CamNews

ព័ត៌មានអន្តរជាតិ 

សាកលវិទ្យាល័យ Oxford អស់មនោសញ្ចេតនានឹងអ្នកស្រីស៊ូជី ដករហូតយកពានកិត្ដិយសវិញដោយសារតែ.....

អន្តរជាតិ ៖ លោកស្រី អ៊ុងសាន ស៊ូជីត្រូវបានសាកលវិទ្យាល័យ Oxford  ដកហូតពានរង្វាន់ Freedom of Oxford  របស់លោកស្រីវិញ ដោយសារតែការឆ្លើយតបរបស់លោកស្រី ចំពោះវិបត្តិរូហ៊ីងយ៉ា។

មេដឹកនាំតាមព្រឹត្ដន័យរបស់ភូមា ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Oxford ត្រូវបានប្រគល់ជូនពានកិត្តិយស ក្នុងឆ្នាំ ១៩៩៧ សម្រាប់ "ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ"របស់ខ្លួន។

ប៉ុន្តែក្រុមប្រឹក្សាក្រុង Oxford បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីគាំទ្រញត្ដិមួយ ដែលមានខ្លឹមសារថា វាមិនស័ក្ដិសមតទៅទៀតឡើយ ក្នុងការសាទរលោកស្រី អ៊ុងសាន ស៊ូជី ដែលបានរងនូវការរិះគន់យ៉ាងដំណុំ ចំពោះភាពអសកម្មប្រឆាំងនឹងក្រុមមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីនរបស់ភូមាកន្លងមកនេះ។

ពលរដ្ឋប្រមាណជាង ៥០០.០០០ នាក់បានភៀសខ្លួនឆ្លងកាត់ព្រំដែន ទៅកាន់ប្រទេសបង់ក្លាដេស ចាប់តាំងពីចុងខែសីហា។ សមាជិកក្រុមប្រឹក្សាមូលដ្ឋាន និងជាសមាជិកនៃគណបក្សពលករ គឺលោកស្រី ម៉ារីក្លាកសុន បាននិយាយ នៅក្នុងសុន្ទរកថាមួយ ដោយស្នើឡើងនូវញត្ដិមួយថា៖ "កេរ្តិ៍ឈ្មោះរបស់សាកលវិទ្យាល័យ Oxford ត្រូវបានបំផ្លាញ ដោយសារតែខ្លួន បានផ្ដល់កិត្ដិយសដល់មនុស្ស ដែលធ្វើខ្វាក់ភ្នែកចំពោះអំពើហិង្សា ដែលកំពុងកើតឡើង"។


លោកស្រី Ms Clarkson និយាយថា  ខណៈដែលអង្គការសហប្រជាជាតិ ហៅស្ថានភាពនេះថា ជា "ចំណារចារវត្ដរ៍នៃការសម្អាតជនជាតិដើមភាគតិច" នោះ លោកស្រី អ៊ុងសាន ស៊ូជី បានបដិសេធការបោសសម្អាតជនជាតិដើមភាគតិច ហើយបានច្រានចោលការអះអាងជាច្រើននៃអំពើហិង្សាផ្លូវភេទប្រឆាំងនឹងស្ត្រីរ៉ូហ៊ីងយ៉ាថា ជា "ការរំលោភបែបបំភ្លៃ"។

នៅក្នុងសុន្ទរកថាមួយ នៅចុងខែកញ្ញា ដែលជាសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោកស្រី លើប្រធានបទនេះ ចាប់តាំងពីការចាកចេញរបស់ជនភៀសខ្លួន បានចាប់ផ្តើមនោះ លោកស្រី អ៊ុងសាន ស៊ូជី បានថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្សគ្រប់រូបភាព ហើយបានសន្យាថា លោកស្រី នឹងដាក់ទណ្ឌកម្មជនល្មើសទាំងឡាយ ដែលបានប្រព្រឹត្ដរំលោភបំពាននោះ។

ប៉ុន្តែលោកស្រី ពុំបានបកស្រាយរឿងការចោទប្រកាន់ពីការបោសសម្អាតជនជាតិដើមភាគតិច ហើយមិនបានរិះគន់ ចំពោះទង្វើរបស់កងទ័ពនោះឡើយ។ សុន្ទរកថារបស់លោកស្រី ត្រូវបាននាយកអង្គការលើកលែងទោសអន្តរជាតិប្រចាំតំបន់លោក James Gomez ចាត់ទុកថា "វាមានកម្រិតតិចជាងភាពគ្មានសច្ចភាពរបស់លោកស្រី និងការស្ដីបន្ទោសរបស់ជនរងគ្រោះ" ។

ពានរង្វាន់ Freedom of the City ស្រដៀងគ្នានេះ ក៏កំពុងត្រូវបានពិចារណាដកហូតយកវិញ ដោយក្រុមប្រឹក្សា Sheffield city នៅភាគខាងជើងប្រទេសអង់គ្លេសផងដែរ បន្ទាប់ពីអ្នកស្រុកបានដាក់ញត្តិមួយស្នើឱ្យដកហូត កាលពីខែមុន។

ក្រុមសេវាប្រជាធិបតេយ្យរបស់ក្រុមប្រឹក្សា ដែលគ្រប់គ្រងការដាក់ញត្តិនេះ បានប្រាប់រ៉យទ័រថា ពានរង្វាន់នេះ នឹងត្រូវពិនិត្យឡើងវិញ ដោយក្រុមប្រឹក្សានៅខែនេះ ។

អតីតមហាវិទ្យាល័យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានដករូបរបស់លោកស្រីចេញពីការដាក់តាំងបង្ហាញជាសាធារណៈ កាលពីសប្ដាហ៍មុន។ ទន្ទឹមនឹងនេះដែរ សហជីព Unison ដែលជាសហជីពធំបំផុតទី ២ របស់អង់គ្លេស បានប្រកាសកាលពីខែមុនថា ខ្លួននឹងផ្អាកសមាជិកភាពកិត្តិយសរបស់លោកស្រី។

ពលរដ្ឋប្រមាណជាង ៤០០.០០០ នាក់បានអំពាវនាវឱ្យវិទ្យាស្ថានណូបែល  ដកហូតពានរង្វាន់ណូបែលសន្តិភាពរបស់លោកស្រី ស៊ូជី ប៉ុន្តែខាងវិទ្យាស្ថាន បាននិយាយថា វាមិនអាចទៅរួចនោះទេ ក្នុងការលុបបំបាត់ពានរង្វាន់មួយ នៅពេលដែលពាននោះ ត្រូវបានប្រគល់ជូនឱ្យបុគ្គលណាម្នាក់ហើយនោះ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Independent


Tags: International news