ភ្នំពេញ៖ បន្ទាប់ពីក្រុមអត្តពលិកកម្ពុជាចំនួន៧ ប្រភេទកីឡាបានធ្វើដំណើរ ទៅដល់ប្រទេស កូរ៉េខាងត្បូង ដើម្បីចូលរួមប្រកួតកីឡា Asian Games លើកទី១៧នៅទីក្រុង Incheon នោះនៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះ កីឡាការិនី ហែលទឹករបស់កម្ពុជា ហែម ថុនវិទិនី បានសរសេរជាសារ មួយនៅលើ Account Facebook របស់ខ្លួនដើម្បីព្រមាន អ្នករិះគន់ក្រុមកីឡាករកម្ពុជា ដែលត្រៀមធ្វើការប្រកួត ក្នុងព្រឹត្តិការណ៍ ប្រចាំទ្វីបអាស៊ីនេះ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត កីឡាជើងឯកអាស៊ី Asian Games លើកទី១៧នឹងបើកការ ប្រកួតផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ ក្នុងឱកាសនោះលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) រួមទាំងប្រតិភូ និងអត្ដពលិកកម្ពុជា ក៏ត្រៀមចូលរួមផងដែរ ។
ប៉ុន្ដែនៅមុនការប្រកួតចាប់ផ្ដើម ទំនងជាមានការរិះគន់ ពីសំណាក់មហាជន ចំពោះដំណើរឆ្ពោះទៅចូលរួមព្រឹត្តិការណ៍ ខាងលើដល់អត្តពលិកកម្ពុជា ដែលកំពុងស្នាក់នៅ និងហ្វឹកហាត់នៅក្នុងភូមិ កីឡាសាធារណរដ្ឋ កូរ៉េត្រៀមប្រកួត ប្រជែង ដណ្ដើមជ័យលាភី ជូនប្រជាជាតិខ្លួននោះ ហែមថុន វិទិនី ក៏បានសម្ដែង ប្រតិកម្មនៅលើ Facebook ផ្ទាល់ខ្លួន ដោយ កីឡាការិនីរូបស្រស់ម្នាក់នេះ មិនពេញចិត្តនឹងការ រិះគន់នោះឡើយ ។
ហែមថុន វិទិនី បានសរសេរថា “មានមនុស្សមួយចំនួន មកថាក្រុមកីឡាកម្ពុជា ទៅដឹងតែចាញ់ហើយ បញ្ចូនទៅធ្វើអី ខ្ញុំ ពិតជាចង់ដឹងណាស់ ឲ្យអ្នកដែរថាឲ្យគេនឹង មកសាកខ្លួនឯង ទៅបានដឹងថា វាពិបាកប៉ុណ្ណា? គេនឹងអត់ចង់ឈ្នះទេហី គេនឹងអត់ចង់ល្អទេហី គ្រាន់បើហើយដែរ ប្រទេសយើងបានមកចូលរួម បានយកទង់ជាតិមកដោត លើវេទិកាឲ្យគេដឹង ឲ្យគេស្កាល់ ចុះបើអត់បានចូលរួមវាម៉េចវិញ? គួរគិតពិចារណា ផងមុននឹងថាឲ្យគេ ពួកខ្ញុំសុទ្ធតែចង់ឈ្នះចង់បាន មេដាយយកទៅវិញ តែវាពិតជាពិបាកណាស់ មិនមែនស្រួលដូចការនិយាយទេ មើលតែប្រទេស ជិតខាងយើងមាន ថៃ វៀតណាម កីឡាករគេមកចូលរួម ៤០០ទៅ៥០០នាក់ ហើយកីឡាករយើងមានតែជិត៣០នាក់ទេ តែពួកខ្ញុំសប្បាយនឹង ធ្វើការងារនេះ ទោះបីប្រតិភូចូលរួមប្រកួត មានគ្នាតិចក៏ដោយ” ។
ក្រោយសរសេរផ្ញើសារបែបលក្ខណៈ ព្រមានរបស់កីឡាការិនី ដែលគេដឹងថាមានទំនាក់ទំនង ស្នេហាជាមួយកីឡាករបាល់ ទាត់អាជីព នឹងជាកីឡាករជម្រើសជាតិ គឺកីឡាករ ចាន់ វឌ្ឍនាកានោះ ក៏ទទួលបានការ Comment គាំទ្រយ៉ាងច្រើន ផងដែរ ដើម្បីលើកទឹកចិត្តដល់ អត្តពលិកកម្ពុជា ដោយជំរុញឲ្យពួកគេខិតខំ ប្រកួតដើម្បីកិត្តិយសជាតិ និងខ្លួនឯងផងដែរ ៕