គណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) បានដាក់ពាក្យបណ្តឹង កាលពីថ្ងៃសុក្រប្រឆាំងនឹងលោក Donald Trump ប្រទេសរុស្ស៊ី អ្នកជំនាញកម្មវិធីកុំព្យូទ័រលោក Julian Assange អង្គការ Wikileaks និងជំនួយការរបស់របស់ Trump ជាច្រើនរូប រួមទាំងលោក Donald Trump Jr, លោក Jared Kushner និងលោក Paul Manafort ។
ពាក្យបណ្តឹង ដែលបានដាក់ប្ដឹង នៅក្នុងតុលាការសង្កាត់របស់សហរដ្ឋអាមេរិកនៃក្រុងញូវយ៉ក បានចោទប្រកាន់ចំពោះបទល្មើសចំនួន ១២ រួមទាំងឧក្រិដ្ឋកម្មកុំព្យូទ័រ ការចូលគ្រប់គ្រងបណ្ដាញដោយគ្មានការអនុញ្ញាត ការបោកប្រាស់ ការសមគំនិតប្រព្រឹត្ដទុច្ចរិត និងការរំលោភបំពានច្បាប់ Wiretap ។
ពាក្យបណ្តឹងនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតចំពោះ បណ្ដាញកុំព្យូទ័ររបស់ DNC ។ ពាក្យបណ្តឹងនេះ បានចោទប្រកាន់ថា លោក Trump និងជំនួយការរបស់លោក បានដឹង និងគាំទ្រចំពោះគ្រោងការណ៍របស់រុស្ស៊ីក្នុងការប្រើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីធ្វើឱ្យប៉ះពាល់ដល់បណ្ដាញកុំព្យូទ័ររបស់ DNC ។
យោងតាមពាក្យបណ្តឹង ឱ្យដឹងទៀតថា៖ "ជនជាប់ចោទ បានធ្វើឱ្យខូចខាត និងបង្អាក់សមត្ថភាពរបស់ DNC ក្នុងការបញ្ជូនតម្លៃ និងចក្ខុវិស័យរបស់គណបក្ស ទៅកាន់អ្នកចូលរួមបោះឆ្នោតអាមេរិក ហើយបានសាបព្រោះភាពមិនចុះសម្រុងគ្នា នៅក្នុងគណបក្សប្រជាធិបតេយ្យ ខណៈដែលការរួបរួមរបស់គណបក្សមានសារៈសំខាន់ចំពោះជោគជ័យនៃការបោះឆ្នោត ព្រមទាំងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើ ទំនាក់ទំនងខាងក្រៅ និងផ្ទៃក្នុងរបស់ DNC "។
DNC នឹងពិនិត្យរកមើលព្យសនកម្ម និងសេចក្ដីបង្គាប់ពីតុលាការដើម្បីរារាំងជនល្មើសកុំឱ្យចែកចាយព័ត៌មានដែលប្រមូលបានពីការលួចពីបណ្ដាញកុំព្យូទ័ររបស់ខ្លួន។ DNC ក៏បាស្នើសុំឱ្យតុលាការប្រកាសប្រតិវេទន៍ថា៖
យោងតាមភ័ស្ដុតាង ក្រុមចុងចោទ បានឃុបឃិតគ្នា ហើយបានចូលរួមក្នុងឧបាយកលរួមមួយ ដើម្បីធ្វើការហេកប្រព័ន្ធកុំព្យទ័រ និង/ឬអ៊ីម៉ែលផ្ទាល់ខ្លួនរបស់ភាគីដើមចោទដោយខុសច្បាប់ និងគ្មានការអនុញ្ញាត បានផ្សព្វផ្សាយព័ត៌មាន ដែលបានលួចនោះ ដល់សាធារណជន និងបានប្រើប្រាស់ព័ត៌មាន ដែលបានលួចនោះ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតឆ្នាំ ២០១៦ ដើម្បីផលចំណេញផ្ទាល់ខ្លួនរបស់ពួកគេ។
នៅដើមខែនេះ ការកាត់ទោសជាលើកដំបូង ត្រូវបានផ្ទេរទៅឱ្យក្រុមស៊ើបអង្កេតនៃក្រុមប្រឹក្សាស៊ើបអង្កេតពិសេសរបស់លោក Robert Mueller ចំពោះការបោះឆ្នោតឆ្នាំ ២០១៦ ។ កាលពីខែមុន លោក Paul Manafort ច្រានចោលចំពោះការចោទប្រកាន់របស់ក្រុមប្រឹក្សាស៊ើបអង្កេតពិសេសម្ដងរួចមកហើយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist