ព័ត៌មានអន្តរជាតិ ៖ ក្រុមមន្រ្តីសន្តិសុខ ប្រចាំអាកាសយានដ្ឋាន ដែលមមាញឹក ខ្លាំងបំផុត ប្រចាំក្រុង Karachi សាជាថ្មីម្តងទៀត បានរងនូវការវាយប្រហារ ពី សំណាក់ក្រុមឧទ្ទាម ពោល មួយថ្ងៃបន្ទាប់ ក្រោយពីមានការវាយប្រហារ ទៅលើអាកាសយានដ្ឋានខាងលើ ជាលើកដំបូង ។
យោងតាមសម្តីមន្រ្តីប៉ូលីសអោយដឹងថា ក្រុមសកម្មប្រយុទ្ធ ដែលជាក្រុមឧទ្ទាម ដៃប្រដាប់ដោយអា វុធនោះ បានជិះម៉ូតូ មកកន្លែងវាយប្រហារ រួចធ្វើការបាញ់បោះ ទៅលើជុំរុំហ្វឹកហ្វើនរបស់មន្រ្តីប៉ូលីស មានទីតាំងនៅក្បែរ អាកាសយានដ្ឋាន មុននឹងធ្វើការរត់ ភៀសខ្លួន ស្របពេលដែលវិនាទីនៃការវាយ ប្រហារ សាជាថ្មី ជាលើកទី ២ នេះ ត្រូវបានបាញ់បក ត្រលប់ទៅវិញ ពីសំណាក់ មន្រ្តីប៉ូលីស ក៏ដូចជាកងកម្លាំងយោធា ។
រយៈពេលប៉ុន្មានក្រោយ អាកាសយានដ្ឋាន បានបើកដំណើរការ វិញ ជាធម្មតា ខណៈ ក្រុមឧទ្ទាម តា លីបង់ប្រទេស ប៉ាគីស្ថាន បានចេញមុខមកអះអាង ថាការវាយប្រហារ ទាំងពីរលើកនេះ គឺពូកគេជា អ្នកនៅពីក្រោយ ។ គួររំឭកថា កាលពីថ្ងៃអាទិត្យ កន្លងទៅ ករណីវាយប្រហារលើកទី ១នៅឯអាកាស យានដ្ឋានអន្តរជាតិ បានបណ្តាលអោយមនុស្ស យ៉ាង ហោច ណាស់ ៣៨ នាក់ ស្លាប់បាត់បង់ជីវិត ស្របពេលដែលច្រើននាក់ផ្សេងទៀត រងរបួស ។
លោក Shahidullah Shahid អ្នកនាំពាក្យ អោយក្រុមឧទ្ទាម Tehrik-e-Taliban Pakistan (TTP) បាន ប្រាប់ដល់ភ្នាក់ងារ សារព័ត៌មាន អោយដឹងថា ពួកគេបានវាយប្រហារ ទៅលើអាកាសយានដ្ឋានអន្តរ ជាតិប្រចាំក្រុងមួយនេះ ដើម្បីជាការសងសឹក ក្នុងការសម្លាប់មេដឹកនាំរបស់ ពួកគេ ឈ្មោះ Hakee - mullah Mehsud កាលពីខែ វិច្ឆិកា ចុងឆ្នាំកន្លងទៅ ក្នុងប្រតិបត្តិការ វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើក របស់សហរដ្ឋអាមេរិក ។ បន្ថែមពីលើនេះ អ្នកនាំពាក្យ ដដែល បញ្ជាក់បន្តអោយដឹងថា នេះគឺជាប្រតិកម្ម ប្រឆាំងទៅនឹង ប្រតិបត្តិការ មិនផ្សាយអោយដឹងមុន ពីសំណាក់ កងទ័ពប៉ាគីស្ថាន ហើយពួកយើង នឹងបន្តធ្វើការវាយប្រហារ នាពេលអនាគត បន្តទៀត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី