំពប់ប្រេង និងគ្រោះថ្នាក់បរិស្ថាន នៅតែមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយ ហើយនាវាដឹកប្រេងនេះទៀតសោត ក៏នៅតែបន្ដឆាបឆេះ នៅព្រឹកថ្ងៃចន្ទនេះនៅឡើយ។
នាវានេះ បានដឹកប្រេងមួយប្រភេទឈ្មោះថា condensate ហើយក្នុងករណីកំពប់ វាអាចមានបង្កគ្រោះថ្នាក់ដល់បរិស្ថានខ្លាំងជាងប្រេងធម្មតា។
លោក John Driscoll បម្រើការនៅក្រុមហ៊ុន JTD Energy Services បានប្រាប់ BBC ថា៖ «ប្រេងប្រភេទ Condensate ទំនងជាហួត និងរលាយចូលជាមួយទឹក។ វាក៏អាចគ្មានពណ៌ និងគ្មានក្លិនដែរ ដូច្នេះវាពិបាកក្នុងការរកឱ្យឃើញ និងសម្អាតចេញ”។
នាវា Sanchi នេះ បានដឹកប្រេងអ៊ីរ៉ង់ចំនួន ១៣៦.០០០ តោន នៅពេលដែលវា បានបុកជាមួយនឹងនាវាដឹកទំនិញចិនមួយគ្រឿង កាលពីយប់ថ្ងៃសៅរ៍ ដែលមានចម្ងាយ ១៦៥ ម៉ាយពីភាគខាងកើតទីក្រុងស៊ាងហៃ។
នាវិកចិនចំនួន ២១ នាក់ត្រូវបានជួយសង្គ្រោះ។ ប្រទេសចិន បានបញ្ជូននាវាជាច្រើនគ្រឿងដើម្បីចេញប្រតិបត្តិការរុករក និងជួយសង្គ្រោះ ខណៈកូរ៉េខាងត្បូងបានជួយជានាវាឆ្មាំសមុទ្រ និងឧទ្ធម្ភាគចក្រ។ កងនាវាចរអាម៉េរិក ក៏បានបញ្ជូនយន្តហោះយោធាមកផងដែរ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះនេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC