ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ តារាសម្ដែង និងជាតារាចម្រៀង កំពុងតែឡើងកូដក្រឺតៗ ដូចកាំជណ្ដើរ និងក្ដោបក្ដាប់ ប្រជាប្រិយភាព បានល្អ លោក កា បញ្ញាសិទ្ធ បានជះលុយជិតខ្ទង់ម៉ឺនដុល្លារ រៀបចំពិធី ខួបកំណើត ដ៏ធំមួយពុំធ្លាប់មាន ពីមុនមក ដើម្បីលើករាសី និងបង្កភាពសប្បាយរីករាយ ជាមួយមិត្តភក្តិជាអ្នកសិល្បៈ យ៉ាងច្រើនកុះករ នៅក្នុងភោជនីយដ្ឋាន ហេបភី ហ្វាមីលីប៊ីប៊ីឃ្យូ និងស៊ុបគីស៊ូ បន្ទាប់ពីតារាចម្រៀងរូបនេះ មានគម្រោង ចេញទៅសម្ដែង សហរដ្ឋអាមេរិក អំឡុងពាក់កណ្ដាលខែកញ្ញា ខាងមុខនេះ ។
តារាចម្រៀង បញ្ញាសិទ្ធ ទោះបីជាកំពុងជាប់រវល់ ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវ កិត្តិយស យ៉ាងណាក្ដី ក៏លោកបានឆ្លៀត ពេលប្រាប់ពីព័ត៌មានខ្លះៗ ឲ្យដឹង ក្នុងទឹកមុខសប្បាយរីករាយ ថា " ឆ្នាំនេះខ្ញុំ រៀបចំពិធីខួបកំណើត លក្ខណៈទ្រង់ទ្រាយធំគួរសម ខ្ញុំបានអញ្ជើញមិត្តភក្តិ ជាសិល្បករ-សិល្បការិនី និងអ្នកសិល្បៈចាស់ៗ ប្រមាណ ជាង៣០០នាក់ មកចូលរួម ។ ខ្ញុំមិនដែលធ្វើធំបែបនេះទេ ដូច្នេះពួកគាត់មកច្រើនមែនទែន ថ្ងៃនេះ ធ្វើឲ្យខ្ញុំរំភើបចិត្តយ៉ាងខ្លាំង..!" ។
យ៉ាងណាក្ដី តារាចម្រៀង និងជាពិធីករ សម្បូរសំនួនវោហាស័ព្ទ កា បញ្ញាសិទ្ធ បានបន្ថែមថា "ពិធីខួបកំណើតនេះ គឺពុំមានអ្នកក្រៅណា ជួយជ្រោមជ្រែង ឬឧបត្ថម្ភអ្វីទេ គឺមានតែ អ្នកមានគុណទាំងពីរ ដែលបានផ្គត់ផ្គង់ ទៅលើការចំណាយទាំងអស់ ។ បញ្ញាសិទ្ធ បានទាញហេតុផលថា ដោយសារតែលោកទាំងពីរ (ឪពុកម្ដាយ) យល់ថា លោកមានរាសីធ្លាក់ គឺមានការបាត់បង់ទ្រព្យសម្បត្តិខ្លះ ដូចជាបាត់ឡានមួយគ្រឿង កាលពីពេលកន្លងទៅ ទើបឪពុកម្ដាយ លោករៀបចំពិធីខួបកំណើរនេះឡើង ដើម្បីលើករាសីរបស់លោក ឲ្យកាន់តែខ្ពស់ជាងមុខ ។លើសពិនេះ ដើម្បីលើករាសី នៅពេលដែលមានគម្រោង ទៅសហរដ្ឋអាមេរិក នៅថ្ងៃខាងមុខនេះផងដែរ។
លោក តាន់ ដានីញ៉ែល ម្ចាស់ភោជនីយដ្ឋាន ហេបភីហ្វាមីលីប៊ីប៊ីឃ្យូ និងស៊ុបគីស៊ូ មានប្រសាសន៍ថា លោក បញ្ញាសិទ្ធ ជ្រើសរើស ភោជនីយដ្ឋាន ហេបភី ហ្វាមីលីប៊ីប៊ីឃ្យូ និង ស៊ុបគីស៊ូ សម្រាប់ពិធីខួបកំណើត ដោយសារតែលោកយល់ថា ភោជនីដ្ឋានមួយនេះ មានបម្រើម្ហូបជាច្រើនមុខ ដូចជា ឈុតប៊ូហ្វេ ម្ហូបខ្មែរ ចិន ថៃ ជប៉ុន ដែលមានចុងភៅចំណានៗ មានបទពិសោធន៍ជាច្រើនឆ្នាំ នៅតាមបណ្តាប្រទេស ចិន ថៃ ជប៉ុន ។ មិនត្រឹមតែប៉ុណ្ណោះ ភោជនីយដ្ឋាន ក៏មានបម្រើជូន សេវាកម្ម រៀបចំពិធីអាពាហ៍ពិពាហ៍ ខួបកំណើត និងជប់លៀងផ្សេងៗ ទៀតផង ៕