ប៉េកាំង៖ ពិតជាមិនគួរឲ្យជឿមែនថា បុរសជាឪពុកអាយុ៣០ឆ្នាំម្នាក់ គឺលោក Zhu Chunxiao បានសម្រេចចិត្តលក់ ផ្ទះដ៏ធំ និងទ្រព្យសម្បត្តិជាច្រើនទៀត ដើម្បីយកប្រាក់ធ្វើដំណើរកំសាន្តជុំវិញពិភពលោកជាមួយកូនស្រីដ៏តូចរបស់ខ្លួន ក្នុងបំណងឲ្យនាងបានស្គាល់ពីវប្បធម៌ និងស្វែងយល់ជីវិតនៃពិភពខាងក្រៅ ។
លោក Chunxiao បាននិយាយថា ប្រសិនបើគាត់មិនចំណាយពេលវេលាជាមួយកូនស្រីពីឥឡូវនេះទេ គាត់នឹងបាត់បង់ ឱកាសធ្វើបែបនេះ បន្ទាប់ពីកូនស្រីធំឡើង ហើយឪពុករូបនេះបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយប្រពន្ធ មុនពេលធ្វើរឿង នេះឡើង ។
លោក Chunxiao រស់នៅជាមួយប្រពន្ធ និងកូនស្រីដ៏តូចម្នាក់ ហើយប្តីប្រពន្ធមួយគូនេះបានសម្រេចចិត្តនាំកូនស្រីចាក ចេញពីទីក្រុងសៀងហៃ រយៈពេល៥ឆ្នាំ ដោយលក់អស់ទ្រព្យសម្បត្តិជាច្រើន ដើម្បីយកប្រាក់មកធ្វើដំណើរកំសាន្តជុំវិញ ពិភពលោក ក្នុងបំណងឲ្យកូនបានស្គាល់ពីរសជាតិម្ហូប ព្រមទាំងអាចយល់ដឹងពីប្រពៃណីវប្បធម៌នៅតាមបណ្តាប្រទេស ទាំងនោះទៀតផង ។
លោក Chunxiao និយាយថា មានមនុស្សជាច្រើនសួរគាត់ពីការសម្រេចចិត្តនេះ ដោយពួកគេថា កូនគាត់នៅក្មេង ណាស់មិនអាចចាំបានទេថា នាងធ្លាប់ទៅប្រទេសណាពេលដែលធំឡើង ប៉ុន្តែយ៉ាងណាក៏ឪពុករូបនេះនៅតែប្រកាន់ ជំហរនាំកូនស្រីដើរកំសាន្តដែរ ដោយមិនខ្វល់ថាគាត់ត្រូវលះបង់ផ្ទះ ឬក្រុមហ៊ុនដែលខំកសាងអស់រយៈពេល១០ឆ្នាំមកហើយ លក់យកប្រាក់ ដើម្បីបំពេញបំណងមួយនេះទេ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល