CamNews

ម៉ូដែល 

ចឹង​សោះ​ បាន​ជា​ថៅកែ​ត្រូវ​ ដេគ័រ​កន្លែង​ធ្វើ​ការ ដើម្បី​ឲ្យ...

អស្ចារ្យ ៖ ការ​រៀប​ចំដេគ័រ​កន្លែង​ធ្វើ​ការ​ មាន​ឥទ្ធិពល​យ៉ាង​ធំធេង ​លើ​ជំនួញ​របស់​អ្នក និង​បុគ្គលិក​ធ្វើ​ការ​ឲ្យ​អ្នក។ ការ​ធ្វើ​ឲ្យ​កន្លែង​ធ្វើ​ការ មាន​ភាព​ទាន់​សម័យ ​ទាក់ទាញ នឹង​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ការ​បំពេញ​ការងារ ជាពិសេស​វា​ក៏​ធ្វើ​ឲ្យ​​​ដៃ​គូ​សហការណ៍​របស់​អ្នក មាន​ទំនុក​ចិត្ត​លើ​ជំនួញ​របស់​អ្នកផង​ដែរ។​​ ខាង​ក្រោម​នេះ គឺ​ជា​ហេតុ​ផល​សំខាន់ៗ​ប្រាំ​យ៉ាង​ ដែល​អ្នក​គួរ​រៀប​ចំ​ដេគ័រ​កន្លែង​ធ្វើ​ការ។

១. គ្រប់​យ៉ាង​មាន​របៀប​រៀប​រយ

ជំហាន​ទី​មួយ អ្នក​គួ​រ​តែ​ចំណាយ​លើ​ ថត​តុ ឬ​ទូតាំង​សម្រាប់​ទុក​ឯកសារ ដើម្បី​ជៀស​វាង​ពី​ភាព​រញ៉េរញ៉ៃ និង​បាត់បង់​ឯកសារ​សំខាន់ៗ។ នៅ​ពេល​ដែល​អ្នក​មាន​កន្លែងទុក​ដាក់​​ ​សម្គាល់​ឯក​សារ​ត្រឹម​ត្រូវ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ចំណេញ​ពេល​វេលា ងាយ​ស្រួលក្នុង​ការ​ស្វែង​រក​ឯក​សារ​ដែល​អ្នក​ចង់​បាន។ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​បុគ្គលិក​របស់​អ្នក​មាន​សណ្តាប់​ធ្នាប់​ និង​មិនសូវ​ស្ត្រេស​ចំពោះ​ការងារ។



២. ភាព​សកម្ម​នៅ​ក្នុង​កន្លែង​ធ្វើ​ការ

ជំហានទី​ពីរ អ្នក​គួរ​តែ​គិត​ពី​កន្លែង​សម្រាក​សម្រាប់​បុគ្គលិក។ អ្នក​គួរ​តែ​មាន​បន្ទប់ ឬ​ផ្នែក​ណាមួយ​នៃ​កន្លែង​ធ្វើ​ការ ដែល​អាច​ធ្វើ​ឲ្យ​បុគ្គលិក​មាន​ពេល​សម្រាក​ “break room” ។ ការ​ធ្វើ​បែបនេះ អាច​ធ្វើ​ឲ្យ​បុគ្គលិក​រឹត​តែ​មាន​ភាព​សកម្ម​ក្នុង​ការងារ ព្រោះ​ក្រោយ​ពេល​ដែល​ពួក​គេ​អាច​សម្រាក​ខួរ​ក្បាល​បាន​មួយ​ស្របក់ ពួក​គេ​នឹង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជាង​មុន។



៣. លទ្ធផល​ការងារ​កាន់​តែ​ប្រសើ​រ

ជំហានទី​បី អ្នក​គួ​រ​តែ​មាន​ដើម​រុក្ខជាតិ​បៃតងៗ ក្នុង​បន្ទប់​ធ្វើ​ការ។ ការ​តាំង​នូវ​រុក្ខជាតិ​បែប​នេះ មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព​របស់​បុគ្គលិក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ធ្វើ​ឲ្យបុគ្គលិក​អាច​សម្រេច​លទ្ធផល​ការងារ​ល្អ​ជា​ង​មុន ដោយ​ពួក​គេ​អាច​​ផ្តោត​អារម្មណ៍បាន​ល្អ និង​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ។



៤. ភាព​ច្នៃប្រឌិត

ជំហានទី​បួន អ្នក​គួរ​តែ​លើក​ទឹក​ចិត្ត​បុគ្គលិក​របស់អ្នក ឲ្យ​រៀបចំ​តុ​ការងារ​របស់​ពួក​គេ ទៅ​តាម​អ្វី​ដែល​ពួក​គេ​ចង់​បាន។ ការ​អនុញាតិ្ត​ឲ្យ​ពួក​គេ​រៀប​ចំ​តុ ដោយ​ខ្លួន​ឯង នោះ​អ្នក​អាច​សង្កេត​មើល​ពី​អត្ថចរិក​របស់​បុគ្គលិក​នីមួយៗ ភាព​ច្នៃ​ប្រឌិត និង​អារម្មណ៍​នៃ​ការ​ធ្វើ​ការរបស់​ពួក​គេ។ ​



៥. ចក្ខុវិស័យ​វែង​ឆ្ងាយ​

ជំហាន​ទី​ប្រាំ អ្នក​ត្រូវ​តែ​រៀប​ចំ Dream Board មួយ​សម្រាប់​ក្រុមហ៊ុន ដែល​បញ្ជាក់​ពី​ចក្ខុវិស័យ​ និង​បេសកកម្ម​វែង​ឆ្ងាយ​របស់​ក្រុមហ៊ុន។ ហេតុ​នេះ​រាល់​ពេល​ដែល​បុគ្គលិក​អ្នក​កំពុង​ធ្វើ​ការ ពួក​គេ​នឹង​ឃើញ​ពី​គោលដៅ​ដែល​ក្រុមហ៊ុន​ចង់​ទៅ​ឲ្យ​ដល់។ លើ​ស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​អនុញ្ញាតិ្ត​ឲ្យ​បុគ្គលិក សរសេរ​នូវ​គោល​ដៅ ដែលពួក​គេ​​ប្រាថ្នា។ ការ​ធ្វើ​បែប​ជា វា​នឹង​ជួយ​បំផុស​គំនិត ឲ្យ​បុគ្គលិកនីមួយៗ ខិត​ខំ​ធ្វើ​ការ​ដើម្បី​អនាគត​របស់​ពួក​គេ៕​




ប្រែសម្រួល ៖ High

ប្រភព ៖ huffingtonpost


Tags: Full House Decoration