(មូហ្គាឌីស៊ូ)៖ ចំនួនមនុស្សស្លាប់ ដែលបានបង្កឡើងដោយការបំផ្ទុះគ្រាប់បែក នៅយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងសណ្ឋាគារ ឆ្នេរខ្សាច់នៃទីក្រុងមូហ្គាឌីស៊ូ ប្រទេសសូម៉ាលីនោះ គឺជាទង្វើរបស់ពួករដ្ឋអ៊ីស្លាម ISIS ដែលជាបណ្តាញពាក់ព័ន្ធនឹងក្រុម អាល់កៃដា និង al Shabaab បានកើនឡើងដល់ ១០នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦។
លោក Ali Abdullahi មន្ត្រីប៉ូលិសប្រចាំទីក្រុង មូហ្គាឌីស៊ូ បានអះអាងនៅថ្ងៃសុក្រនេះថា មនុស្សស្លាប់ទាំងអស់គឺ មាន ០៦នាក់ជាជនស៊ីវិល, ពីរនាក់ជាកងកម្លាំងសន្តិសុខ, និង ពីរនាក់ទៀតជាអ្នកវាយប្រហារ។ បន្ទាប់ពីការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកនោះ ពួកអាល់កៃដា បានធ្វើការបាញ់បោះមួយប្រាវទៀត ជាមួយកងកម្លាំងសមត្ថកិច្ចនៅវេលាម៉ោង ៣៖០០នាទីទៀបភ្លឺថ្ងៃសុក្រ តែមិនទាន់មានរបាយការណ៍ ថាមានជនរងគ្រោះ ឬក៏អត់នោះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី