CamNews

ព័ត៌មានអន្តរជាតិ 

ដំរីស្លាប់មិនអាចយកចង្អេរបាំង! ប្រធានាធិបតីហ្វីលីពីន អាចប្រឈមនឹងការកាត់ទោស នៅ ICC លើការរំលោភសិទ្ធិ

យោងតាមគេហទំព័រផ្លូវការរបស់លោកស្រី Bensouda បានឱ្យដឹងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសសេចក្ដីសម្រេចរបស់ខ្លួនដើម្បីបើកការត្រួតពិនិត្យបឋមចូលទៅក្នុងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តនៅក្នុងប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Rodrigo Duterte និងគណបក្សនយោបាយរបស់លោក ចាប់តាំងពីថ្ងៃទី ០១ ខែកក្កដាឆ្នាំ ២០១៦ ។

លោកស្រី Bensouda រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏បានសម្តែងនូវឆន្ទៈរបស់លោកស្រី ដើម្បីបើកការត្រួតពិនិត្យបឋម ចំពោះភាពចលាចល និងបាតុកម្មនយោបាយ នៅវ៉េណេស៊ុយអេឡាផងដែរ។ លោកស្រី Bensouda បានថ្លែងថា៖

ការត្រួតពិនិត្យបឋម លើស្ថានភាពនៅប្រទេសហ្វីលីពីន នឹងវិភាគទៅលើឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់នៅក្នុងរដ្ឋឯកបក្សនេះ ចាប់តាំងពីថ្ងៃទី ០១ ខែកក្កដាឆ្នាំ ២០១៦ នៅក្នុងបរិបទនៃយុទ្ធនាការ "ប្រយុទ្ធប្រឆាំងគ្រឿងញៀន" ដែលត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាលហ្វីលីពីន។ ជាពិសេស បណ្ដាអង្គការសិទ្ធិមនុស្ស ចោទប្រកាន់ថា ចាប់តាំងពី ០១ ខែកក្កដា ឆ្នាំ ២០១៦ មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ ក្រោមហេតុផល ដែលទាក់ទងទៅនឹងការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬការជួយដូរគ្រឿងញៀន ។

ខណៈពេលការសម្លាប់រង្គាលបែបនេះមួយចំនួន ត្រូវបានគេរាយការណ៍ថា កើតឡើងនៅក្នុងបរិបទនៃការប៉ះទង្គិចគ្នារវាងក្រុមក្មេងទំនើងនោះ  ក៏មានការចោទប្រកាន់ផងដែរថា ឧប្បត្តិហេតុភាគច្រើន ដែលបានរាយការណ៍ មានការជាប់ពាក់ព័ន្ធនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់ប៉ូលីស។  ក្រោមអនុសញ្ញាទីក្រុងរ៉ូម  យុត្តាធិការថ្នាក់ជាតិ មានភារកិច្ចចម្បង ក្នុងការស៊ើបអង្កេតនិងកាត់ទោសអ្នក ដែលទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មអន្តរជាតិ។ ខ្ញុំសូមសង្កត់ធ្ងន់ថា ការពិនិត្យបឋមមិនមែនជាការស៊ើបអង្កេតសុទ្ធសាតនោះទេ ប៉ុន្តែវាជាដំណើរការនៃការត្រួតពិនិត្យព័ត៌មានដើម្បីឈានដល់សេចក្តីសម្រេចពេញលេញមួយថាតើ គួរតែមានមូលដ្ឋានសមហេតុផលឬទេ ដើម្បីបន្តការស៊ើបអង្កេត ស្របតាមលក្ខណៈវិនិច្ឆ័យ ដែលបានបង្កើតឡើងដោយអនុសញ្ញាទីក្រុងរ៉ូម។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ មានយុត្តាធិការលើអំពើប្រល័យពូជសាសន៍ ឬបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ដែលប្រព្រឹត្តឡើងនៅក្នុងប្រទេសមួយ ឬដោយពលរដ្ឋរបស់ខ្លួន ប្រសិនបើឧក្រិដ្ឋកម្មបែបនោះ ត្រូវបានប្រព្រឹត្ត នៅក្នុងប្រទេស ចាប់តាំងប្រទេសនោះ ក្លាយជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងរ៉ូម។ ប្រទេសហ្វីលីពីន បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងរ៉ូម នៅថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០១១ ។

កាលពីខែតុលា អ្នកសរសេរអត្ថបទរបស់ JURIST លោក Guesto Perfecto Caparas បានពិភាក្សាពីមូលហេតុ ដែលប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte អាចប្រឈមមុខនឹងការកាត់ទោសក្រោមច្បាប់អន្ដរជាតិ ទោះបីជាលោក Duterte បានអះអាងពីអភ័យឯកសិទ្ធិរបស់លោកក៏ដោយ។ ទាំងហ្វីលីពីន និងលោក Duterte បានស្ថិតនៅក្រោមការឃ្លាំមើលរបស់អង្គការសិទិ្ធមនុស្ស ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ឬលើសពីនេះ ចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។

កាលពីខែវិច្ឆិកា អង្គការលើកលែងទោសអន្តរជាតិ (AI) បានចេញផ្សាយរបាយការណ៍មួយ ដែលរៀបរាប់ពីឧប្បត្តិហេតុនៃវិបត្តិមនុស្សធម៌ ដែលអាចសរុបបានជាឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងប្រទេសហ្វីលីពីន។ កាលពីដើមខែមីនា អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានចោទប្រកាន់ប៉ូលិស នៅក្នុងប្រទេសហ្វីលីពីនពីបទក្លែងបន្លំភ័ស្តុតាង ដើម្បីបង្ហាញពីភាពសមហេតុសមផលចំពោះការសម្លាប់ នៅក្នុងសង្គ្រាម គ្រឿងញៀនរបស់ប្រទេស។ យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្ស រដ្ឋាភិបាល មិនបានចោទប្រកាន់មន្ត្រីប៉ូលីសសូម្បីតែម្នាក់ ពីបទសម្លាប់រង្គាលទាំងនោះទេ ៕  

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news