CamNews

ព័ត៌មានអន្តរជាតិ 

អ្នកស្រាវជ្រាវ "បុគ្គលិកធ្វើការពេញម៉ោង ៨ម៉ោង ហាត់ប្រាណខ្លះទៅ បើមិនចង់ស្លាប់មុនអត់លិឍ"

ព័ត៌មានអន្តរជាតិ ៖ បុគ្គលិកការិយាល័យដែលអង្គុយធ្វើការពេញម៉ោង រហូតដល់ទៅ ៨ម៉ោងក្នុងមួយ ថ្ងៃនោះត្រូវធានាឲ្យបានថា មានការហាត់ប្រាណ ដូចជា ការជិះកង់ ដើរ ឬ រត់ ឲ្យបានតិចបំផុត១ម៉ោង ក្នុងមួយថ្ងៃ ប្រសិនបើពួកគេមិនចង់ប្រឈមមុខនឹងហានិភ័យស្លាប់មុនអាយុនោះទេ ។ 



របកគំហើញនៃការសិក្សាស្រាវជ្រាវលើនេះ ត្រូវបានបោះពុម្ពផ្សាយនៅលើ The Lancet journal ដែល អ្នកសិក្សាស្រាវជ្រាវ គូសបញ្ជាក់ឲ្យដឹងថាដំណោះស្រាយតិចតួចត្រូវបានអនុវត្តចំពេលដែលប្រជាជន មានកង្វះខាតច្រើនពាក់ព័ន្ធនឹងការធ្វើលំហាត់ប្រាណ ។ គួរបញ្ជាក់ថា កង្វះខាត ក្នុងការធ្វើលំហាត់ ប្រាណនាំមកនូវហានិភ័យខ្ពស់ ក្នុងការកើតជម្ងឺមួយចំនួន រួមមានដូចជា ជម្ងឺគាំងបេះដូង ជម្ងឺទឹកនោម ផ្អែម និងជម្ងឺមហារីក ដែលតួរលេខបញ្ជាក់បានថា ប្រជាជនច្រើនជាង ៥លាននាក់ក្នុង១ឆ្នាំ បានស្លាប់ បាត់បង់ជីវិត ។ 

សាស្រ្តាចារ្យដែលដឹកនាំការស្រាវជ្រាវខាងលើ  ពីសាកលវិទ្យាល័យ Ulf Ekelund of Cambridge University and the Norwegian School of Sports Sciences គូសបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍ របស់ខ្លួនឲ្យដឹងថា មានការព្រួយបារម្ភជាខ្លាំង ទៅលើហានិភ័យសុខភាព នាពេលសព្វថ្ងៃនេះ​ ខណៈ ពេលដែលបែបផែននៃការរស់នៅ កាន់តែវិវត្តន៍។ 



គួរបញ្ជាក់ថា ក្រុមអ្នកសិក្សាស្រាវជ្រាវ បានធ្វើការវិភាគទៅលើទិន្នន័យច្រើនជាង ១លាននាក់ ពីការ សិក្សាស្រាវជ្រាវ១៦ផ្សេងគ្នា ដោយនៅក្នុងនោះក្រុមសិក្សាស្រាវជ្រាវបានយកចិត្តទុកដាក់ជាពិសេស ទៅលើប្រធានបទ ថាតើការធ្វើលំហាត់ប្រាណ គួរតែមានតម្រូវការជាចាំបាច់យ៉ាងណានោះ ក្នុងការ ប្រយុទ្ធប្រឆាំងទៅនឹងហានិភ័យសុខភាព ស្លាប់មុនអាយុ ចំពោះក្រុមមនុស្សដែលធ្វើការពេញ រយៈ ពេល៨ម៉ោងក្នុងមួយថ្ងៃ។ 



ជាការពិត ដែលមិនអាចប្រកែកបាន ក្រុមសិក្សាស្រាវជ្រាវរកឲ្យឃើញថា បើប្រៀបធៀបមនុស្ស​ ២ ក្រុមដែលធ្វើការពេញ ៨ម៉ោងដូចគ្នា តែមួយក្រុម បានធ្វើលំហាត់ប្រាណ និងមួយក្រុមទៀត មិនបាន ធ្វើលំហាត់ប្រាណនោះ ក្រុមដែលធ្វើលំហាត់ប្រាណ មានអាយុវែងជាងក្រុមដែលពុំបានធ្វើលំហាត់ ប្រាណដែលក្រុមនេះផ្ទាល់ ប្រឈមខ្លាំងនឹងការស្លាប់មុនអាយុ ។ 



គួររំឮកថា ការធ្វើលំហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ១ម៉ោងក្នុងមួយថ្ងៃ​ ពីក្រុមអ្នកសិក្សាស្រាវ ជ្រាវ ពិតជាមានសារៈសំខាន់ខ្លាំងជាង បើធៀបទៅនឹងសេចក្តីណែនាំពីអង្គការសុខភាពពិភពលោក WHO ដែលធ្លាប់គូសបញ្ជាក់ឲ្យដឹងថា យុវវ័យគួរតែធ្វើលំហាត់ប្រាណ ហោចណាស់ ឲ្យបាន ១៥០ នាទីក្នុងមួយសប្តាហ៍៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖​ អ័រតេ 


Tags: Int news Hot news Turkey ISIS