ព័ត៌មានអន្តរជាតិ ៖ ក្រុមភ្ញៀវទេសចរដែលទៅទស្សនាកំសាន្ត ក៏ដូចជា សម្រាកលំហែរនៅ
លើកោះសាមិត្ត (Koh Samet) ឈូងសមុទ្រ Phrao ប្រទេសថៃ បានធ្វើការភៀសខ្លួនចេញពី
ឆ្នេរសមុទ្រ នៃកោះមួយនេះ បន្ទាប់ពីទឹកសមុទ្រ ក៏ដូចជាឆ្នេរសមុទ្របានក្លាយទៅជាពណ៌
ខ្មៅ ក្រោយពីមានការធ្លាយប្រេងឆៅ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
អាជ្ញាធររបស់ប្រទេសនេះ បានអះអាងអោយដឹងថា ប្រេងឆៅប្រមាណជាង ៥,០០០ លីត្រ
ត្រូវបានសន្មត់ថា បានធ្លាយចេញនិងហូរចូលទៅក្នុងផ្ទៃទឹកសមុទ្រ បន្ទាប់ពីមានការធ្លាយ
ចេញពីបំពង់ប្រេង ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន PTT Global Chemical ( ក្រុមហ៊ុន
ផលិតវត្ថុធាតុគីមីសំយោគចេញពីប្រេង ធំបំផុតនៅក្នុងប្រទេសថៃ) ។
ជាការពិត ដោយមានសម្រស់ស្រស់ស្អាត និង មានទីតាំងនៅជិតក្រុងបាំងកក ប្រទេសថៃ
នោះ កោះសាមិត្ត បានក្លាយជាទីទាក់ទាញភ្ញៀវទេសចរអោយមកទស្សនាកំសាន្តរៀងរាល់
ចុងសប្តាហ៍ ដោយលោកអ្នកធ្វើដំណើរតាមរថយន្តប៊ើស ក៏ដូចជាទូកដោយចំណាយពេល
មិនដល់ ៤ ម៉ោងនោះទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ cnn