ព័ត៌មានអន្តរជាតិ ៖ ភ្ញៀវទេសចរមួយក្រុម ដែលបានទៅទស្សនាកំសាន្ត រមណីយដ្ឋានទាក់ទាញ ទេសចរ បន្ទាយ Naryn-Kala នៅក្នុងទីក្រុង Derbent ភាគខាងជើង ប្រទេស រុស្ស៊ីនោះ រងនូវការ វាយប្រហារ បាញ់សម្លាប់ យប់ថ្ងៃអង្គារ ពីសំណាក់ខ្មាន់កាំភ្លើង មិនស្គាល់ អត្តសញ្ញាណ ជាលទ្ធ ផល ភ្ញៀវទេសចរម្នាក់ស្លាប់ ខណៈ ១០នាក់ផ្សេងទៀតរបួសធ្ងន់ ស្រាល ។
ការវាយប្រហារលើកនេះ បានកើតឡើង នៅពេលដែលក្រុមភ្ញៀវ ទេសចរ មាន គ្នាប្រមាណជាង ២០ នាក់ កំពុងតែមានវត្តមាននៅបន្ទាយបុរាណ Naryn-Kala នៅ ក្នុងទីក្រុង Derbent ភាគខាង ជើង ប្រទេសរុស្ស៊ី នាយប់ថ្ងៃអង្គារនេះ ។
សារព័ត៌មានក្នុងស្រុក ដកស្រង់សម្តីមន្រ្តីប៉ូលីស តំបន់កើតហេតុឲ្យដឹងថា ខ្មាន់កាំភ្លើងគឺបើកការ វាយប្រហាររបស់ខ្លួន សំដៅគោលដៅភ្ញៀវទេសចរតែម្តង ដោយបានបាញ់ Flash ចំភ្ញៀវទេសចរ ធានាអោយបានថា គ្រាប់កាំភ្លើងរបស់ខ្លួន មិនបាញ់ខុសគោលដៅ ។ ជនរងគ្រោះជាភ្ញៀវទេសចរ ១១ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះ ម្នាក់ បានស្លាប់បាត់បង់ជីវិត ។ មន្រ្តីប៉ូលីស ដែលជាអាជ្ញាធរមានសមត្ថកិច្ចប្រចាំតំបន់អោយដឹងថា ក្រុមការងាររបស់ខ្លួនបានរកឃើញសំបក គ្រាប់ កាំភ្លើង ៦៧ គ្រាប់ នៅទីតាំងកើតហេតុ។ យោងតាមក្រុមការងារស៊ើបអង្កេត អោយដឹងថា ក្រុមខ្មាន់កាំភ្លើង ដែលបានបើកការវាយប្រហារនោះ គឺលួចបាញ់ចេញពីក្នុងព្រៃ ក្បែរទីតាំងកើត ហេតុ។ ប្រភពបញ្ជាក់អោយដឹងថា ការវាយប្រហារលើកនេះ គឺជាការវាយប្រហារ ពីសំណាក់ក្រុម ឧទ្ទាមក្នុងស្រុក បើកការសងសឹកទៅលើក្រុមពលរដ្ឋក្នុងស្រុក ប្រទេស រុស្ស៊ី ដែលកំពុងតែរីក រាយក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំថ្មី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ