(អ៉ីរ៉ាក់)៖ នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Haider al-Abadi បានសន្យាថា ក្រុមឧទ្ទាម ISIS នឹងត្រូវរលាយបាត់ពីទឹកដីអ៉ីរ៉ាក់នៅឆ្នាំ២០១៦ ខណៈដែលនៅពេលនេះ ទីតាំងធំៗដែលស្ថិតក្រោមការគ្រប់គ្រង់របស់ ISIS មួយចំនួនត្រូវបានកងកម្លាំងរដ្ឋាភិបាល រំដោះបានមកវិញ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT នៅថ្ងៃទី២៩ ខែធ្នូ។
នៅថ្ងៃចន្ទម្សិលមិញនេះ កងកម្លាំងរដ្ឋាភិបាលបានកម្ទេចក្រុមឧទ្ទាម ISIS នៅក្នុងទីក្រុង Ramadi ដែលរដ្ឋធានីរបស់ខេត្ត Anbar ដែលមានចម្ងាយ ១១០គីឡូម៉ែត្រពីរដ្ឋធានី Baghdad និងបានរ៉ឹបអូសយកមកវិញ បន្ទាប់ពីធ្លាក់ក្នុងកណ្ដាប់ដៃរបស់ក្រុម ISIS អស់ជាច្រើនខែ។
លោកនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ក៏បានអះអាងផងដែរថា គោលដៅធំបន្ទាប់គឺតំបន់ Mosul ដែលជាមូលដ្ឋានធំមួយរបស់ក្រុម ISIS ស្ថិតនៅភាគខាងជើងនៃប្រទេស៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី