CamNews

ព័ត៌មានអន្តរជាតិ 

អ្នកបើកយន្តហោះ​ MH17 មុនពេល​ស្លាប់ផ្ញើសារ​ប្រាប់​ប្រពន្ធថា​ ខ្លួនជិត​ទៅដល់ផ្ទះ​ហើយ

ព័ត៌មានអន្តរជាតិ ៖ ភ្លាមៗមុនពេលហោះ ចេញពីទីក្រុង Amsterdam ប្រទេសហូឡង់ អ្នកបើកបរយន្តហោះម្នាក់ នៃជើងហោះហើរ MH17 របស់ម៉ាឡេស៊ី បានផ្ញើសារទៅកាន់ ប្រពន្ធរបស់គាត់ តាមរយៈប្រព័ន្ធ ទំនាក់ទំនង WhatsApp ថា ខ្លួននឹងទៅដល់ផ្ទះ ក្នុងពេលឆាប់ៗនេះ។

អ្នកបើកបរយន្តហោះនេះមាន ឈ្មោះ Wan Amran Wan Hussin អាយុ ៤៩ឆ្នាំ បានធ្វើការជាអ្នកបើកបរយន្តហោះ ឲ្យក្រុមហ៊ុន Malaysia Airlines អស់រយៈពេល ២៥ឆ្នាំមកហើយ ដោយមុនពេលស្លាប់នៅក្នុងគ្រោះថ្នាក់ យន្តហោះត្រូវបានគេបាញ់ទម្លាក់នេះ បានផ្ញើសារប្រាប់ប្រពន្ធឈ្មោះ Meriam Yusoff ថា គាត់នឹងទៅដល់ផ្ទះវិញ នៅពេលឆាប់ៗ មុនប៉ុន្មាននាទី នៅពេលដែលគាត់ ឡើងទៅលើយន្តហោះ Boeing 777 ។

Wan Amran Wan Hussin មានកូនប្រុសចំនួន ២នាក់ ម្នាក់ឈ្មោះ Yunus អាយុ ១០ឆ្នាំ និងម្នាក់ទៀតឈ្មោះ Irfan អាយុ ៨ឆ្នាំ នេះបើតាមសម្តីអ្នកស្រី Umi ដែលអ្នកមកអាកាសយាន្តដ្ឋាន Kuala Lumpur International Airport ជាមួយនឹងក្រុមគ្រួសារ អ្នកបើកបរយន្តហោះ ជាច្រើននាក់ទៀត បានប្រាប់ភ្នាក់ងារ ព័ត៌មានដូច្នេះ។

«ប្រពន្ធរបស់គាត់ហាក់ដូចជានៅមិនសុខទាល់តែសោះ ម្តងនៅក្រៅ ម្តងនៅខាងក្នុង» នេះបើតាមសម្តីអ្នកស្រី Umi។ គាត់បានបន្ថែមថា «កូនរបស់លោក Wan Amran Wan Hussin ម្នាក់អាយុ១០ បានដឹងរឿងឪពុកស្លាប់ហើយ ដោយគេមិនអីនោះទេ ប៉ុន្តែកូនអាយុ ៨ឆ្នាំ មិនទាន់បានដឹងនៅឡើយទេ»។

អ្នកបើកបរ Wan Amran Wan Hussin មុនពេលស្លាប់ បានរស់នៅជាមួយក្រុមគ្រួសារ នៅក្នុងទីក្រុង Shah Alam រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ជាស្វាមីដ៏ល្អម្នាក់ ដោយចេះទទួលខុសត្រូវគ្រប់បែបយ៉ាង លើក្រុមគ្រួសារ។ ស្ថិតនៅលើយន្តហោះ Boeing 777 ជើងហោះហើរ MH17 មានអ្នកបើកបរ យន្តហោះមានចំនួន ២នាក់ និងសហអ្នកបើកបរ យន្តហោះចំនួន ២នាក់ផងដែរ ដោយពួកគេទាំង ៤នាក់ សុទ្ធតែជនជាតិ ម៉ាឡេស៊ី។

សូមបញ្ជាក់ថា យន្តហោះ Boeing 777 ជើងហោះហើរ MH17 ត្រូវបានគេបាញ់ទម្លាក់ ដោយគ្រាប់មីស៊ីល កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា កន្លងទៅ នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ជាតំបន់ដែលត្រូវបាន គ្រប់គ្រងដោយពួក ឧទ្ទាមគាំទ្ររុស៊្សី មនុស្សចំនួន ២៩៨នាក់ជិះលើ យន្តហោះត្រូវស្លាប់ទាំងអស់៕

- អាន ៖ ក្រុមឧទ្ទាម ប្រចាំការ កន្លែងធ្លាក់យន្តហោះ MH17 ដាក់កំហិត ក្នុងការ ស៊ើបអង្កេត ពីក្រុម អ្នកសង្កេតការណ៍

- អាន ៖ Updated : MH17​ យន្តហោះ ម៉ាឡេស៊ី ផ្ទុះធ្លាក់ ឆេះយ៉ាងសន្ធោសន្ធៅ ទំនងមកពីការ បាញ់ទម្លាក់ ដោយម៉ីស៊ីល

- អាន ៖ ក្រុមហ៊ុនអាកាសចរណ៍ ល្បីៗលោក ឈប់ហោះហើរ លើដែនអាកាស អ៊ុយក្រែន ១ ខែ មុន MH17 ត្រូវបានបាញ់ទម្លាក់

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH17